(Go: >> BACK << -|- >> HOME <<)

Jump to content

ច្បាប់​ភូមិបាល

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ព្រះរាជក្រម

ព្រះរាជក្រម
នស/រកម/០៨០១/១៤
យើង ព្រះបាទសម្តេច នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាត វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី

បទប្បញ្ញត្តិទូទៅ

មាត្រា១.-
ច្បាប់នេះមានគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិ នៃកម្មសិទ្ធិ និង សិទ្ធិផ្សេងៗទៀតលើអចលនវត្ថុស្របតាមបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា២.-
ចាត់ទុកជាអចលនវត្ថុ តាមន័យ នៃច្បាប់នេះមានអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និង អចលនវត្ថុតាមការកំណត់របស់ច្បាប់ ។ អចលនវត្ថុពីកំណើតមានដីធម្មជាតិដូចជា ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬ មិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹង ឬ ទឹកហូរ និង សំណង់ ឬ ការរៀបចំទាំងឡាយ ដែលស្ថិតនៅជាប់មួយកន្លែង កើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬ ផ្លាស់ប្ដូរកន្លែងបាន ។ អចលនវត្ថុពីភ័ព្វវាសនាមានវត្ថុ ដែលជាប់នឹងដី ឬ បញ្ចូលជាមួយសំណង់ទាំងឡាយ ដែលមិនអាចបែកចេញបានដោយមិនធ្វើឲ្យមានការខូចខាត ឬ មិនដូរសភាពដើមដូចជា ដើមឈើ ឧបករណ៍តែងលំអជាដើម ។ អចលនវត្ថុតាមការកំណត់របស់ច្បាប់មានសិទ្ធិភណ្ឌិកទាំងឡាយលើអចលនវត្ថុ និង ចលនវត្ថុទាំងឡាយ ដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ ។
មាត្រា៣.
ជនគ្រប់រូបត្រូវគោរពទ្រព្យសម្បត្តិរបស់រដ្ឋ និង កម្មសិទ្ធិឯកជនស្របច្បាប់លើអចលនវត្ថុ ។ ការគ្រប់គ្រងផ្នែករដ្ឋបាលសុរិយោដីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ និង ការចេញប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទូទាំងព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។ បទបញ្ជា និង នីតិវិធី នៃការគ្រប់គ្រងអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនឹងត្រូវកំណត់ដោយអនុក្រឹត្យ ។

មាតិកាទី ១ : អំពីកម្មសិទ្ធិឯកជន និង កម្មសិទ្ធិសាធារណៈ

ជំពូកទី ១ អំពីគោលការណ៍ នៃកម្មសិទ្ធិ


មាត្រា ៤ .
សិទ្ធិ នៃកម្មសិទ្ធិ ដែលចែងក្នុងមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ អនុវត្តទៅលើអចលនវត្ថុទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា តាមលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់នេះ ។
មាត្រា ៥ .
គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជន៍សាធារណៈ ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់ និង នីតិវិធីបញ្ញត្តិដោយច្បាប់ និង បទបញ្ជា បន្ទាប់ពីបានផ្ដល់សំណងជាមុនដោយសមរម្យ និង យុត្តិធម៌ ។
មាត្រា ៦ .
មានតែភោគៈត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ ដែលអាចនាំឱ្យបានកម្មសិទ្ធិ ។ រដ្ឋក៏អាចផ្ដល់កម្មសិទ្ធិ នៃទ្រព្យអចលនវត្ថុ ដែលជារបស់រដ្ឋក្នុងព្រំដែនជាក់លាក់ ដែលបានកំណត់ដោយច្បាប់នេះដល់រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលមានសញ្ជាតិខ្មែរ ។ រាល់ការផ្ទេរ ឬ ផ្លាស់ប្ដូរសិទ្ធិ នៃកម្មសិទ្ធិត្រូវធ្វើឡើងតាមវិធាន នៃនីតិរួម នៃការលក់ ការបន្តមរតក ការដូរ ឬ ប្រទានកម្ម ឬ តាមសេចក្ដីសំរេចរបស់តុលាការ ។
មាត្រា ៧ .
របបកម្មសិទ្ធិលើអចលនវត្ថុមុនឆ្នាំ ១៩៧៩ មិនត្រូវបានទទួលស្គាល់ ។
មាត្រា ៨ .
មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដី នៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកមានឧបនិស្ស័យជាកម្មសិទ្ធិករលើដីនៅកម្ពុជាគឺពលរដ្ឋខ្មែរទាំងអស់ សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈ សហគមន៍ ឬ សមាគមកម្ពុជា សហគ្រាសសាធារណៈ និង ក្រុមហ៊ុនស៊ីវីល ឬ ពាណិជ្ជកម្មកម្ពុជា និង គ្រប់អង្គការកម្ពុជា ដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គល ។ ជនបរទេស ដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិដើម្បីឱ្យក្លាយជាកម្មសិទ្ធិករលើដីនៅកម្ពុជានឹងត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា ២៥១ នៃច្បាប់នេះ ។ ទ្រព្យ ដែលបានមកក្នុងលក្ខខណ្ឌនេះត្រូវរឹបអូសយកទុកជាសម្បត្តិរដ្ឋ ដោយរដ្ឋមិនចេញសំណងឱ្យឡើយ ។
មាត្រា ៩ .
ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅកម្ពុជា ហើយ ដែលមានភាគហ៊ុនចាប់ពី ៥១%ឡើងទៅ កាន់កាប់ដោយរូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ នីតិបុគ្គល នៃច្បាប់កម្ពុជាអាចជាកម្មសិទ្ធិករ នៃទ្រព្យជាដីបាន ។ មានតែចំនួនភាគរយ នៃប្រាក់ហ៊ុន ដែលមានចែងក្នុងលក្ខន្តិកៈ ក្រុមហ៊ុនប៉ុណ្ណោះទេ ដែលទទួលយកជាការបាន ។ រាល់ការព្រមព្រៀង ដែលចុះហត្ថលេខាជាលក្ខណៈឯកជនរវាងអ្នកចូលហ៊ុនទាំងឡាយ ដែលមានន័យផ្ទុយពីនេះត្រូវទុកជាមោឃៈ និង គ្មានអនុភាព ។ ប្រសិនបើចំនួនភាគរយ ដែលមានចែងក្នុងលក្ខន្តិកៈបានប្រែប្រួលបណ្ដាលឱ្យក្រុមហ៊ុនលែងមានសញ្ជាតិជាខ្មែរ ក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការផ្លាស់ប្ដូរលក្ខន្តិកៈឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែង ហើយត្រូវផ្ដល់ពត៌មានទៅស្ថាប័នមានសមត្ថកិច្ចអំពីការប្រែប្រួលនេះដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ។
មាត្រា ១០ .
កម្មសិទ្ធិរបស់បុគ្គលតែម្នាក់ទោះជារូបវន្តបុគ្គលក្ដី ឬ នីតិបុគ្គលក្ដីគឺជាកម្មសិទ្ធិឯកត្តជន ។ កម្មសិទ្ធិរបស់បុគ្គលមួយក្រុម ដែលមានបុព្វសិទ្ធិរៀងៗខ្លួន តាមរយៈច្បាប់ ដែលមានបញ្ញត្តិអំពីកម្មសិទ្ធិនេះគឺជាកម្មសិទ្ធិសមូហភាព ។ កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយសាមគ្គីគ្នាទៅលើទ្រព្យទាំងមូលគឺកម្មសិទ្ធិអវិភាគ ។ កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តនូវសិទ្ធិឯកជនផ្ដាច់មុខលើភាគខ្លះ នៃទ្រព្យហើយភាគដទៃទៀតហៅថាភាគរួម ត្រូវដាក់នៅក្រោមបទបញ្ជានីត្យានុកូល ឬ តាមការព្រមព្រៀងគឺសហកម្មសិទ្ធិ ។ ប្រភេទ នៃកម្មសិទ្ធិនីមួយៗ ត្រូវបានកំណត់ដោយបទប្បញ្ញត្តិដោយឡែករបស់កម្មសិទ្ធិទាំងនោះ ។
មាត្រា ១១ .
របបគតិយុត្ដ នៃកម្មសិទ្ធិអចលនវត្ថុប្រែប្រួលទៅតាមត្រូវការរបស់សង្គមខ្មែរដូចជា ដីកសិកម្ម ព្រៃឈើ ផ្លូវទឹក ត្រពាំង បឹងបួ ឬ ធារទឹក ត្រើយសមុទ្រ ឬ ច្រាំងទន្លេ អចលនវត្ថុក្នុងទីក្រុង និង ដីសម្រាប់សាងសង់តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម ។ ច្បាប់ពិសេសត្រូវបំពេញបទប្បញ្ញត្តិទាំងឡាយ នៃអត្ថបទច្បាប់នេះ ឬ តាំងបដិប្បញ្ញត្តិដើម្បីរក្សានូវការចាំបាច់ខាងសង្គមសេដ្ឋកិច្ច ការរៀបចំដែនដី និង នគរូបនីយកម្ម ។ បទបញ្ជាទាំងឡាយនឹងបញ្ជាក់លំអិតនូវរបបផ្សេងៗ នៃកម្មសិទ្ធិ ដោយគោរពតាមបទប្បញ្ញត្តិ នៃច្បាប់ ។

ជំពូកទី ២ : អំពីកម្មសិទ្ធិសាធារណៈ


មាត្រា ១២ .
រដ្ឋជាកម្មសិទ្ធិករ នៃទ្រព្យសម្បត្តិទាំងឡាយក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និង ទ្រព្យនិទាយាទភាពទាំងអស់ ឬ ទ្រព្យ ដែលម្ចាស់ប្រគល់ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬ ទ្រព្យ ដែលមិនមែនជាកម្មវត្ថុ នៃការយកធ្វើជារបស់ឯកជនតាមច្បាប់ ឬ មិនមែនជាទ្រព្យ ដែលកំពុងកាន់កាប់ជារបស់ឯកជនស្របតាមបទប្បញ្ញត្តិ នៃជំពូកទី ៤ នៃច្បាប់នេះ ។
មាត្រា ១៣ .
ក្រៅពីរដ្ឋ សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈ និង នីតិបុគ្គល នៃនីតិសាធារណៈ ដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គល អាចជាកម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុក្នុងលក្ខខណ្ឌ ដែលបានកំណត់ក្នុងជំពូកនេះ ។
មាត្រា ១៤ .
ទ្រព្យមួយចំនួនរបស់រដ្ឋ ឬ របស់សមូហភាពដែនដីសាធារណៈ ដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្តពិសេសគឺជាទ្រព្យសម្បត្តិសាធារណៈរបស់នីតិបុគ្គលសាធារណៈ ។ ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិឯកជន និង អាចជាកម្មវត្ថុ នៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ ។
មាត្រា ១៥ .
រាប់ចូលក្នុងសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ ៖

- ទ្រព្យទាំងឡាយ ដែលបង្ហាញនូវការកើតឡើងពីធម្មជាតិដូចជា ព្រៃឈើផ្លូវទឹក ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវា ឬ ក្បួនចេញចូលបាន បណ្ដែតបាន និង ត្រើយសមុទ្រ
- ទ្រព្យទាំងឡាយ ដែលជាកម្មវត្ថុ នៃការរៀបចំពិសេសសម្រាប់ប្រយោជន៍ទូទៅដូចជាតីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើង និង ព្រលានយន្តហោះ
- ទ្រព្យទាំងឡាយណា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈតាមស្ថានភាពពីកំណើត ឬ ក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និង ឧទ្យានសាធារណៈ និង ដីចំណី
- ទ្រព្យទាំងឡាយ ដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈដូចជាសាលារៀន ឬ អគារសិក្សាសាធារណៈ អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ
- ទ្រព្យទាំងឡាយ ដែលបង្កើតជាដែនបំរុងធម្មជាតិការពារដោយច្បាប់
- បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និង ប្រវត្តិសាស្ត្រ
- អចលនវត្ថុជាព្រះរាជទ្រព្យ ដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស ។ អចលនវត្ថុជាទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ ។


មាត្រា ១៦ .
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយហើយ កម្មសិទ្ធិ នៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេស នៃជំពូកទី ៤ នៃច្បាប់នេះបានទេ ។ ប៉ុន្តែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអាចជាកម្មវត្ថុ នៃការអនុញ្ញាតឱ្យកាន់កាប់ ឬ ប្រើប្រាស់ជាបណ្ដោះអាសន្ន មិនទៀង ហើយអាចដកហូតវិញបាន បើមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្សេងៗ លើកលែងតែបានអនុញ្ញាតតាមជំពូកទី ៣ នៃច្បាប់នេះ ។ ការអនុញ្ញាតទាំងនេះមិនអាចប្រែក្លាយទៅជាកម្មសិទ្ធិ ឬ ជាសិទ្ធិភណ្ឌិកជាប្រយោជន៍ដល់អ្នកកាន់កាប់ទ្រព្យទាំងនេះបានឡើយ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់អនុបយោគ ។
មាត្រា ១៧ .
ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុ នៃការលក់ ការដូរ ការបែងចែក ឬ ការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ ។ ទ្រព្យទាំងនោះអាចផ្ដល់ឲ្យតាមរយៈភតិសន្យា និង ជាកម្មវត្ថុ នៃកិច្ចសន្យា ដែលបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ ។ លក្ខខណ្ឌទាំងឡាយ និង នីតិវិធី នៃការលក់ និង ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈនឹងកំណត់ដោយអនុក្រឹត្យ ។ គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មានអនុក្រឹត្យនេះឡើយ ។ ដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចជាកម្មវត្ថុ នៃសម្បទានក្នុងលក្ខខណ្ឌ ដែលមានចែងក្នុងជំពូកទី ៥ នៃច្បាប់នេះ ។ គ្មានការចាប់យកដីតាមទំនើងចិត្តណាមួយ អាចកើតឡើងទៅលើទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈបានឡើយ ចាប់ពីច្បាប់នេះចូលជាធរមាន ទោះបីស្របនឹងជំពូកទី ៤ នៃច្បាប់នេះក៏ដោយ ។ ប៉ុន្តែដីទំនេរ នៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចត្រូវបានបែងចែកទៅឱ្យបុគ្គល ដែលត្រូវការដីក្នុងគោលដៅសង្គមកិច្ចតាមលក្ខខណ្ឌ ដែលកំណត់ដោយអនុក្រឹត្យ ។
មាត្រា ១៨ .
ត្រូវទុកជាមោឃៈ និង គ្មានអានុភាព ហើយមិនអាចត្រូវបានធ្វើនិយ័តកម្ម ទោះតាមរូបភាពណាក៏ដោយនូវ ៖

- រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ និង រាល់ការបំប្លែងការកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋទៅជាសិទ្ធិកម្មសិទ្ធិ ទោះបីការកាន់កាប់ និង ការបំប្លែងនេះ

កើតមាននៅពេលណាក៏ដោយ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្ត និង នីតិវិធី ដែលបានកំណត់កន្លងមក

- រាល់ការបំប្លែងទៅជាសិទ្ធិកម្មសិទ្ធិ នៃដីសម្បទាន ទោះជាការបំប្លែងនោះកើតឡើងមុនពេលច្បាប់នេះចូលជាធរមានក៏ដោយ លើកលែងតែសម្បទាន ដែលឆ្លើយតបទៅ នឹងប្រយោជន៍សង្គម
- រាល់សម្បទានមិនស្របនឹងបញ្ញត្តិទាំងឡាយ នៃជំពូកទី ៥
- រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ទោះជាតាមរូបភាពណាក៏ដោយ ដែលបានកើតឡើងក្រោយច្បាប់នេះត្រូវចូលជាធរមាន ។


មាត្រា ១៩ .
បុគ្គលទាំងឡាយ ដែលមានប័ណ្ណ ឬ មានស្ថានភាពជាក់ស្ដែងឋិតនៅក្រោមឥទ្ធិពល នៃមាត្រា ១៨ នៃច្បាប់នេះមិនអាចទាមទារសំណងទូទាត់ ឬ សោហ៊ុយសម្រាប់ការថែទាំ ឬ ការរៀបចំ ដែលបានធ្វើលើអចលនវត្ថុ ដែលបានកាន់កាប់ដោយខុសច្បាប់បានឡើយ ។ លទ្ធកម្មណាមួយដោយខុសច្បាប់ និង ដោយចេតនា ឬ ដោយបោកប្រាស់លើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈ ត្រូវផ្ដន្ទាទោសដូចមានចែងក្នុងមាត្រា ២៥៩ នៃច្បាប់នេះ ។ ចំពោះការកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ ដែលបណ្ដាលឱ្យខូចខាត ឬ ធ្វើឱ្យយឺតយ៉ាវដល់ការងារ ដែលជាប្រយោជន៍ទូទៅ ពិសេសចំពោះការកាន់កាប់ដីចំណីផ្លូវកំរិតទោសនឹងត្រូវកំណត់ជាទ្វេ ។ ក្នុងគ្រប់ករណី បើជនល្មើសមិនបញ្ឈប់ការកាន់កាប់របស់ខ្លួនក្នុងរយៈពេល ដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចទេ អាជ្ញាធរអាចដំណើរការបណ្ដេញជនល្មើសចេញ ។

