បញ្ញាសជាតក
គោលបំណង[កែប្រែ]
រឿងនិទានទាំងឡាយនៅក្នុងបញ្ញាសជាតក ក៏ដូចជារឿងនិទាននៅក្នុងទសជាតក និង រឿងនិទាននៅក្នុងជាតកផ្សេងៗទៀតដែរ អ្នកនិពន្ធបានប្រើសិល្ប៍វិធីផ្សេងៗដើម្បីបញ្ជ្រាបក្រមសីលធម៌ផ្សេងៗទៅដល់ស្រទាប់មហាជន ។ គោលបំណងរបស់ពួកគេគឺធ្វើឲ្យមនុស្សមានបញ្ញា ចេះប្រើគតិបណ្ឌិតដើម្បីរស់នៅចុះសម្រុងគ្នា ចេះស្រឡាញ់គ្នា លុបបំបាត់ការរើសអើងនិងអយុត្តិធម៌ក្នុងសង្គម និង ចេះជួយគ្នាក្នុងគ្រាអាសន្ន ដោយចែករំលែកអាហារ ឬ ទ្រព្យសម្បត្តិជាមួយមនុស្សក្រខ្សត់ ។ អ្នកនិពន្ធរឿងទាំងអស់ក្នុងជាតក រួមទាំងបញ្ញាសជាតកផងដែរ មានភាពប៉ិនប្រសប់ខ្ពស់ក្នុងការរៀបចំគំនិតល្អសម្រាប់ឲ្យអ្នកស្តាប់ អ្នកអាន ងាយទទួលយក និង បន្តផ្សព្វផ្សាយគំនិតទាំងនោះទៅជំនាន់ក្រោយ ។ សម្បកវេចខ្ចប់ដែលអ្នកនិពន្ធសម័យបុរាណប្រើដើម្បីបញ្ជូនគំនិតខាងក្រមសីលធម៌ទៅដល់មហាជន គឺពាក្យថា "ពោធិសត្វ" ។
ពាក្យថា "ពោធិសត្វ" នេះមានអត្ថន័យយ៉ាងស៊ីជម្រៅនៅក្នុងទស្សនវិជ្ជានៃពុទ្ធសាសនាមហាយាននៅនេប៉ាល់ ទីបេ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ ម៉ុងហ្គោល និងវៀតណាម ។ ពុទ្ធបរិស័ទនិកាយមហាយាន ជាពិសេសអ្នកបួស មានជំនឿថា មនុស្សម្នាក់ៗអាចសម្រេចភាពជាព្រះពុទ្ធ (ពុទ្ធភាព) សម្រាប់ខ្លួនគេបានយ៉ាងងាយ ។ ក៏ប៉ុន្តែ ការសម្រេចភាពជាពោធិសត្វ ដើម្បីជួយស្រោចស្រង់គ្រប់សត្វឲ្យទៅដល់ស្ថានសុខាវតី ដែលជាទីសុខដ៏អស្ចារ្យតាមសេចក្តីជំនឿរបស់ពុទ្ធសានិកជននិកាយមហាយាននោះ គឺជារឿងដ៏លំបាកដែលពួកគេខិតខំព្យាយាមធ្វើមិនឈប់ឈរ ។ អ្នកបួសត្រូវស្បថថា នឹងមិនចូលទៅស្ថានសុខាវតីចោលមនុស្សសត្វទេ ។ ពួកគេត្រូវបន្តកើតនៅលើផែនដីដើម្បីជួយស្រង់មនុស្សសត្វទាំងនោះទៅឲ្យអស់សិន រួចសឹមខ្លួនគេនឹងចូលទៅតាមក្រោយ ។
ចំណែកទស្សនវិជ្ជាពុទ្ធសាសនានិកាយថេរវាទវិញ ពាក្យ "ពោធិសត្វ" មានអត្ថន័យត្រឹមតែ ជាតួអង្គសត្វ ឬ មនុស្សដែលព្រះសមណគោតម (ព្រះពុទ្ធ) ធ្លាប់យោនយកកំណើតដើម្បីកសាងបំពេញបារមី (លក្ខណៈសម្បត្តិល្អឥតខ្ចោះ) ដើម្បីត្រៀមខ្លួនមកដល់ជាតិកំណើតដែលព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធ ។ ឧទាហរណ៍ នៅក្នុងជាតិជាព្រះបាទវេស្សន្តរ ព្រះអង្គត្រូវចំណាយទ្រព្យនគរ ទ្រព្យខ្លួនឯង ភរិយានិងកូនទាំងពីរ ដើម្បីបំពេញទានបារមី ។ គោលគំនិតនៅក្នុងរឿងព្រះវេស្សន្តរបាននាំមកទាំងមតិរិះគន់ និង មតិស្ងើចសរសើរ ។ មនុស្សជាច្រើនបានរិះគន់សកម្មភាពរបស់ព្រះវេស្សន្តរ ឬ ការធ្វើទានរហូតអស់ពីខ្លួន ថាជាគំនិតឆ្គួតលីលា ព្រោះថាគ្មានមនុស្សមានសតិល្អណាម្នាក់ធ្វើរឿងឆ្កួតៗបែបនោះទេ ។ លើសពីនោះទៀត គំនិតលះបង់ទ្រព្យខ្លួន និង ទ្រព្យនគរ គឺជាគោលនយោបាយបំផ្លាញជាតិ បំផ្លាញរាស្ត្រ ដែលគ្មានមេដឹកនាំល្អណាម្នាក់នឹងធ្វើតាមឡើយ ។ ចំណែកការលះបង់ប្រពន្ធនិងកូនឲ្យទៅមនុស្សដទៃយកទៅធ្វើជាទាសករ គឺពិតជាអំពើដ៏គម្រក់មួយដែលគ្មានឪពុកម្តាយណានឹងធ្វើតាមទេ ។ យ៉ាងណាក៏ដោយ អ្នកនិពន្ធរឿងព្រះវេស្សន្តរក៏បានទទួលការកោតសរសើរពីមហាជនច្រើនជំនាន់រហូតមកដល់សព្វថ្ងៃដែរ ព្រោះថាបើគំនិតនោះជាគំនិតអាក្រក់ គ្មានប្រយោជន៍បន្តិចសោះ វាច្បាស់ជាគ្មាននរណានឹងបន្តកាន់តាម និង ផ្សព្វផ្សាយគំនិតនោះបន្តទៀតដែរ ។ អ្នកពោលសរសើរជួយអះអាងការពារថា នៅក្នុងសង្គមឥណ្ឌាសម្បូរពោរពេញទៅដោយមនុស្សកំណាញ់ស្វិត គ្មានគិតដល់មនុស្សក្រីក្រ មនុស្សវណ្ណៈទាបថោក (សូទ្រ និង ចណ្ឌាល) ទេ ។ ពួកវណ្ណៈព្រាហ្ម វណ្ណៈក្សត្រ និង វណ្ណៈវេស្ស (ឈ្មួញ) គិតតែនាំគ្នាជិះជាន់ កេងប្រវ័ញ្ចមនុស្សនៅក្នុងវណ្ណៈសូទ្រ និង ចណ្ឌាល ។ ពួកមនុស្សក្នុងវណ្ណៈខាងលើទាំងនោះពោលអាងទៅលើគម្ពីរវេទ និង