(Go: >> BACK << -|- >> HOME <<)

Jump to content

ប្រាសាទកំពង់ព្រះ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ប្រាសាទកំពង់ព្រះ

ឈ្មោះ: ប្រាសាទកំពង់ព្រះ
អ្នកកសាង: ព្រះនាងជ័យទេវី
កាលបរិច្ឆេទកសាង: សតវត្សទី៨
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថកំពង់ព្រះ
ទីតាំង: ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ទីតាំងភូមិសាស្រ្ត

ក្រុមប្រាសាទកំពង់ព្រះមានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ដើម្បីទៅដល់ទីទួលប្រាសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរស្របតាមបណ្ដោយផ្លូវជាតិលេខ៥ ចេញពីក្រុងកំពង់ឆ្នាំង មានចម្ងាយ ៤១គីឡូម៉ែត្រ។មកដល់ចំណុចផ្សារពន្លៃ មានផ្លូវបំបែកមួយ(ច្រមុះជ្រូក)នៅខាងស្ដាំដៃ ឃើញសាលាស្រុកបរិបូណ៌ រួចបត់តាមផ្លូវនោះជិះទៅត្រង់ ប្រមាណ ៣គីឡូម៉ែត្រ។យើងនឹងទៅដល់ទីតាំងជាក់ជាមិនខាន។សូមបញ្ជាក់ផងដែរ នៅរដូវវស្សាយើងអាចធ្វើដំណើរតាមផ្លូវទឹក ដោយជិះទូកឬកាណូត នៅរដូវប្រាំងទឹកស្រកវិញ យានយន្តគ្រប់ប្រភេទអាចបើកទៅដល់កន្លែងប្រាសាទបានយ៉ាងងាយស្រួលតែម្ដង។ប្រាសាទកំពង់ព្រះកសាងឡើងនៅលើដីកោះមួយកន្លែង ក្នុងបរិវេណវត្ត ទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះ ឬវត្តកំពង់ព្រះ។នៅទីនោះយើងឃើញមានតួប្រាសាទពីរឈរទន្ទឹមគ្នា យ៉ាងសង្ហា ដែលប្រាសាទទាំងពីរនេះ អ្នកស្រុកហៅថា ប្រាសាទប្រុស ប្រាសាទស្រី និងគ្រឹះប្រាសាទទីបីមួយទៀតនៅក្បែរនោះដែលរលំបាក់កប់ទៅក្នុងដីបាត់រូបរាងស្ទើរតែស្រុងអស់ទៅហើយ។

ស្ថាបត្យកម្ម

ក្រុមប្រាសាទកំពង់ព្រះសាងសង់អំពីថ្មភក់និងឥដ្ឋក្រហម បែរមុខទៅទិសខាងជើង ពោលគឺបែរមុខទៅរកបឹងទន្លេសាប ដែលនៅជិតនោះប្រមាណតែ ១គីឡូម៉ែត្រប៉ុណ្ណោះ។ បើយើងពិនិត្យទៅលើផ្នែកស្ថាបត្យកម្មប្រាសាទ យើងអាចសន្និដ្ឋានបានថា ក្រុមប្រាសាទកំពង់ព្រះ កសាងនៅក្នុងសម័យមុនអង្គរ នៅចុងសតវត្សទី៧ ដើមសតវត្សទី៨ ក្នុងរាជព្រះមហាក្សត្រិយ៍ ព្រះនាងជ័យទេវី ដែលគេដឹងថា ព្រះនាងឡើងសោយរាជ្យពីឆ្នាំ ៦៨១ ដល់ ៧១៣ នៃគ្រិស្តសករាជ ត្រូវជាបុត្រីរបស់ព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៧-៦៨១) ស្ថិតក្នុងរចនាប័ទ្មកំពង់ព្រះ សម្រាប់ឩទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា[១]

  • តួប្រាសាទទី១៖ ប្រាសាទស្រី នៅរក្សារូបរាងបានល្អជាងប្រាសាទប្រុស មានទំហំ ៦គុណនឹង ៥ម៉ែត្រ និងកម្ពស់ ១០ម៉ែត្រ មានទ្វារបញ្ឆោតចំនួនបី បែរទៅទិសខាងកើត លិច និងខាងត្បូង មានក្បាច់ផ្ដែរឆ្លាក់ជា ក្បាច់ផ្កាភ្ញីរាងអ័ក្សដងធ្នូ អមទៅដោយសសរពេជ្រឆ្វេងស្ដាំ និងក្បាច់ផ្សេងៗទៀតជាច្រើនផងដែរ។ តែក្បាច់ផ្ដែរនៅច្រកចូលប្រាសាទផ្នែកខាងជើងវិញត្រូវបានរបះធ្លាក់សឹករេចរឹលមួយផ្នែកធំ។
  • តួប្រាសាទទីពីរ ៖ ប្រាសាទប្រុស នៅមិនឆ្ងាយពីប្រាសាទស្រី ចម្ងាយ ៣ម៉ែត្រ បើយើងសង្កេតទៅលើតួប្រាសាទទាំងមូលគឺទ្រុឌទ្រោមខ្លាំងមែនទែន មានទំហំ ៤ម៉ែត្រជាការេបួនជ្រុង និងកម្ពស់ប្រហែល ៥ម៉ែត្រ មិនមានបន្សល់ទុកនៅក្បាច់ចម្លាក់អ្វីឡើយក្រៅពីស៊ុមទ្វារដែលប្រឹងទ្រទប់ដោយសសរពេជ្រមួយគូ និងស្លាកស្នាមទ្វារបញ្ឆោតនៅតាមទិសទាំងបី។
  • តួប្រាសាទទីបី ៖ ប្រាសាទនេះសព្វថ្ងៃនៅសល់តែគ្រឹះ ត្រូវបានមន្រ្តីជំនាញធ្វើកំណាយឃើញអំឡុងពេលកំពុងជុសជុលអភិរក្សប្រាសាទកំពង់ព្រះនេះ និងបានរៀបចំ ធ្វើដំបូលប្រកស័ង្ខសីគ្របពីលើគ្រឹះប្រាសាទដើម្បីការពារទឹកភ្លៀងកុំឱ្យហូរច្រោះ។ នៅបរិវេណខាងមុខប្រាសាទប្រហែល ២០ម៉ែត្រ យើងឃើញមានគ្រឿងសំណង់តុបតែងប្រាសាទ ជើងទម្របដិមា និងទម្រយោនីសម្រាប់តម្កល់សិវលិង្គ ដែលគេយកចេញពីក្នុងប្រាសាទមករៀបទុកចោលនៅក្រោមដើមឈើ។ នៅខាងក្នុងប្រាសាទគេជំនួសមកវិញដោយរូបពុទ្ធបដិមាសម្រាប់គោរពបូជាខាងលទ្ធិពុទ្ធសាសនា។

រូបភាព

ឯកសារយោង

  1. https://rathahongtemple.blogspot.com