ជំពូកទី ៣ : អំពីកម្មសិទ្ធិរបស់សមូហភាព

ផ្នែកទី ១ : អំពីអចលនវត្ថុរបស់វត្ត


មាត្រា ២០ .
អចលនវត្ថុជាដី និង ជាសំណង់ ដែលមាននៅក្នុង និង ក្រៅបរិវេណវត្តអារាម នៃព្រះពុទ្ធសាសនាជាបេតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ព្រះពុទ្ធសាសនា និង ដាក់ឱ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ត ។
មាត្រា ២១.
អចលនវត្ថុរបស់វត្តមិនអាចលក់ដូរ ឬ ធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ ។ អចលនវត្ថុរបស់វត្តអាចជួល ឬ ប្រវាស់បាន តែផលទុន ដែលបានមកពីការជួល ឬ ប្រវាស់នេះត្រូវទុកសម្រាប់តែកិច្ចការក្នុងសាសនាប៉ុណ្ណោះ ។ កិច្ចការពារទ្រព្យទាំងនេះត្រូវធានាដោយតំណាងគណៈកម្មការវត្ត ។ នីតិវិធី នៃការជ្រើសរើសគណៈកម្មការ និង តំណាងដើម្បីការពារប្រយោជន៍វត្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការ និង សាសនា ។
មាត្រា ២២ .
ទីកន្លែងសក្ការបូជា និង ទ្រព្យសម្បត្តិ នៃជំនឿសាសនាដទៃទៀតមិនស្ថិតនៅក្រោមរបប ដែលមានបញ្ញត្តិក្នុងមាត្រា ២០ និងមាត្រា ២១ នៃច្បាប់នេះឡើយ ។ ទ្រព្យទាំងនោះត្រូវគ្រប់គ្រងដោយសមាគម នៃសាសនិក ដែលបង្កើតឡើងទៅតាមបញ្ញត្តិ នៃច្បាប់ ។

ផ្នែកទី ២ : អំពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច


មាត្រា ២៣ .
សហគមន៍ជនជាតិដើមភាគតិច គឺជាក្រុមមនុស្ស ដែលរស់នៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសមាជិកទាំងអស់បង្ហាញនូវការឯកភាព នៃជាតិពន្ធុ សង្គមវប្បធម៌ និង សេដ្ឋកិច្ចប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និង ដាំដុះលើដី ដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទំលាប់ នៃការប្រើប្រាស់ជាសមូហភាព ។ ក្នុងពេលរង់ចាំការកំណត់ខាងផ្លូវច្បាប់នូវលក្ខន្តិកៈរបស់សហគមន៍ ក្រុម ដែលមានជាក់ស្ដែងមកទល់បច្ចុប្បន្ននេះនឹងបន្តគ្រប់គ្រងសហគមន៍ និង អចលនវត្ថុរបស់ខ្លួនតាមប្រពៃណី ហើយត្រូវអនុវត្តតាមបញ្ញត្តិ នៃច្បាប់នេះ ។
មាត្រា ២៤ .
ចាត់ទុកជាសមាជិក នៃសហគមន៍ជនជាតិដើមភាគតិច ដែលអាចទទួលគុណប្រយោជន៍ពីការធានាសិទ្ធិ និង ការការពារ ដែលរៀបចំឡើងដោយច្បាប់នេះ រាល់បុគ្គល ដែលឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ នៃជាតិពន្ធុ អំពីវប្បធម៌ និង សង្គមរបស់សហគមន៍ ដែលទទួលស្គាល់ដោយមតិភាគច្រើន នៃសមាជិកដទៃទៀត និង ដោយព្រមទទួលនូវសាមគ្គីភាព និង ភាពចំណុះ ដែលនាំឱ្យមានការចូលរួមក្នុងសហគមន៍ ។
មាត្រា ២៥ .
ដីសហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាន និង ប្រកបរបរកសិកម្មប្រពៃណី ។ ដីសហគមន៍ជនជាតិដើមភាគតិចមិនមែនមានតែដី ដែលបានដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែមានដីបំរុងចាំបាច់ក្នុងការដូរវេនដំណាំថែមទៀត ដែលតម្រូវទៅតាមរបៀបទាញយកផល ដែលធ្លាប់ធ្វើកន្លងមក ហើយត្រូវបានទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល ។ ការវាស់វែង និង ការកំណត់ព្រំប្រទល់ នៃអចលនវត្ថុរបស់សហគមន៍ទាំងនោះត្រូវកំណត់ទៅតាមស្ថានភាពជាក់ស្ដែងដូចដែលបានអះអាងដោយសហគមន៍ ដោយមានការព្រមព្រៀងពីអ្នកជិតខាង និង ដែលបានកំណត់តាមនីតិវិធីក្នុងមាតិកាទី ៦ នៃច្បាប់នេះនឹងអនុក្រឹត្យពាក់ព័ន្ធ ។
មាត្រា ២៦ .
កម្មសិទ្ធិ នៃអចលនវត្ថុ ដែលបានចែងក្នុងមាត្រា ២៥ ត្រូវបានផ្ដល់ដោយរដ្ឋជូនសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព ។ កម្មសិទ្ធិសមូហភាពរួមមានរាល់សិទ្ធិ និង ការការពារកម្មសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ ។ ប៉ុន្តែសហគមន៍នោះគ្មានសិទ្ធិចាត់ចែងនូវចំណែកណា មួយ នៃកម្មសិទ្ធិសមូហភាព ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យទៅបុគ្គល ឬ ក្រុមណាមួយបានឡើយ ។ ការអនុវត្តនូវសិទ្ធិជាកម្មសិទ្ធិទាក់ទង និង អចលនវត្ថុរបស់សហគមន៍ និង លក្ខខណ្ឌជាក់លាក់ នៃការប្រើប្រាស់ដីត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរ ប្រពៃណី និង យន្តការ នៃការធ្វើសេចក្ដីសំរេចរបស់សហគមន៍ អនុលោមតាមទំនៀមទំលាប់របស់ពួកគេ ហើយត្រូវដាក់ឱ្យនៅក្រោមច្បាប់ នៃការអនុវត្តទូទៅទាក់ទងនឹងអចលនវត្ថុដូចជា ច្បាប់ការពារបរិស្ថានជាដើម ។ បញ្ញត្តិ នៃមាត្រានេះមិនមែនជាឧបស័គ្គដល់សកម្មភាពការងាររបស់រដ្ឋ ដែលជាតម្រូវការ នៃផលប្រយោជន៍ជាតិ ឬ តម្រូវការជាបន្ទាន់របស់ជាតិឡើយ ។
មាត្រា ២៧ .
ដើម្បីសម្រួលការវិវត្តន៍វប្បធម៌ សេដ្ឋកិច្ច និង សង្គម នៃសមាជិកសហគមន៍ជនជាតិដើមភាគតិច និង ដើម្បីអនុញ្ញាតឱ្យពួកគេបានចេញដោយសេរីពីសហគមន៍ ឬ រួចផុតពីការបង្ខិតបង្ខំសិទ្ធិ នៃកម្មសិទ្ធិឯកត្តជន អាចនឹងត្រូវផ្ទេរជាពិសេសឱ្យពួកគេបានលើចំណែកសមស្របមួយ នៃដី ដែលប្រើ ដោយសហគមន៍ ប៉ុន្តែចំណែក នៃដី ដែលជាកម្មវត្ថុ នៃការយកធ្វើជាកម្មសិទ្ធិឯកជននោះ មិនអាចជាដី ដែលចូលក្នុងនិយមន័យទូទៅ នៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទេ ។
មាត្រា ២៨ .
គ្មានអាជ្ញាធរណាមួយក្រៅពីសហគមន៍ អាចទទួលបានសិទ្ធិលើអចលនវត្ថុរបស់ជនជាតិដើមភាគតិចបានឡើយ ។

មាតិកាទី ២ : អំពីលទ្ធកម្ម នៃកម្មសិទ្ធិ

ជំពូកទី ៤ : អំពីការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលនវត្ថុតាមលទ្ធកម្មពិសេស នៃភោគៈ