គម្ពីរមនុ ថាពួកគេជាមនុស្សប្រសើរ ជាម្ចាស់ ជាអ្នកវិនិច្ឆ័យសេចក្តីក្នុងគ្រប់រឿងរ៉ាវ ។ នៅក្នុងគ្រួសារ ឪពុកជាម្ចាស់លើប្រពន្ធ និង កូនៗ ។ ទោះគាត់ចង់យកប្រពន្ធនិងកូនធ្វើទានទៅអ្នកណាក៏គ្មានបញ្ហាទាស់ខុសអ្វីឡើយ ។ ចំណុចនេះឆ្លុះបញ្ចាំងឲ្យឃើញថា អំពើរបស់តួអង្គព្រះវេស្សន្តរ គឺស្ថិតនៅក្នុងក្របខ័ណ្ឌ ឬ និយាមនៃក្រមសីលធម៌របស់សង្គមឥណ្ឌានៅសម័យនោះ ។ សូម្បីនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ក៏យើងប្រទះឃើញករណីឪពុកម្តាយលក់កូនស្រីខ្លួនឲ្យទៅធ្វើជាស្រីរកស៊ីផ្លូវភេទ ឬ ទៅបម្រើម្ចាស់បំណុលដែរ ។
អ្នកអានបានដឹងហើយថា សេចក្តីបង្រៀននៅក្នុងគម្ពីរព្រះត្រៃបិដក មិនមានលក្ខណៈពិស្តារងាយយល់ងាយស្តាប់ប៉ុន្មានទេ ព្រោះអ្នកនិពន្ធជំនាន់មុនបានប្រើវិធីកំណាព្យកាព្យឃ្លោងតាមបែបបាលី (ឬសំស្ក្រឹត) ដើម្បីងាយទន្ទេញ (កត់ត្រាក្នុងខួរក្បាល) និង ងាយបញ្ជូនគំនិតទាំងនោះបន្តទៅទៀត ។ ការបកប្រែភាសាពីភាសាបាលីមកជាភាសាខ្មែរ ដោយរក្សាលក្ខណៈដើមទាំងស្រុងបានបង្កឲ្យមានភាពច្រំដែលៗ ពិបាកស្តាប់ ធ្វើឲ្យអ្នកអានធុញទ្រាន់ ព្រមទាំងត្រូវចំណាយក្រដាស់សៀវភៅច្រើនទំព័រដើម្បីពន្យល់គោលគំនិត (ធម្មក្ខន្ធ) តែមួយប៉ុណ្ណោះ ។
ដោយបានយល់ឃើញចំណុចខ្វះខាតទាំងនោះនៅក្នុងគម្ពីរព្រះត្រៃបិដក ទើបលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានតាក់តែងសៀវភៅអដ្ឋកថា (សេចក្តីពន្យល់បន្ថែម) ជាឯកសារជំនួយដល់គ្រប់សៀវភៅនៅក្នុងគម្ពីរព្រះត្រៃបិដក ។ ទោះជាយ៉ាងណាក៏ដោយ ការសរសេរអដ្ឋកថាទាំងនោះបានត្រឹមតែពន្យល់គំនិត ឬ ក្រមសីលធម៌ដែលមានស្រាប់នៅក្នុងគម្ពីរព្រះត្រៃបិដកប៉ុណ្ណោះ ។ នៅមានគំនិតល្អៗជាច្រើនទៀតដែលខ្វះចន្លោះមិនទាន់បានលើកយកមកបញ្ចូលក្នុងគម្ពីរ ។ ហេតុដូច្នោះហើយ ទើបភិក្ខុសង្ឃ អ្នកប្រាជ្ញ ជំនាន់ក្រោយបាននិពន្ធរឿងនិទានជាច្រើនបន្ថែម (លើសពី ៥០០ រឿង) ។ ដើម្បីឲ្យអ្នកអានឆាប់យល់ព្រមទទួលយកគំនិតថ្មីៗទាំងនោះ អ្នកនិពន្ធរឿងទាំងនោះតែងប្រើពាក្យថា នោះគឺជារឿងកំណើតកាលពីជាតិមុនៗរបស់ព្រះពុទ្ធកាលទ្រង់ខិតខំសន្សំបំពេញបារមី ។ ដូច្នោះហើយបានជាមានពាក្យថា "ជាតក" (កំណើត) កើតមានជាប់រហូតមកដល់សព្វថ្ងៃ ។ បើអ្នកនិពន្ធបញ្ជាក់បំណងពិតអំពីគោលគំនិតនៅក្នុងសាច់រឿងទាំងនោះដោយមិនភ្ជាប់ទៅនឹងតួអង្គព្រះពុទ្ធទេ ច្បាស់ជាមនុស្សជំនាន់ក្រោយមិនខ្ចីខិតខំចម្លង ចងក្រងជាសាស្ត្រាស្លឹករឹត ខំសូធ្យរៀន (ទន្ទេញ) និង បង្រៀនតៗជាប់រហូតមកនោះឡើយ ។
ដើម្បីឲ្យបានយល់ច្បាស់នូវគំនិតរបស់អ្នកនិពន្ធរឿងទាំងឡាយនៅក្នុងបញ្ញាសជាតក សូមអ្នកអានព្យាយាមអានសាច់រឿងទាំងនោះ រួចវិភាគពិចារណាស្រង់យកតែក្រមសីលធម៌ល្អសម្រាប់ធ្វើជាគោលការណ៍ណែនាំតម្រង់ទិសជីវិតរបស់ខ្លួន ។
និទានកថា[កែប្រែ]
ទី ១[កែប្រែ]
ទី ២[កែប្រែ]
ទី ៣[កែប្រែ]
ទី ៤[កែប្រែ]
ទី ៥[កែប្រែ]
ទី ៦[កែប្រែ]
បណ្ឌិតមហា ឈឹម-ស៊ុម សាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ចាត់ឲ្យប្រែហើយពិនិត្យផ្ទៀងផ្ទាត់ដោយខ្លួនឯង កាលដែលនៅជាភេទបព្វជិតពី ព.ស. ២៤៨៦ គ.ស. ១៩៤៣
អារម្ភកថា
គម្ពីរបញ្ញាសជាតក ច្បាប់ដើមជាភាសាបាលី ពុទ្ធសាសនបណ្ឌិត្យបានស្រាវជ្រាវតាំងពី គ.ស. ១៩២៩ បានសុំសម្ដេចព្រះធម្មលិខិត ល្វី-ឯម ព្រះឧត្ដមមុនី អ៊ុម-ស៊ូរ នឹង ព្រះញាណវិរិយៈ ឡុង ឲ្យប្រែជាសេចក្ដីសម្រាយបានភាគទី ១ មានចំនួន ៥ រឿង ហើយបោះពុម្ពបញ្ចូលក្នុងទស្សនាវដ្ដី កម្ពុជសុរិយា ជាដើមដំបូងមកម្ដងហើយ លុះមកដល់ គ.ស. ១៩៤៤ បានរើបោះពុម្ពជាសៀវភៅមួយដោយឡែកម្ដងទៀត ដែលហៅថា បញ្ញាសជាតក ភាគទី ១ (ទាំងបាលីទាំងសម្រាយ) ។ សៀវភៅនេះមានជាវសព្វថ្ងៃនៅពុទ្ថសាសនបណ្ឌិត្យ ។ ចំណែកខាងជាភាសាបាលី ច្បាប់ដើម ជាគម្ពីរស្លឹករឹត មានអក្សរនឹងប្រយោគវិបត្តិច្រើនអន្លើ ។ កាលពី គ.ស. ១៩៤៣ បណ្ឌិតមហា ឈឹម-ស៊ុម កាលនៅជាភេទបព្វជិតបានចម្លងចែកជាភាគៗ បាន ៤ ភាគក្នុងមួយភាគ ៗ មានប្រាំ ៗ រឿង គឺតាំងពីជាតកទី ១ ដល់ទី ២០ ហើយបានផ្ទៀងកែបាលីនឹងរបៀបប្រយោគឲ្យត្រឹមត្រូវ ព្រមទាំងបានចាត់ការឲ្យប្រែ ហើយយកមកពិនិត្យកែសម្រួលខាងសម្រាយតាំងពីភាគទី ២ ដល់ភាគទី ៤ ផង ។