មាត្រា ២៩ .
ក្នុងក្របខ័ណ្ឌ នៃការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលនវត្ថុនៅកម្ពុជាក្រោយសម័យមានវិបត្តិពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដោយមិនចំណុះទៅនឹងវិធានទូទៅ នៃអាជ្ញាយុកាលស្ដីពីកម្មសិទ្ធិលើអចលនវត្ថុ ភោគៈ នៃអចលនវត្ថុ ដែលត្រូវបានទទួលស្គាល់ចាប់ពីឆ្នាំ ១៩៨៩ អាចបង្កើតជាពិសេសនូវសិទ្ធិភណ្ឌិកលើអចលនវត្ថុ និង នាំទៅដល់លទ្ធកម្ម នៃកម្មសិទ្ធិដោយអ្នកកាន់ទ្រព្យក្នុងលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់នេះ ។ ការចូលកាន់កាប់ភោគៈត្រូវបញ្ចប់ភោគៈត្រូវបញ្ចប់នៅពេល ដែលច្បាប់នេះចូលជាធរមាន ។
មាត្រា ៣០ .
បុគ្គលទាំងឡាយ ដែលបានអាស្រ័យផល នៃភោគៈដោយសន្តិវិធី និង មិនមានការជំទាស់ចាប់ពី ៥ (ប្រាំ) ឆ្នាំ យ៉ាងតិចគិតមកដល់កាលបរិច្ឆេទ នៃការប្រកាសឱ្យប្រើច្បាប់នេះលើអចលនវត្ថុ ដែលមានលក្ខណៈត្រឹមត្រូវតាមច្បាប់ក្នុងការកាន់កាប់ជាឯកជន មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិជាស្ថាពរ ។ ក្នុងករណីមានការជំទាស់ដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្ថាពរនេះ អ្នកតវ៉ាត្រូវយកភស្តុតាងមកបញ្ជាក់ថា ខ្លួនឯងផ្ទាល់បានបំពេញលក្ខខណ្ឌ នៃភោគៈដោយសន្តិវិធី និង មិនមានការជំទាស់ចាប់ពី៥ (ប្រាំ) ឆ្នាំ នៅលើអចលនវត្ថុ ដែលមានទំនាស់ ឬ យកភស្តុតាង ដែលថាខ្លួនបានទិញអចលនវត្ថុនោះពីភោគីដើម ឬ ពីសិទ្ធិវន្តស្របច្បាប់ ឬ អ្នកទទួលផ្ទេរកម្មសិទ្ធិ ឬ ពីសន្តតិជនរបស់ខ្លួន ។
មាត្រា ៣១ .
បុគ្គល ដែលបានអាស្រ័យផល នៃភោគៈកន្លងមក គិតមកដល់កាលបរិច្ឆេទ ដែលច្បាប់នេះចូលជាធរមាន ប្រសិនបើបានបំពេញគ្រប់គ្រាន់នូវលក្ខខណ្ឌទាំងឡាយក្នុងការក្លាយទៅជាកម្មសិទ្ធិករ អាចត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ចឱ្យបន្ថែមរយៈពេលកាន់កាប់ភោគៈរបស់ខ្លួនរហូតគ្រប់រយៈពេលស្របច្បាប់ ៥ (ឆ្នាំ) និង បានប័ណ្ណកម្មសិទ្ធិស្ថាពរ ។ ការអនុញ្ញាតឱ្យបន្តរយៈពេលមិនអាចត្រូវបានបដិសេធដោយអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើភោគៈបានមកដោយសន្តិវិធី និង មិនមានការជំទាស់ ។ អាជ្ញាធរមានសមត្ថកិច្ច ដែលបដិសេធដោយរំលោភនូវការអនុញ្ញាតឱ្យបន្តរយៈពេលត្រូវទទួលខុសត្រូវខ្លួនចំពោះមុខច្បាប់ ។ ការទទួលស្គាល់ដោយរំលោភដោយអាជ្ញាធរមានសមត្ថកិច្ច នូវភោគៈ ដែលមិនបំពេញលក្ខខណ្ឌ នៃច្បាប់ ត្រូវចាត់ទុកជាមោឃៈ និង គ្មានអានុភាព ។ អាជ្ញាធរ ដែលបានទទួលស្គាល់ដោយរំលោភនេះ ត្រូវទទួលខុសត្រូវដោយផ្ទាល់ខ្លួនចំពោះមុខច្បាប់ ។
មាត្រា ៣២.
អចលនវត្ថុទាំងឡាយ ដែលមិនអាចក្លាយជាកម្មសិទ្ធិ នៃអ្នកកាន់កាប់ស្របតាមច្បាប់នេះក្នុងករណីភោគីបំពេញមិនបាននូវលក្ខខណ្ឌ នៃច្បាប់ ដោយហេតុមកពីលក្ខណៈសម្បត្តិរបស់ខ្លួនជាភោគីកេងបន្លំ ឬ ដោយឥរិយាបថរបស់ខ្លួនជាភោគី ដែលលួចលាក់នឹងច្បាប់ ឬ ដែលមិនចេញមុខ ឬ ជាភោគីដោយប្រើហឹង្សា ។ អចលនវត្ថុនោះត្រូវទុកជាសម្បត្តិរដ្ឋ ហើយមិនអាចឱ្យជនណាចូលកាន់កាប់ភោគីថ្មីសម្រាប់លទ្ធកម្ម នៃកម្មសិទ្ធិក្នុងលក្ខខណ្ឌ នៃជំពូកនេះបានឡើយ ។
មាត្រា ៣៣ .
ក្នុងករណីមានការដកហូតអចលនវត្ថុដោយហឹង្សា ឬ ដោយប្រើអំណាចរំលោភរបស់អាជ្ញាធរ អចលនវត្ថុនោះត្រូវបានបង្វិលមករដ្ឋវិញ ហើយមិនអាចជាកម្មវត្ថុ នៃការកាន់កាប់ថ្មីបានឡើយ ប្រសិនបើគ្មានពាក្យបណ្ដឹងទាមទារពីភោគីស្របច្បាប់ នៃអចលនវត្ថុ ដែលត្រូវបានដកហូត ។ បណ្ដឹងទាមទារនេះមានរយៈពេល ៣ (បី) ឆ្នាំ ចាប់ពីថ្ងៃ ដែលរដ្ឋប្រកាសដកហូត ។
មាត្រា ៣៤.
អ្នកកាន់កាប់ថ្មីលើអចលនវត្ថុ របស់នីតិបុគ្គលសាធារណៈ ឬ របស់បុគ្គលឯកជនដោយគ្មានប័ណ្ណ ក្រោយច្បាប់នេះចូលជាធរមានត្រូវចាត់ទុកជាអ្នកកាន់កាប់ដោយខុសច្បាប់ ហើយត្រូវទទួលទោសដូចមានចែងក្នុងមាត្រា ២៥៩ នៃច្បាប់នេះ ។
មាត្រា ៣៥.
មានតែអាជ្ញាធរមានសមត្ថកិច្ចក្នុងនាមរដ្ឋ និង នីតិបុគ្គលសាធារណៈប៉ុណ្ណោះ ដែលអាចឱ្យអ្នកកាន់កាប់អចលនវត្ថុគ្មានប័ណ្ណ ឬ មានប័ណ្ណមិនគ្រប់គ្រាន់ចាកចេញពីទីតាំងអចលនវត្ថុនោះ ។ សាមញ្ញជន ឬ អាជ្ញាធរ ដែលមិនតាងនាមរដ្ឋ ឬ នីតិបុគ្គលសាធារណៈគ្មានសមត្ថកិច្ចដេញអ្នកកាន់កាប់ដោយសន្តិភាព មានប័ណ្ណត្រឹមត្រូវដោយប្រើកម្លាំងបានឡើយ ។ ការដេញអាចធ្វើបានតែតាមការបង្គាប់របស់តុលាការ យោងតាមបណ្ដឹងរបស់បុគ្គល ដែលបានប្ដឹងទាមទារទ្រព្យ ។ តុលាការត្រូវពិនិត្យបញ្ជាក់រូបភាព ប្រភព កាលបរិច្ឆេទ និង លក្ខខណ្ឌទាំងឡាយ នៃប័ណ្ណ ដែលបានបង្ហាញ ។ តុលាការមិនអាចប្រកែកក្នុងការបង្គាប់ឱ្យចាកចេញដើម្បីជាប្រយោជន៍ដល់បុគ្គល ដែលបង្ហាញប័ណ្ណត្រឹមត្រូវ និង ពេញលេញរបស់សុរិយោដីបានឡើយ ។
មាត្រា ៣៦ .
បើវិធានការបណ្ដេញចេញ បង្គាប់ដោយតុលាការអាចបណ្ដាលឱ្យមានភាពវឹកវរ ឬ មានផលវិបាកធ្ងន់ធ្ងរដល់សង្គម អាជ្ញាធរមានសមត្ថកិច្ចអាចសុំព្យួរការអនុវត្តន៍ជាបណ្ដោះអាសន្នបាន ។
មាត្រា ៣៧ .
លទ្ធកម្ម នៃកម្មសិទ្ធិលើអចលនវត្ថុដោយភោគៈអាចសម្រេចបាន ចំពោះតែគុណប្រយោជន៍ដល់បុគ្គល ដែលបានកាន់កាប់អចលនវត្ថុ ស្របតាមលក្ខខណ្ឌ នៃច្បាប់នេះ ។ លទ្ធកម្មនេះមិនអាចជាគុណប្រយោជន៍ដល់ភោគីកេងបន្លំឡើយ ។
មាត្រា ៣៨ .
ដើម្បីក្លាយទៅជាកម្មសិទ្ធិលើអចលនវត្ថុបាន លុះត្រាតែភោគៈនោះត្រូវបានកាន់កាប់ដោយពិតប្រាកដ គ្មានហឹង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាន និង ដោយសុចរិត ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយពិតប្រាកដគឺថា ភោគីទោះកាន់កាប់ដោយខ្លួនឯងក្ដី ឱ្យអ្នកដទៃធ្វើឱ្យក្ដីត្រូវកាន់កាប់ឱ្យឃើញថា ការនោះប្រាកដជាធ្វើដើម្បីខ្លួនក្នុងគោលដៅខ្លួនជាភោគីយ៉ាងផ្ដាច់មុខ កុំឱ្យឃើញថាការ ដែលធ្វើនោះគឺធ្វើដោយសារសិទ្ធិណាមួយផ្សេងទៅវិញ ។ ប្រសិនបើភោគីពិតប្រាកដមិនចេញមុខ នៅពីក្រោយភោគីមិនពិតប្រាកដ ភោគីនោះមិនអាចទាមទារប័ណ្ណភោគៈដើម្បីធ្វើលទ្ធកម្មទៅជាកម្មសិទ្ធិបានឡើយ ។ ភោគៈនោះត្រូវចាត់ទុកជាមោឃៈ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយគ្មានហិង្សាគឺថា ភោគៈ ដែលបានមកដោយហិង្សាមិនទុកជាភោគៈត្រឹមត្រូវតាមច្បាប់ឡើយ ។ ក៏ប៉ុន្តែ បើកាលណាគេប្រើហិង្សាក្នុងពេលមានតតិយជនឥតសិទ្ធិសោះមកដណ្ដើមនោះ ហិង្សានេះគ្មានឥទ្ធិពលអ្វីទៅលើភោគៈ ដែលគេបានដោយសន្តិភាពតាំងពីដើមមកនោះទេ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយដឹងឮជាសាធារណៈគឺថា ភោគីត្រូវកាន់កាប់ដោយឥតលាក់បិទបាំងអ្នកទាំងពួង ដែលចង់តវ៉ាអំពីសិទ្ធិរបស់ខ្លួនលើវត្ថុនោះនឹងបានដឹងឮឃើញមិនខាន ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយគ្មានអាក់ខានគឺថាភោគីត្រូវធ្វើនូវកិច្ចការផងទាំងពួងតាមធម្មតាជាប្រក្រតីក្នុងរយៈពេលចាំបាច់ នៃការទាមទារលទ្ធកម្មកម្មសិទ្ធិ ។ ការអាក់ខានក្នុងរយៈពេលខ្លី ឬ បោះបង់ទុកឱ្យនៅទំនេរដើម្បីឱ្យមានជីជាតិឡើងវិញមិនមែនជាឧបសគ្គដល់លទ្ធកម្មកម្មសិទ្ធិនោះទេ ។ ភោគីត្រូវកាន់កាប់អចលនវត្ថុដោយសុចរិតគឺថា ភោគីមិនដឹងពីសិទ្ធិជាយថាហេតុរបស់តតិយជនលើវត្ថុ ដែលខ្លួនកំពុងកាន់កាប់នោះសោះ ។
មាត្រា ៣៩ .
ក្នុងការរង់ចាំដើម្បីឱ្យបានទៅជាកម្មសិទ្ធិពេញលេញ ភោគៈ ដែលស្របតាមបញ្ញត្តិ នៃច្បាប់នេះបង្កើតបានជាកម្មសិទ្ធិភណ្ឌិកលើអចលនវត្ថុ ។ ភោគៈនេះអាចជាកម្មវត្ថុ នៃការផ្លាស់ប្ដូរ ផ្ទេរសិទ្ធិ ឬ ជាកម្មវត្ថុ នៃកិច្ចការជំនួញ ។
មាត្រា ៤០ .
ក្នុងការរង់ចាំការរៀបចំឡើងវិញនូវប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចំពោះភោគៈ ដែលមានកន្លងមក មុនច្បាប់នេះចូលជាធរមាន ។ ប័ណ្ណសំគាល់សិទ្ធិនេះជាវត្ថុតាង នៃសិទ្ធិកាន់កាប់ ប៉ុន្តែមិនមែនជាប័ណ្ណ នៃកម្មសិទ្ធិទេ ហើយក៏មិនមែនជាលិខិត ដែលតវ៉ាមិនបាននោះដែរ ។ ប័ណ្ណសំគាល់សិទ្ធិនេះ អាចនឹងបង្កើតបានជាប័ណ្ណស្ថាពរ នៃកម្មសិទ្ធិ ដែលមានលក្ខណៈ មិនអាចតវ៉ាបាន លុះត្រាតែគ្មានការជំទាស់នៅពេលបង្កើតសៀវភៅគោលបញ្ជីដី ។ ក្នុងករណីមានការជំទាស់ទាមទារ ការកំណត់ថានរណាជាភោគីស្របច្បាប់ នៃអចលនវត្ថុនោះ ត្រូវផ្អែកលើការស៊ើបអង្កេតបន្ថែមនូវរាល់ភស្តុតាង ដែលពាក់ព័ន្ធទាំងអស់ ។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុគឺជាភស្តុតាងមួយប៉ុន្តែមិនអាចកំណត់តែឯកឯងបានទេ ។
មាត្រា ៤១ .
ត្រូវហាមឃាត់ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលមិនអាចយកធ្វើជារបស់ឯកជនបាន ឬ ដែលមិនបានកាន់កាប់តាមលក្ខខណ្ឌស្របច្បាប់ ។
មាត្រា ៤២ .
បុគ្គលទាំងឡាយ ដែលមិនបានចុះបញ្ជីភោគៈស្របច្បាប់របស់ខ្លួន ដោយហេតុមិនបានដឹង ឬ ដោយធ្វេសប្រហែស អ្នកនោះនៅតែមានសិទ្ធិត្រូវបានការពារអំណាច នៃមាត្រា ២៩មាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់នេះ ។
មាត្រា ៤៣ .
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចជាកម្មវត្ថុ នៃលទ្ធកម្មកម្មសិទ្ធិបានឡើយ ទោះក្នុងករណីណាក៏ដោយ ។ ស្ថានភាព នៃអ្នកកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតែមិនទៀងទាត់ និង ខុសច្បាប់ដ ដែល ប្រសិនជាស្ថានភាពនោះមិនកើតចេញពីការអនុញ្ញាតតាមបែបផែន ដែលបានកំណត់ដោយច្បាប់ទេនោះ ។ បុគ្គលកាន់កាប់ខុសច្បាប់ត្រូវបង្ខំឱ្យចាកចេញជាបន្ទាន់ ហើយត្រូវទទួលទណ្ឌកម្ម ដែលបានកំណត់ក្នុងមាត្រា ២៥៩ នៃច្បាប់នេះ ។ បុគ្គលកាន់កាប់ខុសច្បាប់គ្មានសិទ្ធិទាមទារសំណងសម្រាប់ចំណាយលើការងារ និង ការកែលំអ ដែលខ្លួនបានធ្វើនៅលើអចលនវត្ថុនោះឡើយ ។
មាត្រា ៤៤ .
ប័ណ្ណ ឬ ឯកសារសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ របស់នីតិបុគ្គលសាធារណៈ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចឱ្យដល់បុគ្គលឯកជន ត្រូវទុកជាមោឃៈ និង គ្មានតម្លៃគតិយុត្ត ។ ភ្នាក់ងារ ដែលចេញប័ណ្ណ ឬ ឯកសារសំគាល់សិទ្ធិកាន់កាប់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងខាងស៊ីវិល និង ព្រហ្មទណ្ឌ ។ អាជ្ញាធរ ដែលព្រងើយកន្តើយចំពោះការរំលោភខុសច្បាប់តាមរបៀបនេះ ដែលខ្លួនបានដឹងចាត់ទុកជាអ្នករួមគំនិត ហើយត្រូវទទួលទោសដូចគ្នានឹងចារីដែរ ។
មាត្រា ៤៥ .
ក្នុងករណី ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ព្រម​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​អ្នក​កាន់​កាប់​អចលនវត្ថុ​នោះ​អាច​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។
មាត្រា ៤៦ .
ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដោយអាជ្ញាធរមានសមត្ថកិច្ច ឱ្យបុគ្គលក្រៅពីភោគីពិតប្រាកដដ ដែលបានកាន់កាប់អចលនវត្ថុ គឺជាបទល្មើស ដែលត្រូវទទួលទោសតាមបញ្ញត្តិ នៃមាត្រា ២៦១ នៃច្បាប់នេះ ។
មាត្រា ៤៧ .
វិវាទរវាងភោគីចំពោះអចលនវត្ថុមួយ នឹងត្រូវដាក់ឱ្យធ្វើការស៊ើបអង្កេត និង ដោះស្រាយតាមនីតិវិធី ដែលបានកំណត់ ។ លទ្ធផល នៃការស៊ើបអង្កេតត្រូវដាក់ជូនគណៈកម្មការសុរិយោដី ដែលបង្កើតឡើងនៅក្រសួងរៀបចំដែនដី នគរូបនីកម្ម និង សំណង់ ។ គណៈកម្មការនេះត្រូវធ្វើសេចក្ដីសំរេចលើបដិវាទកម្មនោះ ។ ក្នុងករណីមិនសុខចិត្តគូវិវាទ អាចប្ដឹងទៅតុលាការបាន ។ ការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មការនេះ ត្រូវកំណត់ ដោយអនុក្រឹត្យ ។

ជំពូកទី ៥ : អំពីសម្បទានដី


មាត្រា ៤៨ .
សម្បទានដីជាសិទ្ធិស្របច្បាប់ ដែលបានចែងក្នុងឯកសារគតិយុត្តចេញដោយអាជ្ញាធរមានសមត្ថកិច្ច តាមអំណាចឆន្ទានុសិទ្ធិឱ្យរូបវន្តបុគ្គល ឬ នីតិបុគ្គល ឬ ក្រុមមនុស្សដើម្បីកាន់កាប់ដី និង ប្រើប្រាស់សិទ្ធិលើដីនោះតាមការកំណត់ នៃច្បាប់នេះ ។
មាត្រា ៤៩ .
សម្បទានដីត្រូវឆ្លើយតបទៅនឹងប្រយោជន៍សង្គម ឬ ទៅនឹងប្រយោជន៍សេដ្ឋកិច្ច ។ សម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សង្គម អនុញ្ញាតឱ្យអ្នកទទួលប្រយោជន៍រៀបចំដីដើម្បីសង់លំនៅឋាន ឬ / និង ដាំដំណាំនៅលើដី ដែលជាកម្មសិទ្ធិរបស់រដ្ឋដើម្បីធានាការចិញ្ចឹមជីវិត ។ សម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច អនុញ្ញាតឱ្យអ្នកទទួលប្រយោជន៍កាប់ឆ្ការ ទាញយកផលដោយធ្វើអាជីវកម្មកសិឧស្សាហកម្មលើដី នៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ៥០ .
សម្បទានអាចមានរូបភាពផ្សេងទៀតដូចជាការអនុញ្ញាតឱ្យប្រើប្រាស់ រៀបចំ ឬ ធ្វើអាជីវកម្មដី ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ទោះជាភ្ជាប់ ឬ មិនភ្ជាប់ទៅនឹងការបំពេញសេវាសាធារណៈក៏ដោយមានជាអាទិ៍ សម្បទានរ៉ែ សម្បទានកំពង់ផែ សម្បទានព្រលានយន្ដហោះ សម្បទានរៀបចំតំបន់ឧស្សាហកម្ម សម្បទាននេសាទ ។ សម្បទានទាំងនេះមិនឋិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់នេះទេ ។
មាត្រា ៥១ .
សម្បទានដីមិនអាចប្រគល់ឱ្យដោយឥតគិតថ្លៃទេ លើកលែងតែសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ដែលប្រគល់ឱ្យគ្រួសារក្រីក្រសម្រាប់តាំងទីលំនៅ ឬ / និង ដាំដំណាំចិញ្ចឹមជីវិត ។
មាត្រា ៥២ .
សម្បទានដីអាចបង្កើតបានតែសិទ្ធិក្នុងរយៈពេលមួយជាកំណត់តាមកិច្ចសន្យា ដែលបានបង្កើតសម្បទាននោះស្របតាមបញ្ញត្តិ នៃច្បាប់នេះ ។ សម្បទានដីមិនអាចឈានដល់ការបង្កើតនូវសិទ្ធិជាកម្មសិទ្ធិលើដី ដែលបានផ្តល់ជាសម្បទានជាប្រយោជន៍ដល់សាមីជននោះទេ លើកលែងតែចំពោះសម្បទាន ដែលឆ្លើយតបទៅនឹងប្រយោជន៍សង្គម ។
មាត្រា ៥៣ .
សម្បទានដីមិនអាចកើតចេញពីស្ថានភាពកាន់កាប់ដីជាក់ស្ដែងបានទេ ។ សម្បទានដីត្រូវសំអាងលើលិខិតគតិយុត្តជាក់លាក់ ដែលបានចេញមុនការកាន់កាប់ដីដោយអាជ្ញាធរមានសមត្ថកិច្ចគឺរដ្ឋ ឬ សមូហភាពដែនដីសាធារណៈ ឬ គ្រឹះស្ថានសាធារណៈ ដែលជាកម្មសិទ្ធិករ នៃដី ដែលត្រូវបានផ្តល់ជាសម្បទាន ។ សម្បទានត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។
មាត្រា ៥៤ .
សម្បទានដីត្រូវមានលក្ខខណ្ឌ ។ សម្បទានត្រូវតែអនុលោមទៅតាមបទប្បញ្ញត្តិ នៃច្បាប់នេះ ដែលជាសណ្ដាប់ធ្នាប់សាធារណៈ ។ លិខិតសម្បទានអាចមានខដោយឡែកផ្សេងទៀត ដែលមានតម្លៃជាកិច្ចសន្យា ។
មាត្រា ៥៥ .
សម្បទានដីត្រូវបានដកហូតវិញដោយសេចក្ដីសំរេចខាងរដ្ឋបាល ក្នុងករណីលក្ខខណ្ឌច្បាប់មិនត្រូវបានគោរព ។ ករណីនេះសម្បទានិកមានសិទ្ធិប្ដឹងទៅតុលាការតាមនីតិវិធី ដែលច្បាប់បានកំណត់ ។ សម្បទានដីអាចត្រូវបានទុកជាមោឃៈដោយតុលាការ កាលបើសម្បទានិកមិនគោរពខដោយឡែក ដែលមានចែងក្នុងកិច្ចសន្យា ។
មាត្រា ៥៦ .
សិទ្ធិរបស់សម្បទានិកលើដី ដែលបានផ្តល់ជាសម្បទានក្នុងអំឡុងពេល នៃសម្បទាន គឺជាសិទ្ធិ ដែលទទួលស្គាល់ដូចជាកម្មសិទ្ធិករ លើកលែងតែការផ្ទេរសិទ្ធិ ។ សម្បទានិកមានសិទ្ធិជាពិសេសក្នុងការការពារស្ថានភាពរបស់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ច ។ សម្បទានិកអាចការពារដី ដែលបានផ្តល់ជាសម្បទានឱ្យខ្លួនចំពោះការទន្ទ្រាន ឬ ការប៉ះពាល់ទោះជាតាមរូបភាពណាក៏ដោយ ។ សម្បទានិកអាចទាញយកនូវផលិតផលពីដីរបស់ខ្លួនធ្វើការរៀបចំដាំដុះស្របតាមគោលបំណង នៃសម្បទាន ។ សម្បទានិកមិនអាចកែប្រែគោលបំណង នៃសម្បទានធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធធម្មជាតិ និង ធ្វើអាជីវកម្ម ដែលមានលក្ខណៈជាការបំផ្លាញនៅចុងបញ្ចប់ នៃសម្បទានបានឡើយ ។
មាត្រា ៥៧ .
ការផ្ទេរដីសម្បទានមិនអាចធ្វើឡើងតាមរយៈការផ្ទេរសិទ្ធិបានឡើយ ។ ការផ្ទេរដីសម្បទាន អាចកើតឡើងតែតាមរយៈការបង្កើតកិច្ចសន្យាថ្មី នៃសម្បទានដោយអាជ្ញាធរមានសមត្ថកិច្ច ជាគុណប្រយោជន៍ដល់អ្នកទទួលសិទ្ធិសម្បទានថ្មី ។ ក្នុងករណី ដែលសម្បទានិកទទួលមរណភាព ទាយាទទាំងឡាយរបស់ខ្មោចប្រសិនជាមានបំណង អាចនឹងបន្តប្រើប្រាស់សិទ្ធិទាំងនោះក្នុងរយៈពេលសម្បទាន ដែលនៅសល់ ។
មាត្រា ៥៨ .
សម្បទានដីអាចធ្វើឡើងបានតែនៅលើដី ដែលជាចំណែក នៃទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ។ សម្បទានដីមិនអាចប៉ះពាល់ផ្លូវគមនាគមន៍ ដីចំណីផ្លូវ និង ដីចាំបាច់សម្រាប់ថែទាំក៏ដូចជាផ្លូវទឹក ត្រពាំង បឹង និង ដែនទឹកបំរុង ដែលមានប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ។
មាត្រា ៥៩ .
សម្បទានដីមានទំហំច្រើនបំផុតត្រឹមតែ ១០.០០០ (មួយម៉ឺន) ហិកតា ។ សម្បទានដី ដែលសំរេចហើយ ហើយមានទំហំលើសពីទំហំកំណត់ខាងលើ ជាកម្មវត្ថុ នៃការកាត់បន្ថយ ។ ប៉ុន្តែប្រសិនបើការកាត់បន្ថយនេះមានឥទ្ធិពលធ្វើឱ្យខូចប្រយោជន៍អាជីវកម្ម ដែលកំពុងមានដំណើរការ សម្បទានិកអាចនឹងទទួលបានការលើកលែងជាពិសេស ។ នីតិវិធី នៃការកាត់បន្ថយ និង ការលើកលែងជាពិសេសត្រូវកំណត់ដោយអនុក្រឹត្យ ។ ត្រូវបានហាមឃាត់ការចេញលិខិតសម្បទានដីច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬ ឱ្យនីតិបុគ្គលច្រើន តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬ នីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំ ដែលបានកំណត់នៅវាក្យខ័ណ្ឌខាងលើ ។
មាត្រា ៦០ .
នីតិវិធី នៃការផ្តល់សម្បទានដីសម្រាប់ការសង់លំនៅឋាន និង សម្បទានដីកសិកម្មសម្រាប់ការចិញ្ចឹមជីវិត ឬ អាជីវកម្មកសិឧស្សាហកម្មត្រូវកំណត់ដោយអនុក្រឹត្យ ។
មាត្រា ៦១.
រយៈពេល នៃសម្បទានដីត្រូវកំណត់ ៩៩ (កៅសិបប្រាំបួន) ឆ្នាំ យ៉ាងច្រើន ។
មាត្រា ៦២ .
រាល់សម្បទានដីសម្រាប់ដាំដំណាំឧស្សាហកម្ម ត្រូវចាប់ផ្ដើមធ្វើអាជីវកម្មក្នុងរយៈពេល១២ (ដប់ពីរ) ខែ បន្ទាប់ពីការផ្តល់សម្បទាន បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ ។ ការខកខានធ្វើអាជីវកម្មរយៈពេលលើសពី ១២ (ដប់ពីរ) ខែ នាំឱ្យមានមោឃភាពសម្បទានប្រសិនបើការខកខាននោះពុំមានមូលហេតុត្រឹមត្រូវ ។ រាល់សម្បទានដី ដែលបានផ្តល់ឱ្យមុនច្បាប់នេះចូលជាធរមាន ហើយមិនបានធ្វើអាជីវកម្មចាប់ពី ១២ (ដប់ពីរ) ខែ ឡើងទៅ គិតពីថ្ងៃ ដែលច្បាប់នេះចូលជាធរមាន ត្រូវទុកជាមោឃៈប្រសិនបើការខកខានមិនបានធ្វើអាជីវកម្មនោះពុំមានមូលហេតុត្រឹមត្រូវ ។ រាល់ការមិនបានបំពេញកិច្ចតាមសៀវភៅបន្ទុកដោយសម្បទានិក នាំឱ្យមានការដកហូតសម្បទា ។ ក្នុងករណី នៃការដកហូតសម្បទាន ទោះជាមានមូលហេតុអ្វីក៏ដោយសម្បទានិកគ្មានសិទ្ធិទារសំណង នៃការខូចខាតណាមួយឡើយ ។

ជំពូកទី ៦ : អំពីរបៀបលទ្ធកម្ម នៃកម្មសិទ្ធិ

មាត្រា ៦៣ .
- ការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងបុគ្គលឯកជនតាមរយៈការលក់ ការដូរ ការធ្វើអំណោយ ឬ តាមរយៈសន្តតិកម្មត្រូវអនុវត្តតាមបញ្ញត្តិ នៃច្បាប់ ។

ផ្នែកទី ១ : អំពីលទ្ធកម្មដោយការលក់អចលនវត្ថុ

មាត្រា ៦៤ .
- ការលក់អចលនវត្ថុគឺជាកិច្ចសន្យា ដែលអនុញ្ញាតឱ្យផ្ទេរសិទ្ធិជាកម្មសិទ្ធិ នៃអចលនវត្ថុពីអ្នកលក់ឱ្យអ្នកទិញ ដោយអ្នកទិញត្រូវបង់ប្រាក់ថ្លៃអចលនវត្ថុនោះទៅឱ្យអ្នកលក់ ។
មាត្រា ៦៥ .
- ការផ្ទេរកម្មសិទ្ធិមិនអាចជំទាស់ពីតតិយជនបាន លុះត្រាតែកិច្ចសន្យាលក់អចលនវត្ថុត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់លិខិតយថាភូតធ្វើដោយអាជ្ញាធរមានសមត្ថកិច្ចហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី ។ កិច្ចសន្យាលក់តែឯកឯង មិនអាចចាត់ទុកជាការផ្ទេរកម្មសិទ្ធិទ្រព្យនោះពេញលក្ខណៈច្បាប់បានឡើយ ។
មាត្រា ៦៦ .
- បុគ្គល ដែលមានសញ្ជាតិខ្មែរ និង មានសមត្ថភាពចុះកិច្ចសន្យាអាចលក់ ឬ ទិញទ្រព្យជាអចលនវត្ថុបាន ។ បុគ្គល ដែលមិនអាចលក់បានគឺ :
- បុគ្គល ដែលមិនមែនជាកម្មសិទ្ធិករ នៃទ្រព្យ ដែលត្រូវលក់
- កម្មសិទ្ធិករ នៃទ្រព្យអវិភាគដោយគ្មានការយល់ព្រមពីកម្មសិទ្ធិករអវិភាគផ្សេងទៀត
- បុគ្គល ដែលមានអចលនវត្ថុជាកម្មវត្ថុ នៃការរឹបអូស ។
បុគ្គល ដែលមិនអាចទិញបានគឺ:
- អាណាព្យាបាលមិនអាចទិញទ្រព្យរបស់បាលិតខ្លួន
- ហិតូបត្ថម្ភកៈមិនអាចទិញទ្រព្យ ដែលខ្លួនគ្រប់គ្រង
- ចៅក្រម ឬ ភ្នាក់ងាររដ្ឋបាលមិនអាចទិញទ្រព្យ ដែលយុត្តាធិការរបស់ខ្លួន ឬ ដែលខ្លួនមានបេសកកម្មលក់
- បុគ្គល ដែលមានទ្រព្យត្រូវរឹបអូសមិនអាចទិញទ្រព្យនោះវិញបានទេ ។
មាត្រា ៦៧ .
- ការលក់រវាងសហព័ទ្ធត្រូវទុកជាមោឃៈ ។
មាត្រា ៦៨ .
- អ្នកលក់ត្រូវធានាជាមួយអ្នកទិញ ក្នុងកិច្ចសន្យា ចំពោះអចលនវត្ថុ ដែលកល់នូវរាល់វិការៈអាថ៌កំបាំងសំខាន់ៗ បើពុំនោះទេនាំឱ្យមានកតិកាភេទ នៃការលក់ ។
មាត្រា ៦៩ .
- ការផ្ទេរកម្មសិទ្ធិត្រូវចាត់ទុកជាបានសម្រេច ចាប់ពីពេល ដែលបានចុះបញ្ជីកិច្ចសន្យានោះនៅ អង្គភាពសុរិយោដី ។ ថ្លៃលក់ត្រូវតែចុះក្នុងកិច្ចសន្យាលក់ បើមិនដូច្នោះទេកិច្ចសន្យាលក់នោះត្រូវទុកជាមោឃៈ ។ កិច្ចសន្យាលក់អចលនវត្ថុនឹងអាចចុះបញ្ជីបាន លុះត្រាតែភាគីទាំងអស់បានបង្ហាញភស្តុតាងថារាល់ពន្ធដារលើទ្រព្យនោះត្រូវបានបង់រួច ។

ផ្នែកទី ២ : អំពីលទ្ធកម្មដោយការដូរអចលនវត្ថុ

មាត្រា ៧០.
- ការដូរអចលនវត្ថុ គឺជាកិច្ចសន្យា ដែលភាគីទាំងសងខាងព្រមព្រៀងឱ្យអចលនវត្ថុគ្នាទៅវិញទៅមក ។ ការដូរអចលនវត្ថុអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ នៃទ្រព្យជាអចលនវត្ថុបាន ។ ការដូរនេះត្រូវមានលក្ខខណ្ឌដូចគ្នានឹងការលក់ដែរ ។

ផ្នែកទី ៣ : អំពីលទ្ធកម្មដោយសន្តតិកម្ម

មាត្រា ៧១ .
- អាចផ្ទេរតាមរយៈសន្តតិកម្មឥតបណ្ដាំ សន្តតិកម្មមានបណ្ដាំ ឬ អច្ចយទាននូវ:
- ទ្រព្យជាអចលនវត្ថុ ដែលប័ណ្ណកម្មសិទ្ធិត្រូវបានរៀបចំជាស្ថាពរស្របតាមបញ្ញត្តិទាំងឡាយ នៃច្បាប់នេះ
- ភោគៈទាំងឡាយស្របតាមច្បាប់ដោយយោងទៅលើប័ណ្ណ ឬ ឯកសារគតិយុត្ត ឬ ភស្តុតាងផ្សេងៗទៀត
- រាល់អវយវភេទ នៃកម្មសិទ្ធិ និង រាល់សិទ្ធិភណ្ឌិកអចលនវត្ថុ ។
មាត្រា ៧២ .
- ក្នុងករណីសន្តតិកម្ម ការគិតរយៈពេលចាំបាច់ នៃការកាន់កាប់អចលនវត្ថុសម្រាប់លទ្ធកម្មកម្មសិទ្ធិពេញលេញដូច ដែលបានបញ្ញត្តិក្នុងមាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់ នេះត្រូវរាប់ចាប់ពីពេល ដែលខ្មោចបានចូលកាន់កាប់ទ្រព្យនោះ ។
មាត្រា ៧៣ .
- ទ្រព្យជាអចលនវត្ថុ ដែលគ្រាន់តែកាន់កាប់ដោយជាក់ស្ដែង ហើយមិនទាន់បានចុះបញ្ជី ឬ បញ្ជាក់ដោយលិខិតរដ្ឋបាល ប៉ុន្តែត្រូវបានកាន់កាប់ស្របតាមលក្ខខណ្ឌ នៃច្បាប់ ក៏អាចជាកម្មវត្ថុ នៃការផ្ទេរតាមសន្តតិកម្មបានដែរ ។
មាត្រា ៧៤ .
- ក្នុងករណីទ្រព្យកាន់កាប់គ្មានប័ណ្ណត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម ទាយាទ ដែលជាអ្នកកាន់កាប់ថ្មីអាចបន្តចាត់ចែងទ្រព្យនោះ និង ទទួលបាននូវកិច្ចការពារ ដោយហេតុថាស្ថានភាពរបស់ខ្លួនឆ្លើយតបទៅនឹងលក្ខខណ្ឌ នៃច្បាប់ ។ ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ច ឬ ជនណាក៏ដោយមិនអាចយកលេសពីស្ថានភាព នៃការកាន់កាប់ជាក់ស្ដែងរបស់ខ្មោច ឬ យកលេសពីការខ្វះនូវការជំរះមរតកត្រឹមត្រូវ ដើម្បីធ្វើឱ្យប៉ះពាល់សិទ្ធិ នៃទាយាទ និង ជាពិសេសដើម្បីបដិសេធការទទួលស្គាល់ ឬ មិនបញ្ជាក់ការកាន់កាប់របស់គេបានឡើយ ។
មាត្រា ៧៥ .
- កាលបើអចលនវត្ថុជាមរតកប្រើប្រាស់សម្រាប់ជាលំនៅឋាន នៃគ្រួសាររបស់ខ្មោច ឬ ដីប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ជីវភាពដោយផ្ទាល់ ទាយាទមិនអាចសុំបែងចែក ឬ សម្រេចលក់ទ្រព្យនោះទេ លើកលែងមានការយល់ព្រមដោយច្បាស់ពីសហទាយាទទាំងអស់ ។ ក្នុងករណីមានការជំទាស់អំពីការបែងចែកមរតក សហទាយាទមានសិទ្ធិប្ដឹងទៅតុលាការដើម្បីសុំឱ្យដោះស្រាយទំនាស់នេះ ។ ការលក់ចំណែកសិទ្ធិរបស់សហទាយាទណាម្នាក់ត្រូវទុកជាមោឃៈ ប្រសិនបើគ្មានការយល់ព្រមច្បាស់លាស់ពីសហទាយាទទាំងអស់ ។ ម្យ៉ាងទៀតចំពោះសហទាយាទ ដែលបានលក់ចំណែកសិទ្ធិរបស់ខ្លួននេះត្រូវបាត់បង់សិទ្ធិ នៃសន្តតិកម្មលើទ្រព្យ ដែលបានលក់ ។ សហទាយាទណាម្នាក់ ដែលបានបំពានការហាមលក់មរតកនេះ ត្រូវទទួលខុសត្រូវតែម្នាក់ឯងលើអំពើរបស់ខ្លួនចំពោះអ្នកទិញ ។
មាត្រា ៧៦ .
- ទាយាទទាំងឡាយ ដែលមិនអាចបន្តនិរន្តរភាព នៃការកាន់កាប់ទ្រព្យជាមរតកបាន ដោយជាក់ស្ដែង ឬ ដោយគតិយុត្ត ឬ មិនចង់ទទួលបន្ទុកដោយខ្លួនឯង អាចធ្វើការផ្ទេរ ដោយប្រគល់សិទ្ធិឱ្យតតិយជនបាន ។
មាត្រា ៧៧ .
- បើអ្នកទទួលសម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ចមិនមែនជាក្រុមហ៊ុន ហើយមានប័ណ្ណអចលនវត្ថុកាន់កាប់ដោយរូបវន្តបុគ្គលម្នាក់ ដែលទទួលមរណភាព សម្បទាននោះមិនអាចជាកម្មវត្ថុ នៃការបែងចែកដោយគ្មានការយល់ព្រមពីអាជ្ញាធររដ្ឋបាល ដែលបានផ្ដល់សម្បទានបានឡើយ ។
មាត្រា ៧៨ .
- ទ្រព្យទាំងឡាយ ដែលកម្មសិទ្ធិករស្លាប់ដោយគ្មានបន្សល់ទុកនូវទាយាទ ឬ អច្ចយលាភីត្រូវត្រឡប់មកជារបស់រដ្ឋ ហើយត្រូវបញ្ចូលក្នុងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។
មាត្រា ៧៩ .
- ការចាត់ចែងមរតកត្រូវស្ថិតនៅក្រោមវិធានទាំងឡាយ នៃទំលាប់ប្រពៃណីក្នុងរឿងនេះក្នុងពេលរង់ចាំការប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណីថ្មី ។

ផ្នែកទី ៤ : អំពីលទ្ធកម្មដោយប្រទានកម្ម

មាត្រា ៨០ .
- ប្រទានកម្មគឺជាកិច្ចសន្យា ដែលជនម្នាក់ហៅថាអ្នកអោយ ឬ ទាយកផ្ទេរនូវកម្មសិទ្ធិ នៃទ្រព្យរបស់ខ្លួនឱ្យទៅជនម្នាក់ទៀតហៅថាអ្នកទទួល ឬ បដិគ្គាហក ដែលព្រមទួលយកទ្រព្យនោះ ។
មាត្រា ៨១ .
- ប្រទានកម្មអចលនវត្ថុមិនអាចត្រូវបានជំទាស់ពីតតិយជនបាន លុះត្រាតែប្រទានកម្មនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់លិខិតយថាភូត ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី ។
មាត្រា ៨២ .
- អចលនវត្ថុអាចជាកម្មវត្ថុ នៃប្រទានកម្មរវាងអ្នកនៅរស់ ឬ ប្រទានកម្មដោយហេតុមរណៈ ឬ អច្ចយទាន ។ ប្រសិនបើជាប្រទានកម្មទៅវិញទៅមក ប្រតិបត្តិការនេះបង្កើតបានជាការប្ដូរ ។
មាត្រា ៨៣.
- រដ្ឋអាចធ្វើអំណោយជាអចលនវត្ថុចំពោះតែរូបវន្តបុគ្គលដោយហេតុផលសង្គមកិច្ច ដើម្បីឱ្យស្នាក់នៅ ឬ ដាំដំណាំចិញ្ចឹមជីវិត ។ តម្លៃអចលនវត្ថុ ដែលផ្ដល់ឱ្យត្រូវបានកំណត់សមស្របទៅនឹងគោលដៅណាមួយ ដែលចង់បាន និង មិនអនុញ្ញាតឱ្យកេងយកកំរៃ ឬ ធ្វើមានបានមិនស្របទៅនឹងកំរិតជីវភាពសង្គម នៃអ្នកទទួល ។ ប្រទានកម្ម ដែលរដ្ឋបានធ្វើពីមុនមកហើយមិនអាចសើរើបានឡើយ ។
មាត្រា ៨៤ .
- ប្រទានកម្មជាអចលនវត្ថុមិនអាចដកហូតមកវិញបានឡើយ នៅពេល ដែលមានការព្រមទទួលហើយនោះ ។ ប្រទានកម្មនេះអាចធ្វើការផ្ទេរសិទ្ធិកម្មសិទ្ធិបានភ្លាម ។ ប៉ុន្តែទាយកអាចរក្សាទុកសម្រាប់ខ្លួននូវសិទ្ធិផលុបភោគ នៃទ្រព្យ សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ នៃអចលនវត្ថុ ដែលត្រូវចែងក្នុងកិច្ចសន្យា និង ត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី ។