ឯគម្ពីរបញ្ញាសជាតក តាំងពីភាគទី ២ តទៅ ពុំទាន់បានបោះពុម្ពផ្សាយនៅឡើយ ។ ហេតុដូច្នេះ យើងយកផ្នែកខាងសម្រាយដែលបណ្ឌិតមហា ឈឹម-ស៊ុម ចាត់ការធ្វើនោះ មកបោះពុម្ពបញ្ចូលក្នុងទស្សនវដ្ដី កម្ពុជសុរិយា តាំងពីឆ្នាំ ១៩៥៤ នេះតទៅ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទ ព្រោះគម្ពីរបញ្ញាសជាតកនេះ មានរឿងទាក់ទងដោយគតិធម៌សុទ្ធ ។
វិបុលរាជជាតក ទី ៦
(និយាយអំពីពាហិរកទាននឹងអជ្ឈត្តិកទាន)
លោកអាចារ្យ ឈឹម-ណាក ក្រុមជំនុំព្រះត្រៃបិដក
ប្រែពិបាលី
ហរិតសរីរោតិ ឥទំ សត្ថា ជេតវនេ វិហរន្តោ អត្តនោ ទានបារមឹ អារព្ភ កថេសិ ។ សត្ថា រីអង្គសម្េដចព្រះបរមសាស្ដាចរិយាវង្សកាលទ្រង់គង់សម្រាន្តព្រះឥរិយាបថក្នុងវត្តព្រះជេតពន ក្រុងសាវត្ថី ព្រះជិនស្រីទ្រង់ប្រារព្ធនូវការបរិច្ចាកទានរបស់ព្រះអង្គ ទ្រង់ត្រាស់សំដែងព្រះធម៌ដ៏វិសេសមានបទថាហរិតសរីរោ ដូច្នេះជាដើមបទកំណត់ព្រះគាថា ។
សេចក្ដីដំណាលថា សម័យថ្ងៃមួយ មានភិក្ខុជាច្រើនរូបអង្គុយប្រជុំគ្នាក្នុងរោងធម្មសភា ថ្លែងសរសើរគុណព្រះបរមគ្រូពិជិតមារថា "ម្នាលលោកដ៏មានអាយុទាំងឡាយ ព្រះតថាគតព្រះអង្គមានបុណ្យច្រើន មានប្រាជ្ញាច្រើន បានបំពេញបារមីមកជាអនេកប្រការ គួរឲ្យអស្ចារ្យក្រៃពេក" ។
គ្រានោះ សម្ដេចព្រះបរមសាស្ដាទ្រង់ព្រះសវនាការឮពាក្យនោះដោយទិព្វស្រោត ទើបទ្រង់ស្ដេចចេញចាកគន្ធកុដី មកទ្រង់ប្រថាប់នៅលើអាសនដ៏ប្រសើរ ហើយទ្រង់មានព្រះពុទ្ធដីកាសួរភិក្ខុទាំងឡាយនោះថា "ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយជំនុំគ្នាពីរឿងអ្វី ?” ។ ភិក្ខុទាំងឡាយនោះក្រាបបង្គំទូលថា "បពិត្រព្រះអង្គដ៏ចំរើន, ខ្ញុំព្រះអង្គទាំងឡាយអង្គុយជំនុំគ្នាពីការបរិច្ចាកទាន របស់ព្រះអង្គ" ។ ទើបព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានបំពេញទានក្នុងកាលឥឡូវនេះ មិនជាទីអស្ចារ្យប៉ុន្មានទេ កាលពីដើមដែលតថាគតបានបរិច្ចាគបុត្តភរិយារបស់ខ្លួន ឲ្យទៅជាខ្ញុំបម្រើអ្នកដទៃ នោះទើបមានសេចក្ដីអស្ចារ្យជាពន្លឹក" ទ្រង់មានព្រះពុទ្ធដីកាតែប៉ុណ្ណេះហើយក៏ទ្រង់គង់នៅស្ងៀម ។ គ្រានោះ ភិក្ខុទាំងឡាយអារាធនានិមន្តព្រះអង្គឲ្យនាំអតីតនិទាននោះមកសំដែងប្រាប់ ។ ព្រះសាស្ដាចារ្យទ្រង់សំដែងអតីតនិទានតាមពាក្យអារាធនារបស់ភិក្ខុទាំងឡាយថា៖
ម្នាលភិក្ខុទាំងឡាយ ក្នុងកាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទ វិបុល សោយរាជសម្បត្តិក្នុងនគរសុចិវត្តីព្រះអង្គមានអគ្គមហេសីទ្រង់ព្រះនាម សុន្ទរីទេវី, ព្រះរាជបុត្រីទ្រង់ព្រះនាមនាង សុចី ។ ព្រះរាជាអង្គនោះមិនមានព្រះទ័យលំអៀងដោយអគតិធម៌ណាមួយឡើយ ទ្រង់សោយរាជ្យប្រកបដោយធម៌ បានចំណាយព្រះរាជទ្រព្យ ឲ្យជាងសង់សាលាសម្រាប់ឲ្យទាន ៥ ខ្នងហើយទ្រង់ព្រះរាជទានព្រះរាជទ្រព្យដល់ស្មូមយាចក អស់ចំនួន ៥ សែនកហាបណៈរាល់ ៗ ថ្ងៃ ។
កាលនោះ អ្នកជម្ពូទ្វីបទាំងអស់ ឈប់ធ្វើវេជ្ជកម្ម ពាណិជ្ជកម្ម ចាំតែទទួលព្រះរាជទានអំពីព្រះរាជប៉ុណ្ណោះ ជនទាំងនោះបានជាអ្នកបរិបូណ៌ដោយបទ្រព្យសម្បត្តិ ចាត់ចែងបង្កើតចម្រៀងរបាំរាំច្រៀងកំសាន្តជាទីសប្បាយក្រៃពេក ។ ព្រះមហាសត្វទ្រងប្រព្រឹត្តសុចរិតធម៌ ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដោយព្រះទ័យសោមនស្សយ៉ាងក្រៃលែងប៉ុណ្ណឹងហើយក៏នៅតែមិនទាន់ស្កប់ស្កល់ក្នុងព្រះរាជហ្ឬទ័យនៅឡើយ ។