មាតិកាទី ៣ : អំពីរបបកម្មសិទ្ធិឯកជន

ជំពូកទី ៧ : អំពីសិទ្ធិ និង កាតព្វកិច្ច នៃកម្មសិទ្ធិករ

ផ្នែកទី ១ : អំពីការអាស្រ័យផល នៃកម្មសិទ្ធិ

មាត្រា ៨៥ .
- កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និង ចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខ និង ទូលំទូលាយ កុំឱ្យតែយកទ្រព្យនោះទៅប្រើប្រាស់ក្នុងបទណាមួយ ដែលច្បាប់បានហាមឃាត់ ។
មាត្រា ៨៦ .
- កម្មសិទ្ធិករ នៃទ្រព្យមិនអាចប្រើប្រាស់ទ្រព្យនោះក្នុងគោលដៅព្យាបាទ ឬ រំខានដល់តតិយជន និង ជាពិសេសដល់អ្នកជិតខាងរបស់ខ្លួនបានឡើយ ។ ការប្រើប្រាស់ទ្រព្យជាធម្មតា ដែលមានចរិតធម្មានុរូបមិនអាចចាត់ទុកជាការរំខាន ដែលបណ្ដាលឱ្យរាំងស្ទះដល់ការប្រើប្រាស់ទ្រព្យនោះបានឡើយ ។
មាត្រា ៨៧ .
- កម្មសិទ្ធិករ នៃដីអាចធ្វើនៅលើដី រាល់ការដាំដុះ ការរៀបចំ និង ការសាងសង់តាមបំណងរបស់ខ្លួនលើកលែងតែមានច្បាប់ហាមឃាត់ ។ ការរៀបចំ ឬ ការសាងសង់ទាំងនោះជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ស្របតាមបញ្ញត្តិ នៃផ្នែកទី ៣ នៃជំពូកនេះ ។
មាត្រា ៨៨ .
- កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុអាចរៀបចំ ឬ កែប្រែបានដោយសេរីនូវប្រភេទ និង រចនាសម្ព័ន្ធដើម នៃទ្រព្យរបស់ខ្លួន ស្របតាមការប្រើប្រាស់ ដែលខ្លួនចង់ធ្វើតាមការកំណត់ នៃច្បាប់ ។
មាត្រា ៨៩ .
- ចាត់ទុកជាការកែប្រែប្រភេទ ឬ រចនាសម្ព័ន្ធដើម នៃទ្រព្យជាអចលនវត្ថុក្នុងន័យ នៃច្បាប់នេះមានជាអាទិ៍ ការគាស់រានដី ការកាប់ព្រៃឈើ ការដាំដំណាំលើដីនោះ ការចាក់បំពេញដី ការឈូសពង្រាបភ្នំ ការជីករុករក ការជីកយកដីចេញ ការជីកអណ្ដូងរ៉ែ ឬ កន្លែងយកថ្ម ការរៀបចំ ឬ ការធ្វើឱ្យស្ងួតដែនវារីជាតិ ការរៀបចំដីកសិកម្មទៅជាទីប្រជុំជន ការបង្កើតតំបន់ឧស្សាហកម្ម និង ការបង្កើតទីតាំងរោងចក្រ ។
មាត្រា ៩០ .
- កម្មសិទ្ធិករ នៃផ្ទៃដីគឺជាកម្មសិទ្ធិករ នៃផ្នែកក្រោមដី និង រាល់អ្វីៗ ដែលទាញយកផលបាន កុំឱ្យតែផ្ទុយនឹងបញ្ញត្តិ នៃមាត្រា ៨៨ និងមាត្រា ៨៩ នៃច្បាប់នេះ ។ ព្រំប្រទល់ នៃផ្នែកខាងក្រោមដីត្រូវបានកំណត់តាមបន្ទាត់ឈរ នៃផ្ទៃរាបខាងលើ ។ ប៉ុន្តែកម្មសិទ្ធិករមិនអាចទាមទារយកជាកម្មសិទ្ធិនូវបដិមាករ ចម្លាក់ក្រឡោត ឬ បុរាណវត្ថុគ្រប់ប្រភេទ ដែលបានរកឃើញ ។ ស្នាដៃទាំងនេះជាចំណែក នៃបេតិកភណ្ឌជាតិ ហើយត្រូវតែប្រគល់ឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។
មាត្រា ៩១ .
- កម្មសិទ្ធិករ នៃផ្ទៃដីក៏ជាកម្មសិទ្ធិករ នៃលំហអាកាស និង វត្ថុធាតុអចិន្ត្រៃយ៍ ដែលស្ថិតចំពីលើដីជាកម្មសិទ្ធិរបស់ខ្លួន លើកលែងតែបណ្ដាញខ្សែអគ្គិសនី និង ទូរគមនាគមន៍ ដែលត្រូវអនុវត្តតាមច្បាប់ដោយឡែក ។ ជាពិសេស កម្មសិទ្ធិករអាចកាប់មែកឈើអ្នកជិតខាង ដែលលយចូលមកលើកម្មសិទ្ធិរបស់ខ្លួន ឬ បេះយកផលផ្លែឈើនោះបាន ។ ប៉ុន្តែកម្មសិទ្ធិករមិនអាចហាមឃាត់ការហោះហើរដោយអាកាសយានគ្រប់ប្រភេទបានឡើយ ។
មាត្រា ៩២ .
- កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុអាចបង្កើតបានជាប្រាតិភោគ នៃកិច្ចសន្យា ស្របតាមបញ្ញត្តិ ដែលបានកំណត់ក្នុងមាតិកាទី ៥ នៃច្បាប់នេះ ។
មាត្រា ៩៣ .
- កម្មសិទ្ធិករ នៃទ្រព្យអាចចាត់ចែងផលិតផល និង ការកើនឡើងតាមធម្មជាតិ ឬ តាមសិប្បនិម្មិត ដែលផ្សំគ្នា ឬ ដែលជាប់ជាមួយនឹងទ្រព្យនោះតាមវិធាន ដែលបានកំណត់ក្នុងផ្នែកទី២ និង ទី៣ នៃជំពូកនេះ ។

ផ្នែកទី ២ : អំពីឧបាគមន៍ផលិតផល និង ផលទុន នៃកម្មសិទ្ធិ

មាត្រា ៩៤ .
កម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុមានសិទ្ធិទទួលផលគ្រប់បែបយ៉ាងពីទ្រព្យនោះមានផលធម្មជាតិ និង ផលស៊ីវិលតាមសិទ្ធិឧបាគមន៍ ។ ផលធម្មជាតិផល ដែលកើតពីដីដោយឯកឯង ឬ ដោយអំពើរបស់មនុស្ស ។ ផលស៊ីវិលគឺផលទុន ធនលាភ និង ការប្រាក់ ។
មាត្រា ៩៥ .
ផល ដែលកើតចេញពីដំណាំលើទ្រព្យជាដីរបស់កម្មសិទ្ធិករ នៃទ្រព្យនេះ លុះត្រាតែកម្មសិទ្ធិករនោះបានសងតម្លៃ នៃការភ្ជួររាស់ ពលកម្ម និង ពូជ ដែលបានធ្វើជាយថាហេតុដោយតតិយជន ។

ផ្នែកទី ៣ : អំពីការកើន នៃកម្មសិទ្ធិ

អនុផ្នែកទី ១ : អំពីការកើនដោយអំពើរបស់មនុស្ស

មាត្រា ៩៦ .
- សំណង់ ដំណាំ និង ការ្យទាំងឡាយ ដែលបានធ្វើនៅលើដី ឬ នៅក្រោមដី ត្រូវបានចាត់ទុកថាបានធ្វើដោយកម្មសិទ្ធិករ ដោយសោហ៊ុយផ្ទាល់ខ្លួនហើយជារបស់កម្មសិទ្ធិករនោះលើកលែងតែមានភស្តុតាងផ្ទុយពីនេះ ។
មាត្រា ៩៧ .
- កម្មសិទ្ធិករ នៃដី ដែលបានធ្វើការសាងសង់ ដាំដុះ ឬ រៀបចំដោយប្រើសម្ភារៈ ដែលមិនមែនជារបស់ខ្លួនត្រូវចេញថ្លៃសម្ភារៈទាំងនោះឱ្យម្ចាស់គេវិញ ។ កម្មសិទ្ធិករនោះអាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនជាមាន ប៉ុន្តែម្ចាស់សម្ភារៈគ្មានសិទ្ធិដកយកសម្ភារៈនោះចេញឡើយ ។
មាត្រា ៩៨ .
- កាលបើដំណាំ សំណង់ និង ការរៀបចំទាំងឡាយត្រូវបានធ្វើឡើងដោយបំពានពីតតិយជន និង ដោយសម្ភារៈរបស់ខ្លួន កម្មសិទ្ធិករ នៃដីមានសិទ្ធិរក្សាទុករបស់នោះ ឬ បង្ខំឱ្យតតិយជននោះដកយកចេញបាន ។ ប្រសិនជាកម្មសិទ្ធិករ នៃដីសុំដកយកចេញនូវដំណាំ និង សំណង់ ដែលបានធ្វើដោយបំពានសោហ៊ុយ នៃការដកចេញជាបន្ទុករបស់តតិយជន ហើយគ្មានសំណងណាមួយសម្រាប់អ្នកនោះទេ ។ តតិយជននោះក៏អាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនបើមានព្យសនកម្មជាយថាហេតុដល់កម្មសិទ្ធិករ នៃដី ។ ប្រសិនបើកម្មសិទ្ធិករចង់រក្សាទុកដំណាំ និង ការ្យទាំងនោះ កម្មសិទ្ធិករនោះត្រូវសងថ្លៃសម្ភារៈ និង ថ្លៃការងារដោយមិនគិតដល់តម្លៃលើស តិច ឬ ច្រើន ដែលដីអាចនឹងកើនតម្លៃនោះទេ ។ ចំពោះដំណាំ សំណង់ ឬ ការ្យទាំងឡាយណា ដែលបានធ្វើដោយតតិយជនដោយសុចរិតដូចមានចែងក្នុងមាត្រា ៣៨ នៃច្បាប់នេះ កម្មសិទ្ធិករមិនអាចសុំដកយកចេញនូវការ្យ ដំណាំ ឬ ការរៀបចំទាំងនោះបានឡើយ ។ កម្មសិទ្ធិករមានជំរើសពីរ ឬ មួយសងថ្លៃសម្ភារៈ និង ថ្លៃពលកម្ម ឬ មួយសងជាទឹកប្រាក់ស្មើនឹងតម្លៃលើស ដែលដីបានកើនតម្លៃក៏បាន ។

អនុផ្នែកទី ២ : អំពីការកើនដោយធម្មជាតិ

មាត្រា ៩៩ .
- ដីដុះ ដែលកើនឡើងជាបន្តបន្ទាប់ បន្តិចម្ដងៗលើដីជាប់មាត់ទន្លេ ឬ ស្ទឹង ព្រែកហៅថាល្បាប់ ។ ល្បាប់ត្រូវបានជាប្រយោជន៍ដល់កម្មសិទ្ធិករ ដែលមានដីជាប់មាត់ទឹក ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន ឬ មិនបាន ។ ក្នុងករណីនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន កម្មសិទ្ធិករត្រូវទុកផ្លូវសម្រាប់ទាញពួរនាវាស្របទៅតាមបទបញ្ជាទាំងឡាយ ។
មាត្រា ១០០ .
- ចំពោះដី ដែលកើនឡើងដោយសារចរន្តទឹកហូរនាំល្បាប់បន្តិចម្ដងៗមើលមិនដឹងពីច្រាំងម្ខាងទៅគរនៅច្រាំងម្ខាងទៀត ជាប់ជាមួយនឹងដីអ្នកផ្សេង កម្មសិទ្ធិករ នៃដី ដែលជាប់នឹងដីដុះនោះទទួលបានគុណប្រយោជន៍ នៃល្បាប់នេះ ដោយមិនអាចឱ្យមានដីនៅច្រាំងម្ខាង ដែលបាត់ដីមកតវ៉ាយកដី ដែលបាត់នោះបានឡើយ ។
មាត្រា ១០១ .
- ប្រសិនជាទន្លេ ឬ ស្ទឹង ព្រែក ដែលនាវាចេញចូលបាន ឬ មិនបាននាំយកចេញដោយកម្លាំងទឹកជំនន់ភ្លាមៗនូវចំណែកដីដ៏ធំ និង អាចស្គាល់បាន ពីច្រាំងម្ខាងទៅភ្ជាប់នឹងដីខាងក្រោមខ្សែទឹក ឬ នឹងច្រាំងម្ខាងទៀត កម្មសិទ្ធិករ នៃដី ដែលបាក់ចេញអាចតវ៉ាយកជាកម្មសិទ្ធិរបស់ខ្លួនវិញបាន តែត្រូវដាក់ពាក្យប្ដឹងទារក្នុងរយៈពេលយ៉ាងយូរ ១ (មួយ) ឆ្នាំ គិតពីថ្ងៃកើតឡើងនូវព្រឹត្តិការណ៍នោះ បើហួសរយៈពេលនេះ បណ្ដឹងទាមទារមិនត្រូវបានទទួលយកមកដោះស្រាយឡើយ លើកលែងតែកម្មសិទ្ធិករ នៃដី ដែលមានដីបាក់ទៅភ្ជាប់នោះមិនទាន់បានកាន់កាប់នៅឡើយ ។
មាត្រា ១០២ .
- កោះធំ កោះតូច និង ដីដុះទាំងឡាយ ដែលនឹងកកើតថ្មីក្នុងផ្ទៃទន្លេ ឬ ស្ទឹង ព្រែក ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន ជារបស់រដ្ឋ ។
មាត្រា ១០៣ .
- កោះធំ កោះតូច និង ដីដុះទាំងឡាយ ដែលនឹងកកើតថ្មីក្នុងស្ទឹង ព្រែក ដែលនាវា ឬ ក្បូនចេញចូលមិនបាន បណ្ដែតមិនបាន ត្រូវបានកម្មសិទ្ធិករ នៃដីជាប់ច្រាំង ដែលមាន កោះ ឬ ដីដុះនោះ ។ ប្រសិនបើការដុះនោះមិនបានដុះជ្រុលទៅច្រាំងម្ខាងទេនោះ ត្រូវបានទៅកម្មសិទ្ធិករ ដែលមានដីជាប់ច្រាំងទាំងសងខាងគិតពីបន្ទាត់ពុះពាក់កណ្ដាលស្ទឹង ។
មាត្រា ១០៤ .
- ប្រសិនបើស្ទឹង ព្រែក ឬ ទន្លេបង្កើតជាផ្លូវទឹកថ្មីមួយកាត់យកដីកម្មសិទ្ធិអ្នកនៅជាប់មាត់ទឹកណាម្នាក់ ហើយបង្កើតបានជាកោះមួយ កម្មសិទ្ធិករនោះរក្សាបានសិទ្ធិជាកម្មសិទ្ធិ នៃដីរបស់ខ្លួន ដែលដាច់នោះដ ដែល ទោះបីជាកោះនោះដុះក្នុងទន្លេ ឬ ស្ទឹង ព្រែក ដែលនាវា ឬ ក្បូនចេញចូលបានបណ្ដែតបានក៏ដោយ ។
មាត្រា ១០៥ .
- ប្រសិនជាទន្លេ ឬ ស្ទឹង ព្រែកណាមួយ ដែលនាវា ឬ ក្បូនចេញចូលបាន បណ្ដែតបាន បង្កើតជាផ្លូវទឹកថ្មីមួយដោយបោះបង់ចោលផ្លូវទឹកចាស់ កម្មសិទ្ធិករ ដែលមានដីជាប់ច្រាំងនោះ អាចធ្វើលទ្ធកម្មសិទ្ធិក្នុងផ្ទៃទន្លេ ឬ ស្ទឹង ព្រែកចាស់ ដែលគោកនោះបាន ហើយម្នាក់ៗត្រូវបានតាមសិទ្ធិរបស់ខ្លួនរហូតដល់ខ្សែបន្ទាត់ ដែលពុះពាក់កណ្ដាលទន្លេ ឬ ស្ទឹង ព្រែក នោះ ។ ថ្លៃដី នៃផ្លូវទឹកចាស់នោះត្រូវបានកំណត់ដោយអ្នកជំនាញ ដែលតែងតាំង ដោយតុលាការខេត្ត-ក្រុងទីនោះ តាមពាក្យស្នើសុំពីអាជ្ញាធរខេត្ត-ក្រុង ឬ ពីភាគី ដែលមានប្រយោជន៍ក្នុងរឿងនេះ ។ បើកម្មសិទ្ធិករនៅមាត់ទឹកនោះមិនចង់បានដីនោះតាមថ្លៃ ដែលអ្នកជំនាញកំណត់ទេអាជ្ញាធរត្រូវលក់ឡាយឡុងផ្លូវទឹកចាស់នោះឱ្យសាធារណជន ។ ថ្លៃ ដែលបានមកពីការលក់ដីនោះ ត្រូវយកទៅចែកឱ្យកម្មសិទ្ធិករ ដែលមានដីដាច់ទៅនោះ តាមសមាមាត្រ នៃដី ដែលខូចខាតរៀងៗខ្លួន ។

ផ្នែកទី ៤ : អំពីការជួលអចលនវត្ថុ

មាត្រា ១០៦.
- បើកម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុអាចជួលទ្រព្យរបស់ខ្លួនឱ្យអ្នកដទៃបាន ។ ការជួលជាកិច្ចសន្យា ដែលកម្មសិទ្ធិករ នៃទ្រព្យមួយប្រគល់ទ្រព្យនោះឱ្យជនណាម្នាក់ប្រើប្រាស់ក្នុងរយៈពេលមួយ ដោយយកជាប្រាក់ឈ្នួលមកវិញយ៉ាងទៀងទាត់តាមសមាមាត្រ នៃរយៈពេលប្រើប្រាស់ ។ កិច្ចសន្យា នៃការជួលអចលនវត្ថុហៅថាភតិសន្យា ។ កិច្ចសន្យាជួលអចលនវត្ថុមានពីរយ៉ាងគឺ ការជួលរយៈពេលមិនកំណត់ និង ការជួលរយៈពេលកំណត់ ។ ការជួលរយៈពេលកំណត់មាន ការជួលរយៈពេលខ្លីអាចបន្តជាថ្មីបាន និង ការជួលរយៈពេលវែង ១៥ (ដប់ប្រាំ) ឆ្នាំ ឬ លើស ។
មាត្រា ១០៧ .
- កិច្ចសន្យាជួលរយៈពេលមិនកំណត់ ឬ រយៈពេលខ្លី ហើយអាចបន្តជួលជាថ្មីបានបង្កើតបានជាទំនាក់ទំនងផ្ទាល់ខ្លួនរវាងភតិសន្យាបតី និង អ្នកជួល ។ ការជួលបន្តឱ្យតតិយជនអាចធ្វើទៅបាន លុះត្រាតែមានការព្រមព្រៀងដោយជាក់លាក់ ឬ ការអនុញ្ញាតពីកម្មសិទ្ធិករ ។
មាត្រា ១០៨ .
- កិច្ចសន្យាជួលរយៈពេលវែងបង្កើតបានជាសិទ្ធិភណ្ឌិកលើអចលនវត្ថុ ។ សិទ្ធិនេះអាចត្រូវបានប្រគល់ឱ្យដោយមានថ្លៃ ឬ ផ្ទេរបន្តតាមរយៈសន្តតិកម្ម ។ ទ្រព្យ ដែលបានជួលរយៈពេលវែងអាចជាកម្មវត្ថុ នៃការរៀបចំ និង ការបំប្លែង កុំឱ្យការងារនោះមានអនុភាពបំផ្លាញ ឬ បំប្លែងជាសារវន្តនូវសភាពដើម នៃវត្ថុនោះ លើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យា ។ នៅពេលផុតកំណត់ នៃការជួល ភតិសន្យាបតី ឬ ទាយាទទាំងឡាយរបស់ជននេះទទួលបានមកវិញនូវកម្មសិទ្ធិពេញលេញ នៃសំណង់ ដោយគ្មានការសងសោហ៊ុយក្នុងការរៀបចំ ឬ កែលំអទាំងឡាយ ដែលបានធ្វើដោយអ្នកជួល ។ ភតិសន្យាបតី ឬ ទាយាទមិនអាចបង្ខំអ្នកជួលឱ្យប្រគល់អចលនវត្ថុតាមស្ថានភាពដើមបានឡើយ បើសិនជាអ្នកជួលគោរពបទប្បញ្ញត្តិ នៃវាក្យខណ្ឌ ២ នៃមាត្រានេះ ។
មាត្រា ១០៩ .
- ភតិសន្យាត្រូវធ្វើឡើងតាមឆន្ទៈ នៃបណ្ដាភាគី និង តាមបញ្ញត្តិ នៃច្បាប់ ឬ បទបញ្ជាទូទៅជាធរមាន ។ ភតិសន្យាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ ។ ភតិសន្យាធ្វើឡើងដោយផ្ទាល់មាត់ត្រូវទុកជាបណ្ដោះអាសន្ន ហើយអាចត្រូវបានបញ្ឈប់នៅគ្រប់ពេលដោយជូនដំណឹងជាមុន ក្នុងរយៈពេលស្មើនឹងរយៈពេលបង់ប្រាក់ឈ្នួល ។<>
មាត្រា ១១០ .
មុនការចូលអាស្រ័យផលលើអចលនវត្ថុ អ្នកជួលត្រូវតែដឹងអំពីស្ថានភាព នៃអចលនវត្ថុ និង សម្ភារៈនៅនឹងកន្លែង ដែលបានរៀបចំតាមការព្រមព្រៀងជាមួយនឹងភតិសន្យាបតី ។ ការមិនបានពិនិត្យស្ថានភាពអចលនវត្ថុ និង សម្ភារៈនៅនឹងកន្លែងនៅពេលចូលអាស្រ័យផលត្រូវចាត់ទុកថាត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងភតិសន្យា ។ ទ្រព្យ ដែលជួលមិនត្រូវមានវិការៈអាថ៌កំបាំង ដែលធ្វើឱ្យការប្រើប្រាស់មិនអាចប្រព្រឹត្តទៅបានតាមធម្មតាឡើយ ។
មាត្រា ១១១ .
អ្នកជួលត្រូវធានាការថែទាំទ្រព្យជាធម្មតា និង ត្រូវសងមកវិញក្នុងស្ថានភាពមួយស្របតាមស្ថានភាព នៃអចលនវត្ថុ និង សម្ភារៈនៅនឹងកន្លែង នៅពេលផុតកំណត់ នៃកិច្ចសន្យាជួលដោយគិតទាំងតម្លៃ នៃការខូចខាត ដែលកើតពីការប្រើប្រាស់មិនធម្មតា លើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យា ។
មាត្រា ១១២ .
ភតិសន្យាបតីមិនត្រូវធ្វើសកម្មភាព ឬ ឥរិយាបទអ្វី ដែលអាចធ្វើឱ្យបង្អាក់ ឬ រំខាន ដល់ការអាស្រ័យផលរបស់អ្នកជួលផ្ទុយពីភតិសន្យាឡើយ ។
មាត្រា ១១៣ .
បែបបទ នៃកិច្ចសន្យាជួលអចលនវត្ថុដើម្បីប្រើប្រាស់សម្រាប់ស្នាក់នៅ សម្រាប់ពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្ម និង សម្រាប់កសិកម្មត្រូវកំណត់ដោយអនុក្រឹត្យ ។

ផ្នែកទី ៥ : អំពីវិធានដី

មាត្រា ១១៤ .
សិទ្ធិ និង កាតព្វកិច្ច នៃកម្មសិទ្ធិករត្រូវបានកំរិតដោយវិធានដីទាំងឡាយសំដៅធានា ការពារផលប្រយោជន៍ទូទៅ ដែលកំណត់ដោយច្បាប់ ។
មាត្រា ១១៥ .
បែបបទសំណង់ និង លក្ខខណ្ឌទាំងឡាយ នៃការរៀបចំដែនដី និង នគរូបនីយកម្មចំពោះកម្មសិទ្ធិករនឹងកំណត់ដោយអនុក្រឹត្យ ។
មាត្រា ១១៦ .
ការប្រើប្រាស់កម្មសិទ្ធិ ដែលមិនស្របតាមវិធានដី តែជាប់កិច្ចសន្យាមុនការប្រកាសឱ្យប្រើច្បាប់នេះ មិនអាចប៉ះពាល់បានឡើយ ។ ប៉ុន្តែការប្រើប្រាស់នោះមិនអាចពង្រីកថែមនៅក្រោយពេលប្រកាសឱ្យប្រើវិធានដី ដែលបានកំរិត ឬ ហាមឃាត់បានឡើយ ។ ក្នុងករណីបន្ទាន់ ឬ តម្រូវការចាំបាច់ នៃផលប្រយោជន៍សាធារណៈ ច្បាប់អាចបញ្ញត្តិថែមទៀតនូវការអនុវត្តបន្ទាន់ នៃវិធានដី កំរិតពីការប្រើប្រាស់កម្មសិទ្ធិ ដែលមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ ។

ជំពូកទី ៨ : អំពីអវយវភេទ នៃកម្មសិទ្ធិ

មាត្រា ១១៧ . កម្មសិទ្ធិមានអវយវភេទ កាលណាការអាស្រ័យផលបានទៅបុគ្គលក្រៅពីកម្មសិទ្ធិករ នៃទ្រព្យ ។ សិទ្ធិ ដែលនៅសល់សម្រាប់កម្មសិទ្ធិករឈ្មោះថាអសារកម្មសិទ្ធិ ។
មាត្រា ១១៨ .
រូបភាព នៃអវយវភេទ នៃកម្មសិទ្ធិមាន : ផលុបភោគ សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ និង សេវភាព ។

ផ្នែកទី ១ : អំពីផលុបភោគ

មាត្រា ១១៩ .
ផលុបភោគគឺការអាស្រ័យផល នៃអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ សម្រាប់រយៈពេលមួយកំណត់មិនអោយលើសពីមួយអាយុជីវិត នៃអ្នកបានសិទ្ធិអាស្រ័យផលនោះឡើយ ។
មាត្រា ១២០.
ផលុបភោគបង្កើតឡើងដោយច្បាប់ ឬ ដោយការព្រមព្រៀង ។ ផលុបភោគអាចបង្កើតឡើងដោយឥតកំណត់កាលក៏បាន ឬ មានកំណត់កាលក៏បាន ឬ រហូតដល់បំពេញបានសម្រេចនូវលក្ខខណ្ឌ ដែលបានកំណត់ក៏បាន ។ ប្រសិនបើលក្ខខណ្ឌ នៃរយៈពេលមិនបានបញ្ជាក់ ផលុបភោគត្រូវបានចាត់ទុកថាបង្កើតឡើងសម្រាប់រយៈពេលមួយអាយុជីវិត នៃអ្នកទទួលសិទ្ធិផលុបភោគ ។ កិច្ចសន្យាផលុបភោគនឹងយកជាការបាន លុះត្រាតែបានធ្វើលិខិតតាមរូបមន្តយថាភូត ។ កិច្ចសន្យានេះមិនអាចជំទាស់ពីតតិយជនបាន លុះត្រាតែបានចុះបញ្ជីសុរិយោដីរួចហើយ ។
មាត្រា ១២១ .
ផលុបភោគីមានសិទ្ធិអាស្រ័យផលគ្រប់ប្រភេទ ជាផលធម្មជាតិ ជាផលស៊ីវិល ដែលកើតចេញពីអចលនវត្ថុ ដែលខ្លួនមានសិទ្ធិ ។
មាត្រា ១២២ .
ផលធម្មជាតិ ដែលជាប់នឹងដី នៅពេលចាប់ផ្ដើមផលុបភោគត្រូវបានទៅផលុបភោគី ។ ផលធម្មជាតិ ដែលមានស្ថានភាពដូចគ្នា នៅពេលចប់ផលុបភោគ ត្រូវបានទៅអសារកម្មសិទ្ធិករដោយគ្មានការទូទាត់ទៅវិញទៅមកសម្រាប់ការងារភ្ជួររាស់ ឬ ច្រូតកាត់ ឬ ពូជធារអ្វីឡើយ ។ ប៉ុន្តែបើមានអ្នកជួល ឬ ប្រវាស់រួចហើយ នៅពេលចាប់ផ្ដើម ឬ នៅពេលបញ្ចប់ផលុបភោគ អ្នកជួល ឬ អ្នកប្រវាស់នេះមិនត្រូវបាត់បង់ចំណែក ដែលត្រូវបានមកខ្លួននោះទេ ។
មាត្រា ១២៣ .
ផលស៊ីវិលបានទៅផលុបភោគីសមាមាត្រទៅនឹងរយៈពេល នៃផលុបភោគ ។
មាត្រា ១២៤ .
ផលុបភោគីអាចអាស្រ័យផលដោយខ្លួនឯងផ្ទាល់នូវផលុបភោគ ឬ ជួល ឬ ប្រវាស់ ឬ ក៏ផ្ទេរសិទ្ធិរបស់ខ្លួនដោយយកថ្លៃ ឬ ដោយឥតយកថ្លៃឱ្យទៅអ្នកដទៃបាន ។ ក្នុងករណីជួល ឬ ប្រវាស់ កិច្ចសន្យាមិនត្រូវកំណត់ឱ្យហួសពី ៣ (បី) ឆ្នាំឡើយ ។ ប្រសិនបើចង់ជួល ឬ ប្រវាស់បន្ត កិច្ចសន្យាថ្មីត្រូវបញ្ចប់មុន ១ (មួយ) ឆ្នាំ នៃថ្ងៃចប់កិច្ចសន្យាផលុបភោគ ។
មាត្រា ១២៥
. ផលុបភោគីអាស្រ័យផលពីការកើនជាយថាហេតុ ដោយល្បាប់ទៅលើដី ដែលខ្លួនមានសិទ្ធិផលុបភោគ ។
មាត្រា ១២៦ .
ផលុបភោគីប្រើប្រាស់នូវសេវភាពនានា និង សិទ្ធិទាំងឡាយ ដែលកម្មសិទ្ធិករអាចអាស្រ័យផលបាន លើកលែងតែសិទ្ធិចាត់ចែង ។
មាត្រា ១២៧ .
ផលុបភោគីប្រើប្រាស់សិទ្ធិតាមរបៀបដូចគ្នានឹងកម្មសិទ្ធិករ លើផលិតផល នៃកន្លែងយកថ្ម ដែលមានស្រាប់នៅលើដី ដែលដាក់ជាផលុបភោគ ។
មាត្រា ១២៨ .
ផលុបភោគីត្រូវបានទទួលថ្លៃ ដែលត្រូវបង់ឱ្យកម្មសិទ្ធិករ នៃដីសម្បទានិកអណ្ដូងរ៉ែក្នុងបរិវេណដីក្រោមសិទ្ធិផលុបភោគរបស់ខ្លួន ។
មាត្រា ១២៩ .
អសារកម្មសិទ្ធិករមិនអាចធ្វើឱ្យរំខានដល់សិទ្ធិរបស់ផលុបភោគី ទោះតាមរូបភាពណាក៏ដោយ ។ ចំណែកឯផលុបភោគីវិញ នៅពេលអស់សិទ្ធិអាស្រ័យផល មិនអាចទាមទារសំណង នៃការកែលំអ ដែលខ្លួនអះអាងថាបានធ្វើនៅលើអចលនវត្ថុជាប់ផលុបភោគបានឡើយ ទោះជាអចលនវត្ថុនោះបានកើនតម្លៃដោយសារការរៀបចំរបស់ខ្លួនក៏ដោយ ។ ផលុបភោគី ឬ ទាយាទរបស់ជននេះអាចដកយកចេញបាននូវកញ្ចក់ ផ្ទាំងគំនូរ និង គ្រឿងតុបតែងផ្សេងៗ ដែលខ្លួនបានដាក់តាំងនៅក្នុងអគារ ប៉ុន្តែត្រូវរៀបចំកន្លែងនោះឱ្យមានស្ថានភាពដូចដើមឡើងវិញ ។
មាត្រា ១៣០.
ផលុបភោគីត្រូវបានទទួលបន្ទុកតែលើការជួសជុលថែទាំប៉ុណ្ណោះ ។ ការជួសជុលធំៗជាបន្ទុករបស់អសារកម្មសិទ្ធិករ លើកលែងតែការខូចខាតណា ដែលបណ្ដាលមកពីការខ្វះស្មារតីថែទាំរបស់ផលុបភោគី ចាប់ពីទទួលបានផលុបភោគមក ។ ក្នុងករណីនេះផលុបភោគីត្រូវធ្វើដោយខ្លួនឯង ។ ការជួសជុលធំៗគឺ ការជួសជុលជញ្ជាំងទ្រ ក្លោងទ្វារ ការរៀបចំឡើងវិញនូវធ្នឹម ដំបូងទាំងស្រុង ការរៀបចំឡើងវិញនូវទំនប់ទឹក ជញ្ជាំងទប់ដី ឬ ទឹក និង របងទាំងមូល ។ ការជួសជុលក្រៅពីនេះជាការជួសជុលថែទាំ ។
មាត្រា ១៣១.
ទាំងអសារកម្មសិទ្ធិករ ទាំងផលុបភោគី គ្មានកាតព្វកិច្ចសង់ឡើងវិញនូវអ្វី ដែលបានទ្រុឌទ្រោម ឬ អ្វី ដែលបានបំផ្លាញដោយករណីប្រធានសក្ដិឡើយ ។ ប៉ុន្តែបើអចលនវត្ថុ ដែលបានដាក់ធានារ៉ាប់រងត្រូវវិនាសបណ្ដាលមកពីមហន្តរាយជាយថាហេតុអសារកម្មសិទ្ធិករ ឬ ផលុបភោគីអាចសុំយកថ្លៃធានារ៉ាប់រងទៅជួសជុល ឬ សាងសង់ឡើងវិញបាន ។
មាត្រា ១៣២.
ផលុបភោគីត្រូវទទួលក្នុងពេលខ្លួនអាស្រ័យផលនូវបន្ទុកប្រចាំឆ្នាំ នៃអចលនវត្ថុដូចជា ពន្ធ និង អាករ សោហ៊ុយធានារ៉ាប់រង ដែលត្រូវបង់ ។ ផលុបភោគីត្រូវបន្តអនុវត្តកិច្ចសន្យាធានារ៉ាប់រងធ្វើសាជាថ្មីឲ្យទាន់ពេលវេលា និង ចុះកិច្ចសន្យាធានារ៉ាប់រង ដែលមានប្រយោជន៍ដល់អចលនវត្ថុជាផលុបភោគរបស់ខ្លួន ទោះជាកិច្ចសន្យានោះកំពុងដំណើរការ នៅពេល ដែលផលុបភោគបានចាប់ផ្ដើមហើយក្ដី ឬ ទោះជាកិច្ចសន្យាធានារ៉ាប់រង ដែលត្រូវឲ្យធ្វើនាពេលក្រោយដោយអសារកម្មសិទ្ធិករក្ដី ។
មាត្រា ១៣៣.
ក្នុងពេលដំណើរការផលុបភោគ បើមានតតិយជនណាមកបៀតបៀនសិទ្ធិ នៃអសារកម្មសិទ្ធិករផលុបភោគីត្រូវជូនដំណឹងទៅអសារកម្មសិទ្ធិករ បើមិនដូច្នេះទេ ផលុបភោគីនោះត្រូវទទួលខុសត្រូវលើការខូចខាត ដែលបណ្ដាលមកពីរឿងនោះ ចំពោះអសារកម្មសិទ្ធិករដូចករណី ដែលខ្លួនបានធ្វើឲ្យខូចខាតដោយផ្ទាល់ ។
មាត្រា ១៣៤.
ផលុបភោគផុតរលត់ៈ - ដោយមរណភាព នៃផលុបភោគី - ដោយការផុតកំណត់រយៈពេល ឬ ការសម្រេចបាននូវលក្ខខណ្ឌ ដែលបានកំណត់ ។ - ដោយកិច្ចព្រមលះបង់សិទ្ធិរបស់ផលុបភោគី - ដោយអចលនវត្ថុ ដែលជាប់ផលុបភោគ ត្រូវអន្តរាយទាំងស្រុង - ដោយសេចក្ដីសំរេចរបស់តុលាការស្របតាមបទប្បញ្ញត្តិ នៃមាត្រា ១៣៥ នៃច្បាប់នេះ ។
មាត្រា ១៣៥.
ការបាត់បង់សិទ្ធិរបស់ផលុបភោគី អាចនឹងត្រូវបានប្រកាសដោយតុលាការតាមបណ្ដឹងរបស់អសារកម្មសិទ្ធករ ដោយហេតុថាផលុបភោគបានរំលោភលើការអាស្រ័យផល ពិសេសប្រសិនបើផលុបភោគនោះធ្វើឱ្យមានវិការភាពលើអចលនវត្ថុ ឬ ទុកឲ្យអចលនវត្ថុខូចខាតដោយមិនថែទាំ ។ ក្នុងករណីនេះ ម្ចាស់បំណុល នៃផលុបភោគីមានសិទ្ធិប្ដឹងទៅតុលាការដើម្បីសុំបន្តសិទ្ធិរបស់ផលុបភោគី ដោយធានាការជួសជុលនូវរាល់វិការភាព ដែលមាន និង ការធានាសម្រាប់អនាគត ។ ដោយយោលទៅតាមកាលៈទេសៈ និង ហេតុផលផ្សេងៗតុលាការអាចប្រកាសការរលត់ដាច់ខាត នៃផលុបភោគ ឬ គ្រាន់តែបង្គាប់ឱ្យប្រគល់អចលនវត្ថុឱ្យអសារកម្មសិទ្ធិករដោយបង់ប្រាក់ប្រចាំឆ្នាំឱ្យផលុបភោគី ឬ សិទ្ធិវន្តរបស់ជននេះនូវទឹកប្រាក់មួយចំនួនជាកំណត់រហូតដល់បញ្ចប់ផលុបភោគ ។
មាត្រា ១៣៦.
ការលក់អចលនវត្ថុ ដែលកំពុងជាប់ផលុបភោគដោយអសារកម្មសិទ្ធិករ មិនធ្វើឱ្យមានការផ្លាស់ប្ដូរណាមួយចំពោះផលុបភោគី ដែលកំពុងបន្តប្រើប្រាស់សិទ្ធិរបស់ខ្លួននោះទេ លើកលែងតែមានការលះបង់ដោយជាក់លាក់ពីផលុបភោគី ។
មាត្រា ១៣៧.
ប្រសិនបើផលុបភោគមានតែនៅលើអគារ ហើយអគារនោះត្រូវអន្តរាយជាយថាហេតុសិទ្ធិរបស់ផលុភោគីត្រូវរលត់ ហើយផលុបភោគីមិនអាចទាមទារសិទ្ធិផលុបភោគ លើដី ឬ លើសម្ភារៈសំណង់នោះទេ ។ ប៉ុន្តែបើផលុបភោគមានលើដី និង លើអគារ ហើយបើអគារនោះត្រូវអន្តរាយផលុបភោគនៅមានលើដីដ ដែល ។