ថ្ងៃមួយ ព្រះអង្គទ្រង់ប្រថាប់នៅលើប្រាសាទដ៏ប្រសើរ ទ្រង់បើកព្រះសីហបញ្ជរ ទតឥស្សរិយភាពរបស់ព្រះអង្គ ទើបទ្រង់មានព្រះតម្រិះថា "អញបានបំពេញតែពាហិរកទាន (ទានខាងក្រៅ) ប៉ុណ្ណោះឯអជ្ឈត្តិកទាន (ទានខាងក្នុង) អញមិនទាន់បានបំពេញសោះ" ទើបទ្រង់មានចំណង់ចង់ធ្វើអជ្ឈត្តិកទានទៀត ទ្រង់រំពឹងថា បើអ្នកណាសូមក្បាលអញ អញនឹងកាត់ក្បាលឲ្យអ្នកនោះ, បើអ្នកណាសូមភ្នែកអញ, អញនឹងឆ្កៀលភ្នែកឲ្យអ្នកនោះ បើអ្នកណាសូមបេះដូងអញ, អញនឹងពុះទ្រូងអារសាច់សម្រក់ឈាម យកសាច់បេះដូងឲ្យអ្នកនោះ, បើអ្នកណាសូមសាច់អញ អញនឹងពន្លះសាច់ក្នុងសរីរៈទាំងមូលឲ្យអ្នកនោះ, ពុំនោះសោតបើមានអ្នកណាមួយមកនិយាយនឹងអញថា បពិត្រមហារាជ, សូមព្រះអង្គទៅធ្វើជាខ្ញុំបំរើខ្ញុំ ដូច្នេះក៏អញស៊ូតែទៅធ្វើជាខ្ញុំបំរើអ្នកនោះ" ។ កាលដែលព្រះរាជាកំពុងតែទ្រង់ព្រះចិន្តនាការយ៉ាងនេះ ក៏ស្រាប់តែមហាប្រឹថពីដែលមានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ កម្រើកញាប់ញ័រឮសូរខ្ទរខ្ទ័រឡើង ដូចជាដំរីចុះប្រើងបញ្ចេញសំឡេងរោទ៍ខ្ទរខ្ទារគួរឲ្យខ្លាច ភ្នំសិនេរុរាជក៏ឱនលំទោនទោរទន់មក ទាំងមហាសមុទ្រក៏កើតជារលកបោកបែកផ្កាត្រែង មហាមេឃ ក៏បញ្ចេញសំឡេងគម្រាមដោយរន្ទះ ហើយបង្អុរមកនូវភ្លៀងរលឹមជាខ្លាំង ទាំងផ្លេកបន្ទោរពុំជួរកាលក៏ភ្លឺផ្លេកច្រវាត ពួកទេវតាក្នុងកាមាវចរសួគ៌ ក៏ឲ្យសព្ទសាធុការពរជ័យ សេចក្ដីជ្រួលជ្រើមក៏កើតមានរហូតដល់ព្រហ្មលោក ។ សេចក្ដីអស្ចារ្យ ជាអនេកក្រៃពេក នឹងគណនាត្រារាប់ពុំបានឡើយ ។ ព្រោះហេតុនោះហើយ បានជាព្រះបរមសាស្ដាចារ្យជាម្ចាស់ទ្រង់ត្រាស់ថាៈ
តទា អារុយ្ហ បាសាទេ ឱលោកេត្វា មហាសិរឹ សុទ្ធចិត្តំ ឧប្បាទេត្វា ទានំ ទាតុំ វិចិន្តយិ សីសំ សចេបិ ចក្ខុញ្ច ហទយញ្ចាបិ មំសកំ ទទេយ្យំ កាយំ សាវេត្វា យទិ កោចិ យាចេយ្យ មំ សភាវំ ចិន្តយន្តស្ស អកម្បិតមសណ្ឋិតំ អកម្បិ តត្ថ បឋវី សិនេរវនដំសកាតិ ។
ក្នុងកាលដែលតថាគតឡើងទៅលើប្រាសាទ រមិលមើលនូវសិរីដ៏ធំ ញ៉ាំងចិត្តដ៏ស្អាតឲ្យកើតឡើង ដើម្បីនឹងឲ្យទានហើយមានសេចក្ដីត្រិះរិះថា "បើអ្នកណាប្រាថ្នាចង់បានក្បាលភ្នែកបេះដូង ឬសាច់របស់អញ អញអាចកាត់ឆ្កៀលពន្លះឲ្យទៅអ្នកនោះ ដោយឥតញញើតឡើយ" គថាគតកំពុងតែត្រិះរិះដូច្នោះ ស្រាប់តែមហាប្រឹឋពីកំរើកញាប់ញ័រស្ទើរតែទប់ទល់ទ្រទ្រង់នៅពុំបាន ទាំងភ្នំសិនេរុក៏អោនលំទោនទោរទន់ល្វាសល្វន់មករកតថាគត ។
កាលនោះទីសយនាក្រឡាបន្ទំនៃសក្កទេវរាជ ក៏ក្ដៅក្រហាយដោយតេជានុភាពនៃទានបារមី ។ សម្ដេចសហស្សន័យន៍ទ្រង់ប្រមើលមើលឃើញហេតុនោះហើយក៏លាន់ព្រះឱស្ឋថា ឱហ្ន៎ ! ព្រះបាទវិបុលរាជជាពុទ្ធង្កូរបណ្ដូលពុទ្ធវង្ស ទ្រង់ឋិតនៅក្នុងមនុស្សលោកឯណោះ មានព្រះរាជសទ្ធាបានចំណាយព្រះរាជទ្រព្យ ឲ្យទៅជាទានដល់ស្មូមយាចកអ្នកកំសត់ទុគត់ ដោយឥតអាឡោះអាល័យសោះ ដល់ម្ល៉ោះទ្រង់ក៏មិនទាន់ស្កប់ព្រះរាជហប្ឬទ័យក្នុងពាហិរកទាន ឥឡូវទ្រង់គិតថា នឹងបំពេញអជ្ឈត្តិកទានទៀត" ។ សក្កទេវរាជទ្រង់អាជ្ជនាការពិចារណាឃើញហេតុដូច្នេះហើយ ក៏ក្លែងភេទជាព្រាហ្មណ៍ក្មេងមកអង្គុយក្នុងសាលាទាន ។
គ្រានោះ ព្រះរាជាទ្រង់ស្រង់ព្រះឱទកធារាពព្រលឹម ហើយទ្រង់សោយព្រះស្ងោយមានឱជារសផ្សេង ៗ ស្រេចស្ដេចទ្រង់ប្រដាប់គ្រឿងអលង្ការ ក្សត្រាទ្រង់ឡើងគង់លើព្រះទីនាំងគជេន្ទ្រ មានពួកអាមត្យហែហមជាបរិវារ ទ្រង់យាត្រាឆ្ពោះទៅកាន់ទានសាលា លុះដល់កាលណាក៏ទ្រង់ចុះចាក់ព្រះរាជទីនាំង ចូលទៅក្នុងសាលា ទ្រង់បែងចែកព្រះរាជទ្រព្យព្រះរាជទានក្នុងពេលនោះតាមធម្មតា ។ គ្រានោះ ឥន្ទព្រាហ្មណ៍លើកកំបង់អញ្ជលីដាក់លើសិរសាក្រាបថ្វាយបង្គំទូលថា "បពិត្រព្រះសម្មតិទេវាវង្ស ទ្រង់នូវព្រះរាជសម្ភារ, សូមព្រះអង្គមានជ័យជំនះឈ្នះអស់សត្រូវសព្វគ្រប់ប្រការ" ថាដូច្នេះ ហើយក៏ឋិតនៅក្នុងទីដ៏សមគួរ ។ លំដាប់នោះ ព្រះរាជាទ្រង់ព្រះសវនាការពាក្យនោះហើយ ទ្រង់ត្រិះរិះថា "ព្រាហ្មណ៍នេះចង់បានអ្វីអែះ ? បើដូច្នេះ អញនឹងសួរវាមើល" កាលមានព្រះបន្ទូលសួរនូវហេតុនោះទើបត្រាស់នូវបឋមគាថាថាៈ