ផ្នែកទី២ : អំពីសិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ

មាត្រា ១៣៨.
សិទ្ធិប្រើប្រាស់គឺជាសិទ្ធិទទួលយកពីដីនូវបរិមាណផលចាំបាច់សម្រាប់សេចក្ដីត្រូវការរបស់អត្ថគាហកៈ និង គ្រួសាររបស់ខ្លួន ។ សិទ្ធិអាស្រ័យនៅគឺជាសិទ្ធិកាន់កាប់ផ្ទះនូវចំណែកចាំបាច់សម្រាប់រស់នៅរបស់អត្ថគាហកៈ និង គ្រួសាររបស់ខ្លួន ។ ទោះបីថ្ងៃក្រោយមក អត្ថគាហកៈនោះមានប្ដី ប្រពន្ធក្ដី ឬ មានកូនក្ដី ក៏សិទ្ធិទាំងពីរនេះនៅតែមានដល់អត្ថគាហកៈដ ដែល ។
មាត្រា ១៣៩.
សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ កើតឡើង និង បាត់បង់ទៅវិញ តាមបែប នៃផលុបភោគដែរ ។ សិទ្ធិ នៃអ្នកប្រើប្រាស់ និង អ្នកអាស្រ័យនៅកំណត់ដោយខចែងក្នុងកិច្ចសន្យាតាមរូបមន្តលិខិតយថាភូត ឬ ដោយបញ្ញត្តិ នៃច្បាប់ ដែលចែងអំពីសិទ្ធិនេះ ។
មាត្រា ១៤០.
អត្ថហកៈ នៃសិទ្ធិប្រើប្រាស់ ឬ សិទ្ធិអាស្រ័យនៅ មិនអាចផ្ទេរ ឬ ជួលសិទ្ធិរបស់ខ្លួនទៅអ្នកផ្សេងទៀតបានឡើយ ។ សិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ ជាសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គល ។ សិទ្ធិនេះបញ្ចប់នៅពេលមរណភាព នៃអត្ថគាហកៈ ឬ ដោយអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចសន្យា ។
មាត្រា ១៤១.
ប្រសិនបើអត្ថហកៈ នៃសិទ្ធិប្រើប្រាស់ប្រមូលយកផលទាំងអស់ នៃដី ឬ ប្រសិនបើអត្ថគាហកៈ នៃសិទ្ធិអាស្រ័យនៅកាន់កាប់គេហដ្ឋានទាំងមូល អ្នកនោះត្រូវទទួលបន្ទុកចំណាយសោហ៊ុយក្នុងការដាំដុះ ឬ ការជួសជុលថែទាំ និង បង់ពន្ធអាករ និង សោហ៊ុយធានារ៉ាប់រងដូចផលលុបភោគីដែរ ។ ប្រសិនបើអត្ថគាហកៈយកតែចំណែកណាមួយ នៃផល ឬ កាន់កាប់តែមួយចំណែក នៃគេហដ្ឋាន អ្នកនោះត្រូវចូលរួមចំណាយទៅតាមសមាមាត្រ ដែលខ្លួនអាស្រ័យផលនោះ ។

ផ្នែកទី ៣ : អំពីសេវភាព

មាត្រា ១៤២.
សេវភាពដីគឺជាបន្ទុក ដែលផ្ទុកទៅលើដីមួយ ហៅដីបំរើ ឬ ដីក្រោមសម្រាប់ការប្រើប្រាស់ និង ប្រយោជន៍ នៃដីមួយទៀតហៅដីប្រើ ឬ ដីលើ ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត ។
មាត្រា ១៤៣.
សេវភាពកើតពីធម្មជាតិ កើតពីច្បាប់ ឬ កើតពីការព្រមព្រៀងអាស្រ័យដោយស្ថានភាព នៃទីកន្លែង ដោយការកំណត់របស់ច្បាប់ ឬ ដោយការព្រមព្រៀងរវាងកម្មសិទ្ធិករ ។

អនុផ្នែកទី ១ : អំពីសេវភាពកើតពីធម្មជាតិ

មាត្រា ១៤៤.
ដីក្រោមត្រូវទទួលទឹក ដែលហូរតាមធម្មជាតិពីដីលើ ។ កម្មសិទ្ធិករ នៃដីក្រោមមិនអាចលើកទំនប់ ភ្លឺ របាំង ឬ ការ្យដទៃផ្សេងទៀតទប់ការហូរនេះបានឡើយ ។ កម្មសិទ្ធិករ នៃដីលើមិនអាចធ្វើអ្វី ដែលធ្វើឱ្យកាន់តែធ្ងន់ដល់សេវភាព នៃដីក្រោមបានឡើយ ។
មាត្រា ១៤៥.
កម្មសិទ្ធិករ នៃដីលើមានសិទ្ធិប្រើប្រាស់ និង ចាត់ចែងទឹកភ្លៀង ដែលធ្លាក់មកលើដីរបស់ខ្លួនព្រមទាំងទឹក ដែលមានប្រភពផុសឡើងនៅទីនោះ លើកលែងតែក្នុងករណី ដែលមានចែងក្នុងវាក្យខណ្ឌចុងក្រោយ នៃមាត្រា ១៤៤ ។
មាត្រា ១៤៦.
កម្មសិទ្ធិករ នៃដី ដែលស្ថិតនៅជាប់ផ្លូវទឹកហូរត្រូវទុកឱ្យទឹកហូរទៅលើដីជិតខាង ហើយកម្មសិទ្ធិករ នៃដីជិតខាងក៏ត្រូវមានកាតព្វកិច្ចដូចគ្នា ចំពោះដីនៅឆ្ងាយទៅតាមតម្រូវការ នៃកសិកម្ម ។

អនុផ្នែកទី ២ : អំពីសេវភាពកើតពីច្បាប់

មាត្រា ១៤៧.
សេវភាពកើតពីច្បាប់មានគោលដៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬ ជាប្រយោជន៍ឯកជន ។ សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈត្រូវកំណត់ដោយច្បាប់ ឬ ដោយបទបញ្ជាពិសេស ដែលបង្ខំទៅលើកម្មសិទ្ធិករ ។ សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍ឯកជនកំណត់ព្រំដែន ដែលកម្មសិទ្ធិករអាចធ្វើសកម្មភាពមួយចំនួនក្នុងដីរបស់ខ្លួន លើកលែងតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ នៃកម្មសិទ្ធិករដីជិតខាង ។
មាត្រា ១៤៨.
ការកំណត់ព្រំដី និង កម្មសិទ្ធិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសាធារណៈត្រូវកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច យោងតាមសេចក្ដីត្រូវការជាក់ស្ដែង នៃផលប្រយោជន៍រួម ពិសេសតាមសេចក្ដីត្រូវការ នៃធ្វើចរាចរ ។ មុននឹងធ្វើរបង ឬ កសាងអាគារប្រភេទណាក៏ដោយ ដែលស្ថិតនៅជាប់នឹងផ្លូវសាធារណៈកម្មសិទ្ធិករចាំបាច់ត្រូវតែត្រួតពិនិត្យមើលនូវភាពសមស្រប នៃអគារនោះជាមួយនឹងប្លង់តម្រង់ជួរ ប្រសិនបើមាន ។ រាល់លិខិតអនុញ្ញាតកសាងសង់ត្រូវតែយកចិត្តទុកដាក់ដល់ខ្សែតម្រង់ជួរ ដែលមានរួចហើយ ។ អាជ្ញាធរមានសមត្ថកិច្ចអាចសំរេចធ្វើការផ្លាស់ប្ដូរទំហំផ្លូវបាន តាមតម្រូវការចាំបាច់សម្រាប់ផលប្រយោជន៍សាធារណៈ ។ នៅពេល ដែលអាជ្ញាធរធ្វើការសំរេចពង្រីកទំហំផ្លូវសំណង់ទាំងឡាយ ដែលស្ថិតនៅលើបន្ទាត់តម្រង់ជួរត្រូវបន្ថយទៅក្រោយ ។ បើជារបងធម្មតា ឬ ជាសំណង់ស្រាល អាជ្ញាធរតម្រូវឱ្យធ្វើការរំកិលចេញ ។ ប្រសិនបើជាអចលនវត្ថុ ដែលមិនអាចជាកម្មវត្ថុ នៃការផ្លាស់ប្ដូរ កែសំរួលរុះរើបាន អចលនវត្ថុនោះត្រូវឋិតក្នុងសភាពដ ដែលសិន រហូតដល់ពេលអាជ្ញាធរមានសមត្ថកិច្ចសំរេចអំពីការពង្រីក ដែលបានគ្រោងទុក ។ ការដកហូតកម្មសិទ្ធិមួយចំណែក ឬ ទាំងស្រុងអាចប្រព្រឹត្តទៅបានដោយអនុវត្តត្រឹមត្រូវតាមនីតិវិធី នៃច្បាប់ ។ ចំពោះដី ដែលបានកាន់កាប់ស្របច្បាប់ព្រមទាំងរបង និង សំណង់ទាំងឡាយ ដែលបានធ្វើឡើងត្រឹមត្រូវតាមបញ្ញត្តិ នៃច្បាប់ ម្ចាស់កម្មសិទ្ធិមានសិទ្ធិទាមទារឱ្យសងការខូចខាតរបស់ខ្លួន ។
មាត្រា ១៤៩.
កម្មសិទ្ធិករ ដែលចង់ធ្វើនៅលើដីរបស់ខ្លួននូវកិច្ចការ ដែលមានលក្ខណៈរំខានដល់ដីជិតខាងដូចជាការខួងអណ្ដូង ការជីកស្ទង់ដី ការជីករុករក ការគរទុកវត្ថុប្រកបដោយគ្រោះថ្នាក់ ដែលនាំឱ្យរំខាន ឬ ប៉ះពាល់ដល់សុខភាពត្រូវអនុលោមតាមបញ្ញត្តិ នៃបទបញ្ជាពិសេសស្ដីពីការកំណត់ចម្ងាយ ដែលត្រូវប្រតិបត្តិ ឬ ស្ដីពីការ្យ ដែលធ្វើសម្រាប់ទប់ជ្រែង ។
មាត្រា ១៥០.
កម្មសិទ្ធិករមិនអាចនឹងធ្វើប្រហោងទ្វារ ឬ បង្អួច កើយ ឬ យ៉ ត្រង់ចំគ្នាទៅវិញទៅមកចម្ងាយតិចជាងពីរម៉ែត្រពីដីអ្នកជិតខាងបានទេ ។
មាត្រា ១៥១.
កម្មសិទ្ធករមិនអាចដាំដើមឈើធំ តូច មានកំពស់លើសពី ២ (ពីរ) ម៉ែត្រ នៅប្របព្រំដីជាប់គ្នា ដែលមានចម្ងាយតិចជាងពីរម៉ែត្រពីព្រំដីបានទេ បើមិនដូច្នោះទេនឹងត្រូវបង្ខំឱ្យយកចេញ កាលបើមានបណ្ដឹងពីកម្មសិទ្ធិករ ដែលមានប្រយោជន៍ក្នុងរឿងនេះ ។
មាត្រា ១៥២.
កម្មសិទ្ធិករ ដែលដីរបស់ខ្លួនត្រូវបានបិទជិត និង គ្មានច្រកចេញចូលទៅផ្លូវសាធារណៈ ឬ មានច្រកមិនគ្រប់គ្រាន់សម្រាប់អាជីវកម្មកសិកម្ម ឧស្សាហកម្ម នៃកម្មសិទ្ធិរបស់ខ្លួន មានសិទ្ធិស្នើសុំបើកផ្លូវឆ្លង តាមដីអ្នកជិតខាងខ្លួន ដោយត្រូវចេញសំណងតាមសមាមាត្រចំពោះការខូចខាត ដែលបណ្ដាលមកពីកិច្ចការនោះ ។
មាត្រា ១៥៣.
ជាគោលការណ៍ ផ្លូវដូចមានចែងក្នុងមាត្រា ១៥២ ត្រូវយកកន្លែងណា ដែលមានចម្ងាយជិតជាងគេពីដីបិទជិតទៅផ្លូវសាធារណៈ ប៉ុន្តែត្រូវកំណត់កន្លែងណា ដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករ នៃដី ដែលត្រូវទទួលរង ។
មាត្រា ១៥៤.
ប្រសិនបើដីបិទជិតកើតឡើងពីការបែងចែកដីតាមរយៈកាលក់ ការដូរ ការចែក ឬ ពីកិច្ចសន្យាផ្សេងទៀត ការបើកផ្លូវឆ្លងកាត់អាចសុំតែនៅលើដី ដែលនៅសល់ពីការបែងចែក ។ ប៉ុន្តែបើដី ដែលនៅសល់ពុំអាចបង្កើតបានជាផ្លូវគ្រប់គ្រាន់ បញ្ញត្តិ នៃមាត្រា ១៥២ និងមាត្រា ១៥៣ នៅតែអនុវត្តបានដ ដែល ។
មាត្រា ១៥៥.
កម្មសិទ្ធិករ ដែលចង់ប្រើទឹក ដែលខ្លួនមានសិទ្ធិដើម្បីប្រើប្រាស់ និង ស្រោចស្រពដីរបស់ខ្លួនអាចទទួលបានផ្លូវនាំទឹកឆ្លងកាត់ដី ដែលស្ថិតនៅចន្លោះកណ្ដាលបាន តែត្រូវចំណាយសោហ៊ុយសងការខូចខាតឱ្យម្ចាស់ដីនោះ ។
មាត្រា ១៥៦.
កម្មសិទ្ធិករអាចបញ្ចេញទឹកស្រោចស្រពរួចហើយចេញពីដីខ្លួនឆ្លងកាត់ដីក្រោមបាន តែត្រូវចំណាយសោហ៊ុយសងការខូចខាត ។
មាត្រា ១៥៧.
កម្មសិទ្ធិករ នៃដីលិចទឹកទាំងស្រុង ឬ មួយចំណែក អាចបង្ហូរទឹកមិនល្អចេញបានតែត្រូវធ្វើឱ្យបានត្រឹមត្រូវតាមវិធីអនាម័យ ។
មាត្រា ១៥៨.
កម្មសិទ្ធិករ នៃដីជាប់មាត់ទឹក ដែលចង់ប្រើប្រាស់ទឹកដើម្បីស្រោចស្រពដីរបស់ខ្លួនអាចមានសិទ្ធិធ្វើសិល្បៈការ្យចាំបាច់ទល់ទៅលើដី ដែលស្ថិតនៅជាប់មាត់ទឹកម្ខាងទៀតដើម្បីរៀបចំយកទឹកតែត្រូវទទួលបន្ទុកចេញសោហ៊ុយ នៃការខូចខាត ។
មាត្រា ១៥៩.
កម្មសិទ្ធិករ នៃដី ដែលព្រមឱ្យធ្វើការ្យអ្វីលើដីខ្លួននោះ អាចនឹងសុំប្រើទំនប់ ឬ របាំងទឹកនោះបាន ដោយត្រូវចេញសោហ៊ុយធ្វើ និង សោហ៊ុយថែទាំពាក់កណ្ដាល ។ កម្មសិទ្ធិករនេះមិនត្រូវទារសោហ៊ុយថ្លៃដីឡើយ បើបានទទួលហើយត្រូវតែបង្វិលសងគេវិញ ។