ហរិតសរីរោ តវញ្ច ទស្សនីយោ សុរូបិយោ បគ្គយ្ហ អញ្ជលិញ្ចេវ កឹ មំ យាចសិ ព្រាហ្មណាតិ ម្នាលព្រាហ្មណ៍, អ្នកឯងមានសរីរៈហាក់ដូចជាលាបស្រឡាបដោយខ្លឹមចន្ទន៍ក្រហម គួរឲ្យអ្នកផងក្រឡេកមើល, រូបអ្នកសោតក៏ស្រស់បំព្រង គួរឲ្យអ្នកផងគយគន់ អ្នកមកអង្គុយប្រណម្យអញ្ជលីនៅទីនេះ តើអ្នកចង់បានអ្វី ? ។ ព្រាហ្មណ៍បានស្ដាប់ហើយ ក៏មានចិត្តរីករាយត្រេកអរក្រាបបង្គំទូលសុំព្រះរាជទេពី ទើបក្រាបទូលនូវព្រះគាថាទីពីរថាៈ
យថា វារិវហោ បូរោ សព្វកាលំ ន ខីយតិ ឯវន្តំ យាចិតាគញ្ឆឹ ទេវឹ មេ ទេហិ យាចិតោតិ បពិត្រព្រះនរបតី ទឹកក្នុងបឹងស្ទឹងព្រែក តែហូរទៅកាន់សមុទ្រសព្វកាល មិនចេះអស់យ៉ាងណា ព្រះរាជហ្ឬទ័យរបស់ព្រះករុណា ក៏តែងតែជ្រះថ្លាក្នុងការព្រះរាជទានពុំមានអស់យ៉ាងនោះដែរ, ទូលព្រះបង្គំជាខ្ញុំមកសូមព្រះនាងទេវីសូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទានកុំខាន ។
ព្រះរាជាទ្រង់បានព្រះសវនាការពាក្យព្រាហ្មណ៍ ក្រាបបង្គំទូលសូមព្រះនាងទេវីដូច្នោះហើយ ទ្រង់ក៏មានព្រះបីតិសោមនស្សអស់ពីព្រះរាជហប្ឬទ័យ ហាក់ដូចជាបុរសកំសត់បានមាស ១ ពាន់ដំឡឹងអំពីសំណាក់ព្រះមហាក្សត្រ ទើបទ្រង់មានព្រះរាជឱង្ការត្រាស់នូវគាថាគំរប់ ៣ ថាៈ
ទទាមិ ន វិកម្បាមិ យំ មំ យាចសិ ព្រាហ្មណ
សន្តំ ន បតិគុយ្ហាមិ ទានេ រមតី មនោតិ
ម្នាលព្រាហ្មណ៍ អ្នកសូមរបស់អ្វី យើងឲ្យរបស់នោះឥតទើសទាស់ទេ យើងមិនលាក់ ទុករបស់ដែលមានទេ ចិត្តយើងត្រេកអរចំពោះការឲ្យទានតែម្យ៉ាង ។ ទើបទ្រង់ត្រាស់ហៅព្រះនាងទេវីមកប្រាប់ថាៈ "ម្នាលប្អូនស្រីជាទីស្រឡាញ់ពេញចិត្ត ដ្បិតព្រាហ្មណ៍នេះមកសូមនាង យើងប្រាថ្នាសព្វញ្ញតញ្ញុណ ចូរនាងបំពេញទានបារមីដល់យើងឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នាចុះ ។ ឯអគ្គមហេសីជាស្ត្រីគ្រប់លក្ខណ៍ លុះបានស្ដាប់ជាក់ក៏មានព្រះហប្ឬទ័យត្រេកអរសោមនស្សអស់ពីព្រះចិន្ដា ហើយមានព្រះរាជសវនីយទទួលព្រះរាជឱង្ការថាៈ
ទាសី តុយ្ហំ អហំ ទេវ សាមិកោ មម ឥស្សរោ
យស្សិច្ឆេ តស្ស មំ ទជ្ជា វិក្កីនេយ្យ ហនេយ្យ វាតិ
បពិត្រព្រះរាជសម្ភារ, សូមទ្រង់ព្រះករុណាមេត្តាប្រោស, ខ្ញុំម្ចាស់ជាទាស់របស់ព្រះអង្គស្រាប់ ព្រះអង្គជាម្ចាស់លើខ្ញុំព្រះអង្គ, បើព្រះអង្គត្រូវការព្រះរាជទានដល់នរណា សូមទ្រង់ព្រះរាជទានតាមសព្វព្រះរាជហប្ឬទ័យ, ទុកណាជាព្រះអង្គត្រូវការលក់ដូរយ៉ាងណាក្ដី សម្លាប់បង់ក្ដី ក៏ស្រេចនឹងព្រះរាជហប្ឬទ័យព្រះអង្គស្រាប់ ។
ព្រះរាជាទ្រង់ព្រះសវនាការព្រះរាជសវនីយ នៃព្រះអគ្គមហេសីដែលទទួលព្រមដូច្នោះហើយ ក៏ទាញយកក្អមមាសហើយចាប់ព្រះហស្ដព្រះអគ្គមហេសី បួងសួងយកផែនដីជាបន្ទាល់ ទ្រង់ជ្រួចស្នោទកហើយត្រាស់យ៉ាងនេះថា "ម្នាលព្រាហ្មណ៍ ភរិយារបស់យើងជាទីស្រឡាញ់ពេញចិត្តក្រៃពេក, ប៉ុន្តែយើងចង់បានសព្វញ្ញុតញ្ញាណលើសលុបជាងនេះ មិនអាចរាប់ថា ១ រយគុណ ១ ពាន់គុណ ១ សែនគុណបានឡើយ, បានជាយើងស៊ូលះបង់នាងទេវីជាទីស្រឡាញ់ពេញចិត្ត ឲ្យដល់អ្នកឯងយើងមិនប្រាថ្នាសម្បត្តិមនុស្ស សម្បត្តិសួគ៌ សម្បត្តិព្រះឥន្ទ សម្បត្តិព្រហ្ម សម្បត្តិសាវ័ក សម្បត្តិបច្ចេកពុទ្ធឡើយ ប្រាថ្នាចំពោះសព្វញ្ញុតញ្ញាណតែម្យ៉ាង" លុះទ្រង់ត្រាស់ដូច្នេះហើយ ទ្រង់ព្រះរាជទានព្រះអគ្គមហេសីដល់ព្រាហ្មណ៍ក្នុងកាលនោះឯង តមត្ថំ បកាសេន្តោ សត្ថា អហ សម្ដេចព្រះបរមសាស្ដាចរិយាវង្សកាលទ្រង់ប្រកាសសេចក្ដីនោះទ្រង់ត្រាស់ថាៈ
ទេវឹ ហត្ថេ គហេត្វាន ឧទកមណ្ឌលំ គណ្ហិ បសន្នមនសង្កប្បោ តស្ស ទេវឹ អទាសិ សោ ទេវិយា ទទមានាយ បិយចិត្តេន បមោទិតោ តស្មា បឋវី កម្បតិ សិនេរុវនវដំសកាតិ
ព្រះរាជាអង្គនោះបានចាប់ព្រះហស្តព្រះនាងទេវី ហើយកាន់យកក្អមទឹកមានព្រះទ័យដ៏ជ្រះថ្លា បានប្រទានព្រះនាងទេវីដល់ព្រាហ្មណ៍នោះ កាលបើទ្រង់ព្រះរាជទានព្រះនាងទេវីរួចហើយក៏មានព្រះទ័យត្រេកអរជ្រះថ្លា យ៉ាងក្រៃលែង, ព្រោះហេតុនោះ បានជាមហាប្រឹឋពីញាប់ញ័រ ទាំងភ្នំសិនេរុក៏អោនលំទោនទោរទន់ ។ ឯព្រាហ្មណ៍នោះបាននាងទេវីហើយ ក៏នាំយកបាត់ពីទីនោះទៅភ្លាម ។ ក្សិណនោះ ឥន្ទព្រាហ្មណ៍ជាតួអង្គសក្កទេវរាជ និម្មិតជាព្រាហ្មណ៍ប្លែក មកថ្វាយសព្ទសាធុការ ហើយពោលថា យថា វារវិហោបូរោ សព្វកាលំ ន ខីយតិ ឯវន្តំ យាចិតាគញ្ឆឹ បុត្តឹ មេ ទេហិ យាចិតោតិ បពិត្រព្រះរាជសម្ភារ, ធម្មតាទឹកស្ទឹងបឹងព្រែកតែងហូរទៅកាន់សមុទ្រសព្វៗ កាល មិនចេះអស់យ៉ាងណា ព្រះទ័យព្រះករុណាក៏តែងជ្រះថ្លាក្នុងការព្រះរាជទានមិនចេះអស់យ៉ាងនោះដែរ, បពិត្រព្រះនរបតី ទូលព្រះបង្គំជាខ្ញុំមកសូមព្រះរាជបុត្រី សូមទ្រង់ព្រះមេត្តា ប្រោសព្រះរាជទាន ។ ព្រះរាជាទ្រង់ព្រះសវនាការពាក្យនោះហើយ ក៏មានព្រះរាជហប្ឬទ័យសោមនស្សជ្រះថ្លា ទើបមានព្រះរាជឱង្ការថាៈ
ទទាមិ ន វិកម្បាមិ ឥស្សរោ នយ ព្រាហ្មណ
សន្តំ ន បតិគុយ្ហាមិ ទានេ មេ រមតី មនោតិ
ម្នាលព្រាហ្មណ៍, យើងជាឥស្សរៈ យើងឥតធុញទ្រាន់នឹងការឲ្យទេ អ្នកឯងចាំតែនាំយករបស់ដែលយើងឲ្យចុះ យើងមិនលាក់លៀមរបស់ដែលមានទេ ចិត្តយើងត្រេកអរតែក្នុងការបរិច្ចាគទានតែម្យ៉ាង ។
លុះព្រះអង្គទ្រង់ត្រាស់ដូច្នោះហើយក៏បញ្ជូនព្រះរាជបុត្រីឲ្យទៅស្រង់ស្អិតស្អាងព្រះកាយដោយគ្រឿងអលង្ការគ្រប់យ៉ាង ហើយហៅមកឲ្យគង់លើអាសនៈ ទ្រង់ជប់ព្រះសិរលួងលោមផ្ដែផ្ដាំសព្វគ្រប់សេចក្ដីព្រះចក្រីនឹងទ្រង់ប្រកាសដល់អស់ទេវតាទាំងពួង យកជាបន្ទាល់សាក្សី ទើបទ្រង់ត្រាស់នូវព្រះគាថាថាៈ
ហាហា ភោន្តោទេវសង្ឃា សព្វេ ទេវា សមាគតា
ទានំ មេ អនុមោទន្តុ បុញ្ញំ គណ្ហន្តុ ឦទិសំ
តស្ស បុត្តិញ្ច ទស្សាមិ បិយំ ចិត្តេន ទេមិហំ
បុត្តិមហំ សុភជាតឹ ពោធិយា យេវ ការណាតិ
បពិត្រទេពតាទាំងឡាយអើយ ! សូមពពួកទេវតាអញ្ជើញមកជួបជុំជាបន្ទាល់សាក្សីពេជ្ញញាណ សូមជួយអនុមោទនាទាននៃខ្ញុំ ហើយសូមទទួលយកចំណែកបុណ្យនេះ ដ្បិតខ្ញុំបានឲ្យបុត្រីជាទីស្រឡាញ់ពេញចិត្តប្រកបដោយរូបឆោមប្រពៃដើម្បីនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដក្នុងអនាគត ។ លុះទ្រង់ត្រាស់ដូច្នោះហើយ ក៏ព្រះរាជទានព្រះរាជបុត្រីដល់ព្រាហ្មណ៍ក្នុងកាលនោះឯង ។
គ្រានោះកើតមានសេចក្ដីអស្ចារ្យជាអនេកប្រការ ដោយតេជៈនៃការបរិច្ចាគទាន ដែលពុំមាននរណាធ្វើដូចបាន ។ ព្រោះហេតុនោះបានជាអង្គសម្ដេចព្រះទ្រង់ញាណទ្រង់មានព្រះពុទ្ធដីកាថាៈ
តទាសិ យម ភឹសនកំ តទាសិ លោមហំសនំ
រាជបុត្តិម្ហិ បទិន្នម្ហិ មេទនិ សមកម្បថ ។
អច្ឆរិយំ ច អាសិ សោ ឃោសោ ច វិបុលោ មហា
បុត្តីភរិយេ បទិន្នម្ហិ សកលសគ្គំ កម្បថាតិ
ក្នុងកាលដែលតថាគតបានឲ្យបុត្រីទៅជាទាន តថគតមានសេចក្ដីព្រឹព្រួចញ័រសព្វសព៌ាង្គកាយ ទាំងផែនប្រឹឋពីជាទីទ្រទ្រង់សត្វទាំងឡាយ ក៏កក្រើករំពើកញាប់ញ័រ ទាំងឋានសួគ៌ជាទីនៅអាស្រ័យ នៃពួកទេពនិករ ក៏ញាប់ញ័រអស្ចារ្យជាពន្លឹក ។
គ្រាដែលព្រះមហាក្សសត្វទ្រង់ព្រះរាជទានរួចហើយ ទ្រង់កំពុងមានព្រះរាជហប្ឬទ័យរីករាយសោមនស្សស្រស់ស្រាយ ស្រាប់តែសក្កទេវរាជដែលនាំយកព្រះរាជបុត្រីពីទីនោះទៅ ក៏ក្លែងភេទជាព្រាហ្មណ៍ចាស់ប្លែកដៃកាន់ឈើច្រត់ មានសក់ស្កូវ មានពុកមាត់ពុកចង្ការវែង ៗ មកអង្គុយទៀបទ្វារព្រះរាជដំណាក់ ។ ព្រះរាជាទ្រង់ទស្សនាការទបឃើញព្រាហ្មណ៍នោះហើយ ក៏ត្រាស់សួរថាៈ
អថ ត្វំ កេន វណ្ណេន កេន វា បន ហេតុនា
អនុប្បត្តោសិ នគរំ តំ មេ អក្ខាហិ បុច្ឆិតោតិ
នែអ្នកដែលមានរូបអន្ធការ អ្នកមកពីណា ? មានការអ្វី ? ចូរអ្នកប្រាប់យើងឲ្យដឹងសេចក្ដី កុំបីកោតញញើត ។ គ្រានោះ សក្កទេវរាជបានស្ដាប់ព្រះរាជឱង្ការហើយ ក៏ក្រាបបង្គំទូលថាៈ ជិណ្ណោហមស្មិ អាគតោ ទីឃមទ្ធានមាគតោ សុត្វាន សុចរិតញ្ចា រាជ អាគតោស្មិតវ សន្តិកេ អនុជានាហិ នគរំ ទេហិ ត្វំ មមាតិ បពិត្រព្រះរាជសម្ភារជាបរមក្សត្រដ៏ប្រសើរ ទូលព្រះបង្គំជាខ្ញុំជាមនុស្សចាស់ជរាមកពីស្រុកឆ្ងាយដាច់សង្វែង ឮដំណឹងថាព្រះអង្គទ្រង់ប្រកបដោយសេចក្ដីសុចរិត ព្រមទាំងមានព្រះរាជាសទ្ធា បានជាទូលព្រះបង្គំជាខ្ញុំមកដើម្បីសូមព្រះនគរ, សូមទ្រង់ព្រះរាជានុញ្ញាតព្រះរាជទាននគរដល់ទូលព្រះបង្គំជាខ្ញុំ ។ ព្រះមហាសត្វទ្រង់ព្រះសវនាការហើយ ក៏មានព្រះបីតិសោមនស្សអស់ពីព្រះទ័យ ទើបទ្រង់លះបង់ព្រះសិរីរាជសម្បត្តិ ព្រះរាជទានដល់ព្រាហ្មណ៍, ទ្រង់មានព្រះឱង្ការថាៈ
គណ្ហាហិ តវ ឥច្ឆម្ហិ ឥស្សរោ នយ ព្រាហ្មណ
មនោរថំ បូរេស្សាមិ ទានេ មេ រមតី មនោតិ
មា្នលព្រាហ្មណ៍, ចូរអ្នកជាធំលើនគរ តាមសេចក្ដីប្រាថ្នារបស់អ្នកចុះ យើងបំពេញសេចក្ដីប្រាថ្នារបស់អ្នកឲ្យបានពេញលេញដូចបំណង ព្រោះចិត្តយើងតែងត្រេកអរតែក្នុងការបរិច្ចាគទាន ។ ទើបព្រះរាជាចាប់យកកន្ទីរមាស មកជ្រួចស្នោទក យើហទ្រង់ព្រះរាជទាននគរនោះ ដោយព្រះរាជឱង្ការរួសរាយថាៈ
ឥទំ ហិ នគរំ មយ្ហំ សព្វលោកសមិទ្ធិនំ
ទត្វាន នគរំ ឥទ្ធំ ខេឡបិណ្ឌំ វ ធឌិតំ
សំសារតរណត្ថាយ កាមរាគមហណ្ណវេ
សព្វេ សត្តា បវត្តាវ បាបុណីស្សាមិ និព្វុតិន្តិ
នគររបស់យើងនេះ ស្ដុកស្ដម្ភជាងស្រុកដែលមាននៅក្នុងលោកទាំងអស់ យើងបានឲ្យនគរនោះ ផុតស្រឡះពីដួងចិត្តឥតមានសេចក្ដីស្ដាយស្រណោះ ដូចជាបុគ្គលស្ដោះចោលនូវដុំនៃទឹកមាត់ដូច្នោះ សព្វសត្វទាំងឡាយដែលវិលកើតស្លាប់នៅក្នុងមហាសមុទ្រគឺកាមរាគនោះច្រើនណាស់, យើងប្រាកដជានឹងបានជួយសត្វទាំងនោះ ឲ្យឆ្លងចាកសង្សារវដ្តទៅកាន់ព្រះនិព្វានបានពុំខាន ។
សម្ដេចព្រះសក្កទេវិន្ទ្រពិន្ទអមរា បានឃើញទឹកព្រះទ័យគួរជាទីអស្ចារ្យក៏លាន់ព្រះឱស្ឋថា "ឱហ្ន៎ ! ព្រះរាជានេះប្រាកដជាពុទ្ធង្កូរបណ្ដូលពុទ្ធវង្សជាអង្គសព្វញ្ញុពុទ្ធ ជាទីពឹងពាក់សំណាក់អាស្រ័យនៃមនុស្សនឹងទេវតាទាំងឡាយទៅឯអនាគតពុំខានឡើយ" ហើយក៏បង្គំទូលព្រះរាជាថា "បពិត្រមហារាជ, ខ្ញុំជាព្រះឥន្ទទេតើមិនមែនព្រាហ្មណ៍ទេ, ខ្ញុំបានឃើញព្រះអង្គប្រព្រឹត្តសុចរិតធម៌ បានជាមកជួយបំពេញសព្វញ្ញុតញ្ញាណ, បពិត្រមហារាជ, សូមព្រះអង្គទទួលយកបុត្រនឹងអគ្គមហេសីនឹងនគរ ព្រះអង្គវិញចុះ" ។ សក្កទេវរាជ ក៏ប្រគល់ព្រះរាជបុត្រីនឹងអគ្គមហេសីថ្វាយព្រះបាទវិបុលរាជហើយឱនព្រះសិរគំនាប់ដោយសមគួរ ទើបក្លែងភេទជាព្រះឥន្ទមានព្រះកាយដ៏រុងរឿងល្អក្រៃពេក ហោះផ្លោះផ្លេកឡើងទៅកាន់អាកាស ។ តមត្ថំ បកាសេន្តោ សត្ថា អាហ ដំណើរសេចក្ដីតាមរឿងនេះដែលពុំទាន់ប្រាកដ លុះសម្ដេចព្រះសុគតបរមសាស្ដា បានត្រាស់ឡើងកាលណា ទើបទ្រង់វប្រកាសសេចក្ដីនោះឲ្យប្រាកដឡើងថាៈ
តស្ស សង្កប្បមញ្ញាយ មឃវា ទេវកុញ្ជរោ
អាកាសគគណេ ឋត្វា ឥទំ វចនមព្រវិ
និន្នាទិតា តេ បឋវី សទ្ទោ តេ តិទិវង្គតោ
សមន្តា វិជ្ជុតា អាគូ គីរីនំ វ បតិស្សុតា
តស្ស តេ អនុមោទន្តិ ឧភោ នារទបព្វតា
ឥន្ទោ ព្រហ្មាបជាបតិ សោមោ យមោ វេស្សវណោ
សព្វេ ទេវា អនុមោទន្តិ ទុក្ករំ ហិ ករោតិ សោ
ទុទ្ទទំ ទទមានានំ ទុក្ករំ កម្មកុព្វតំ
អសន្តោ នានុកុព្វន្តិ សតំ ធម្មោ ទុន្វយោ
តស្មា សតញ្ច អសតំ នានា ហោតិ ឥតោ គតិ
អសន្តោ និរយំ នេតិ សន្តោ សគ្គបរាយនោតិ
មឃវៈជាទេវកុញ្ជរ បានជ្រាបនូវវារៈចិត្តព្រះមហាសត្វនោះ ហើយក៏ហោះផ្លោះឡើងទៅកាន់អាកាស ប្រកាសសរសើរទានបារមីថា ផែនដីរបស់ព្រះអង្គញាប់ ញ័រហើយ កិត្តិស័ព្ទរបស់ព្រះអង្គ ផ្សាយទៅហើយរហូតដល់ពិភពត្រៃត្រឹង្សទាំងផ្លេកបន្ទោរក៏ដាលឆ្វៀលឆ្វាត់ច្រាវាត់ជុំវិញ សព្វទិសនានា សេចក្ដីអស្ចារ្យមានប្រាកដ រហូតដល់សព្វគិរិបរពតសមុទ្រសាគរហាក់ដូចជាមានអំណរជួយត្រេកអរ ចំពោះទានបារមីនៃព្រះអង្គ ទាំងពួកអមរវង្សឥន្ទព្រហ្មបជាបតីទាំងព្រះអាទិត្យព្រះចន្ទ្រ ព្រះយមរាជព្រះវេស្សវ័ណក្ដីសឹងមានសេចក្ដីត្រេកអរគ្រប់ៗ គ្នា ទទួលអនុមោទនាសរសើរព្រះអង្គថា ឱ ! ព្រះបាទវិបុលរាជអើយ ! ព្រះអង្គទ្រង់បរិច្ចាគទានឥតមាននរណាធ្វើដូចព្រះអង្គបានឡើយ, បុគ្គលជាសប្បុរសតែងឲ្យរបស់ដែលគេឲ្យបានដោយកម្រ តែងធ្វើនូវអំពើដែលអ្នកទាំងពួងធ្វើបានដោយកម្រ ឯអសប្បុរសធ្វើតាមយ៉ាងនេះផងពុំបានទេ, ធម៌របស់ពួកសប្បុរសទាំងឡាយ គឺពួកអសប្បុរសកម្រនឹងប្រព្រឹត្តតាមកើតណាស់ព្រោះហេតុនោះ បានជាសប្បុរសនឹងអសប្បុរសតែងមានគតិដំណើរអន្ទោលទៅកាន់ភពផ្សេងគ្នា គឺអសប្បុរសតែងទៅកាន់ទុគ្គតិភព សប្បុរសរមែងទៅកាន់ស្ថានសួគ៌ ។ សក្កទេវរាជនោះលុះពោលសរសើរព្រះបាទវិបុលរាជរួចហើយ ក៏ហោះត្រឡប់ទៅកាន់ឋានអាត្មាវិញហោង ។
តមត្ថំ បកាសេន្តោ សត្ថា អាហ ព្រះសាស្ដាចរិយាវង្សកាលទ្រង់ប្រកាសសេចក្ដីនោះទ្រង់ត្រាស់ថាៈ
ឥទំ វត្វា ន មឃវា ទេវរាជា សុជម្បតិ
ពោធិសត្តំ ថូតឹ កត្វា សគ្គកាយំ អបក្កមាតិ
ទេវរាជឈ្មោះមឃវា ជាស្វាមីនៃនាងសុជាតា ពោលសរសើរព្រះពោធិសត្វដូច្នេះហើយ ក៏ភៀសខ្លួនចៀសចេញទៅកាន់ទេវលោកទៅ ។ ព្រះបាទវិបុលរាជនៅក្រុងសុចវត្តីស្រីមហានគរ ទ្រង់ប្រកបដោយទសពិធរាជធម៌ឥតមានល្អក់កករ ក្នុងព្រះរាជហ្ឬទ័យឡើយ ហើយទ្រង់សន្សំបុណ្យទាំងឡាយមានទានជាដើម រៀងរាបដរាបដល់អស់ព្រះជន្មាយុ ស្ដេចបានទៅសោយសេចក្ដីសុខក្នុងទេវលោក ។ សម្ដេចព្រះបរមសាស្ដាចារ្យ ទ្រង់នាំធម៌ទេសនាមកសំដែងប្រាប់ភិក្ខុទាំងឡាយថា "ម្នាលភិក្ខុទាំងឡាយ តថគតបានឲ្យទានដ៏ធំនេះ មិនមែនតែក្នុងកាលឥឡូវនេះទេ កាលពីមុនដែលតថាគតកើតជាស្ដេចវិបុលរាជ ក៏តថាគតបានឲ្យទានមានសេចក្ដីអស្ចារ្យជាអនេកប្រការយ៉ាងនេះដែរ ។ លុះត្រាស់ដូច្នោះហើយព្រះអង្គប្រកាសនូវសច្ចធម៌ទាំងឡាយ ទើបទ្រង់ប្រជុំជាតកក្នុងទីបំផុតនៃសច្ចកថាថា "ស្ដេចទេវតាបានចេរវិលវឹងមកកើតជាភិក្ខុឈ្មោះអនុរទ្ធ នាងសុន្ទរីទេវីជាអគ្គមហេសីព្រះបាទវិបុលរាជ បានចេរវិលវឹងមកកើតជានាងយសោធរាពិម្ពា ជាមាតរាហុល នាងសុចីជារាជបុត្រីនៃព្រះរាជានោះ បានមកកើតជានាងកណ្ឌកត្ថើរ, ពួកជនអ្នកប្រទេសសុចិវត្តីក្នុងកាលណោះ គឺជាពុទ្ធបរិស័ទរបស់តថាគតក្នុងកាលឥឡូវនេះ ព្រះបាទវិបុលរាជ គឺជាអង្គតថាគតដែលជាទីពឹងរបស់សត្វលោកហ្នឹងឯង ។ សូមអ្នកទាំងឡាយជាពុទ្ធបរិស័ទ ចងចាំចំណាំជាតកនេះ ដោយបការយ៉ាងនេះឯង ។
ចប់ វិបុលរាជជាតកទី ៦ តែប៉ុណ្ណេះ
ទី ៧[កែប្រែ]
ទី ៨[កែប្រែ]
ទី ៩[កែប្រែ]
ទី ១០[កែប្រែ]
ទី ១១[កែប្រែ]
ទី ១២[កែប្រែ]
ទី ១៣[កែប្រែ]
ទី ១៤[កែប្រែ]
ទី ១៥[កែប្រែ]
ទី ១៦[កែប្រែ]
ទី ១៧[កែប្រែ]
ទី ១៨[កែប្រែ]
ទី ១៩[កែប្រែ]
ទី ២០[កែប្រែ]
ទី ២១[កែប្រែ]
ទី ២២[កែប្រែ]
ទី ២៣[កែប្រែ]
ទី ២៤[កែប្រែ]
ទី ២៥[កែប្រែ]
ទី ២៦[កែប្រែ]
ទី ២៧[កែប្រែ]
ទី ២៨[កែប្រែ]
ទី ២៩[កែប្រែ]
ទី ៣០[កែប្រែ]
ទី ៣១[កែប្រែ]
ទី ៣២[កែប្រែ]
ទី ៣៣[កែប្រែ]
ទី ៣៤[កែប្រែ]
ទី ៣៥[កែប្រែ]
ទី ៣៦[កែប្រែ]
ទី ៣៧[កែប្រែ]
ទី ៣៨[កែប្រែ]
ទី ៣៩[កែប្រែ]
ទី ៤០[កែប្រែ]
ទី ៤១[កែប្រែ]
ទី ៤២[កែប្រែ]
ទី ៤៣[កែប្រែ]
ទី ៤៤[កែប្រែ]
រឿងសុបិនកុមារ===ទី ៤៥===