អនុផ្នែកទី ៣ : អំពីសេវភាពកើតពីការព្រមព្រៀង

មាត្រា ១៦០.
ត្រូវបានអនុញ្ញាតឱ្យកម្មសិទ្ធិករបង្កើតនៅលើដីរបស់ខ្លួនរាល់សេវភាពជាគុណប្រយោជន៍ដល់កម្មសិទ្ធិករ នៃដីផ្សេងទៀត ឱ្យតែសេវភាពនោះមិនផ្ទុយពីសណ្ដាប់ធ្នាប់សាធារណៈ ។ ការប្រើប្រាស់ និង វិសាលភាព នៃសេវភាពនេះត្រូវកំណត់ដោយកិច្ចព្រមព្រៀង ដែលបានបង្កើតសេវភាពនោះ ។
មាត្រា ១៦១.
សេវភាពកើតពីការព្រមព្រៀងអាចបង្កើតឡើងបានតែតាមលិខិតយថាភូតប៉ុណ្ណោះ ។ សេវភាពនេះមិនអាចតតិយជនជំទាស់បានទេ ក្រោយពីការចុះលេខាចារិកក្នុងបញ្ជីសុរិយោដី ។ ទំនាក់ទំនងសេវភាពរវាងដីបំរើ និង ដីប្រើនឹងត្រូវចប់នៅពេល ដែលដីណាមួយក្នុងចំណោមដីទាំងពីរត្រូវបានផ្ទេរឲ្យតតីយជនណាម្នាក់ បើការរក្សាទុកសេវភាពនោះមិនបានចែងច្បាស់ក្នុងលិខិតផ្ទេរកម្មសិទ្ធិទេ ។
មាត្រា ១៦២.
កម្មសិទ្ធិករ ដែលបានបង្កើតសេវភាពលើដីរបស់ខ្លួនត្រូវបានចាត់ទុកថាយល់ព្រមរាល់អ្វី ដែលចាំបាច់សម្រាប់សេវភាពនោះ ។ សេវភាព នៃការយកទឹកបង្កើតឡើងនៅកន្លែងប្រភពទឹកអនុញ្ញាតឱ្យអ្នកយកទឹកមានសិទ្ធិឆ្លងកាត់ដី ដែលមានប្រភពទឹកនោះបាន ។
មាត្រា ១៦៣.
កម្មសិទ្ធិករ នៃដីប្រើមានសិទ្ធិធ្វើរាល់ការ្យចាំបាច់ផ្សេងៗ លើដីបំរើដើម្បីប្រើ និង រក្សាទុកសេវភាពបាន ។
មាត្រា ១៦៤.
ការ្យចាំបាច់សម្រាប់ប្រើ និង រក្សាទុកសេវភាពគឺជាសោហ៊ុយ នៃកម្មសិទ្ធិករដីប្រើ លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះ ។
មាត្រា ១៦៥.
កម្មសិទ្ធិករ នៃដីបំរើមិនអាចធ្វើអ្វី ដែលមានបំណងបន្ថយការប្រើប្រាស់សេវភាព ឬ ធ្វើឲ្យសេវភាពមិនអាចប្រើបានឡើយ ។ កម្មសិទ្ធិករ នៃដីបំរើមិនអាចប្ដូរស្ថានភាព នៃការប្រើប្រាស់សេវភាព ដែលបានកំណត់ពីដំបូងមកបានទេ ។ ប៉ុន្តែបើទុកសេវភាពក្នុងស្ថានភាពដើមនាំឱ្យកម្មសិទ្ធិករ នៃដីបំរើចំណាយប្រាក់លើការជួសជុលថែទាំច្រើន កម្មសិទ្ធិករ នៃដីបំរើអាចសុំដាក់សេវភាពជំនួសនៅទីផ្សេងទៀតបាន ដែលស្រួលប្រើដូចគ្នា ហើយកម្មសិទ្ធិករ នៃដីប្រើមិនអាចបដិសេធបានឡើយ ។
មាត្រា ១៦៦.
ចំណែកឯកម្មសិទ្ទិករ នៃដីប្រើ អាចប្រើប្រាស់សេវភាពតែក្នុងព្រំដែន ដែលបានកំណត់ក្នុងកិច្ចសន្យា ដោយមិនអាចធ្វើនៅលើដីបំរើ ឬ ដីរបស់ខ្លួនឱ្យមានការប្រែប្រួលណាមួយ ដែលអាចមានឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថានភាព នៃដីបំរើបានឡើយ ។

អនុផ្នែកទី ៤ : អពីការផុតរលត់ នៃសេវភាព

មាត្រា ១៦៧. សេវភាពផុតរលត់ដោយៈ
- ការបញ្ចប់កិច្ចព្រមព្រៀង ដែលបង្កើតសេវភាពនោះ - ដីប្រើ និង ដីបំរើធ្លាក់ក្នុងដៃកម្មសិទ្ធិករតែម្នាក់ ឬ - មហន្តរាយទាំងស្រុង នៃដី ដែលជាទីតាំងសេវភាពនោះ ។

មាតិកាទី ៤ : អំពីទម្រង់ នៃកម្មសិទ្ធិ

ជំពូកទី ៩ : អំពីកម្មសិទ្ធិអវិភាគ

មាត្រា ១៦៨.
កម្មសិទ្ធិអវិភាគគឺជាកម្មសិទ្ធិលើទ្រព្យតែមួយ ដែលជារបស់បុគ្គលច្រើននាក់ ។ បុគ្គលទាំងនោះជាកម្មសិទ្ធិករអវិភាគ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមានចំណែករបស់ខ្លួនក្នុងទ្រព្យនោះ ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានឡើយ ។
មាត្រា ១៦៩.
ភាគបែង នៃកម្មសិទ្ធិអវិភាគចាត់ទុកថាស្មើគ្នា ។ ក្នុងករណី ដែលការបែងចែកទ្រព្យមិនស្មើគ្នាកម្មសិទ្ធិករម្នាក់ៗមានសិទ្ធិ និង បន្ទុកសមាមាត្រទៅនឹងចំណែករបស់ខ្លួន ។ កម្មសិទ្ធិករម្នាក់ៗអាចលក់ចំណែក ឬ ចុះកិច្ចសន្យាផ្សេងៗលើចំណែករបស់ខ្លួនបាន ហើយម្ចាស់បំណុលរបស់គេម្នាក់ៗ អាចរឹបអូសចំណែក នៃទ្រព្យរបស់អ្នកនោះបាន ។
មាត្រា ១៧០.
កម្មសិទ្ធិករអវិភាគគ្រប់គ្រងរួមលើកម្មសិទ្ធិអវិភាគ លើកលែងតែមានកិច្ចព្រមព្រៀងផ្ទុយពីនេះ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមាននាទីគ្រប់គ្រងជាធម្មតាដូចជាការជួសជុលថែទាំ និង ការដាំដុះ បើកម្មសិទ្ធិករអវិភាគភាគច្រើនមិនបានចាត់ឱ្យធ្វើអ្វីផ្សេងទៀតទេ ។ កិច្ចការសំខាន់ៗដូចជាការប្ដូរដំណាំ និង ការជួសជុលធំៗអាចសម្រេចបាន លុះត្រាតែភាគច្រើន នៃកម្មសិទ្ធិករអវិភាគ ដែលមានចំណែករួមគ្នាលើសពីពាក់កណ្ដាល នៃទ្រព្យនោះបានយល់ព្រម ។
មាត្រា ១៧១.
កម្មសិទ្ធិករអវិភាគម្នាក់ៗត្រូវយកចិត្តទុកដាក់ថែទាំ និង ការពារប្រយោជន៍រួម ។ កម្មសិទ្ធិករអវិភាគអាស្រ័យផលពីទ្រព្យ និង ប្រើប្រាស់ទ្រព្យក្នុងព្រំដែន ដែលមិនប៉ះពាល់ដល់សិទ្ធិ នៃកម្មសិទ្ធិករអវិភាគឯទៀត ។ ការព្រមព្រៀងគ្នាពីកម្មសិទ្ធិករអវិភាគទាំងអស់ជាការចាំបាច់ សម្រាប់ការផ្ទេរសិទ្ធិ ការបង្កើតសិទ្ធិភណ្ឌិក ឬ ការផ្លាស់ប្ដូរគោលដៅ នៃទ្រព្យ លើកលែងតែមានវិធានផ្សេងពីនេះ ។
មាត្រា ១៧២.
ចំណាយលើការគ្រប់គ្រង ការបង់ពន្ធ និង បន្ទុកផ្សេងទៀតលើទ្រព្យអវិភាគត្រូវទទួលរ៉ាប់រងដោយកម្មសិទ្ធិករអវិភាគទាំងអស់តាមសមាមាត្រ នៃចំណែករៀងៗខ្លួន លើកលែងតែមានបញ្ញត្តិផ្ទុយពីនេះ ។
មាត្រា ១៧៣.
គ្មានជនណាមួយអាចត្រូវបានបង្ខំឲ្យនៅក្នុងអវិភាគកម្មបានទេ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗអាចទាមទារឲ្យបែងចែកទ្រព្យអវិភាគនោះបាន ។ កម្មសិទ្ធិករអវិភាគទាំងឡាយអាចរក្សាទុកជាបណ្ដោះអាសន្ននូវស្ថានភាព នៃអវិភាគកម្មប៉ុន្តែស្ថានភាពបែបនេះមិនអាចចាប់បង្ខំឱ្យលើសពីរយៈពេល ៥ (ប្រាំ) ឆ្នាំបានឡើយ លើកលែងតែមានកិច្ចព្រមព្រៀងថ្មី ។
មាត្រា ១៧៤.
អវិភាគកម្មត្រូវចប់ដោយការបែងចែកទ្រព្យតាមរូបដើម ឬ ដោយការលក់ទ្រព្យហើយចែកថ្លៃគ្នា ឬ ដោយកម្មសិទ្ធិករអវិភាគម្នាក់ ឬ ច្រើននាក់ទទួលយកចំណែករបស់អ្នកដទៃ ។ ប្រសិនជាកម្មសិទ្ធិករអវិភាគមិនយល់ព្រមតាមអំពីរបៀប នៃការចែក អ្នកទាំងនោះត្រូវប្ដឹងទៅតុលាការ ដែលនឹងរៀបចំចែកទ្រព្យ ឬ បើទ្រព្យនោះ កាលបើចែកទៅនាំឱ្យថយថ្លៃច្រើនតុលាការអាចបង្គាប់ឱ្យលក់ទ្រព្យទាំងមូលទៅឱ្យតតិយជន ឬ ទៅឱ្យកម្មសិទ្ធិករ អវិភាគណាម្នាក់ក៏បាន ។

ជំពូកទី ១០ : អំពីសហកម្មសិទ្ធិ

មាត្រា ១៧៥.
សហកម្មសិទ្ធិគឺជាកម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុរបស់បុគ្គលច្រើននាក់បែងចែកតាមឡូត៍ ដែលមា្នក់ៗបានមួយចំណែកជាឯកជនហើយមួយចំណែកទៀតជាផ្នែក នៃទ្រព្យរួម ។
មាត្រា ១៧៦.
សហកម្មសិទ្ធិករទាំងឡាយអាចរៀបចំបទបញ្ជាផ្ទៃក្នុង ដែលកំណត់របៀបគ្រប់គ្រង និង វិធាន នៃការថែទាំព្រមទាំងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករ ជាពិសេសចំពោះផ្នែករួមដោយគោរពតាមបទប្បញ្ញត្តិទាំងឡាយ នៃច្បាប់នេះ ។ ក្នុងករណី ដែលគ្មានបទបញ្ជាផ្ទៃក្នុងនេះទេ សហកម្មសិទ្ធិត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិទាំងឡាយ ដែលបានកំណត់ពីមាត្រា ១៧៧ ដល់មាត្រា ១៨៥ នៃច្បាប់នេះ ។
មាត្រា ១៧៧.
សហកម្មសិទ្ធិករទាំងឡាយមានសិទ្ធិពេញលេញលើចំណែកឯកជនរបស់ខ្លួនដោយមិនបំពានទៅលើចំណែករួម និង មិនរំខាន ឬ រាំងស្ទះដល់ការប្រើប្រាស់ចំណែករួមដោយសហកម្មសិទ្ធិករដទៃទៀត ។ សហកម្មសិទ្ធិករទាំងនោះអាចផ្ទេរសិទ្ធិដោយសេរី ជួល ឬ បង្កើតផលុបភោគរៀបចំសិទ្ធិប្រើប្រាស់ និង អាស្រ័យនៅ ដាក់ហ៊ីប៉ូតែក ដាក់បញ្ចាំនូវចំណែកឯកជនរបស់ខ្លួន ។ ប៉ុន្តែសហកម្មសិទ្ធិករមិនអាចបង្កើតសេវភាពលើចំណែកឯកជនរបស់ខ្លួននោះបានទេ ។
មាត្រា ១៧៨.
រាល់ចំណែក នៃអគារ ឬ ដីសម្រាប់ការប្រើប្រាស់ផ្ដាច់មុខ នៃសហកម្មសិទ្ធិករណាមួយបង្កើតបានជាចំណែកឯកជន ។ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុត្រូវកំណត់អំពីប្រភេទ និង ទំហំ នៃចំណែកនោះ ។
មាត្រា ១៧៩.
រាល់ចំណែក នៃអគារ ឬ ដីសម្រាប់ការប្រើប្រាស់ ឬ ជាប្រយោជន៍ នៃសហកម្មសិទ្ធិករទាំងឡាយ ឬ សហកម្មសិទ្ធិករខ្លះក្នុងចំណោមនោះបង្កើតបានជាចំណែករួម ។ ទ្រព្យរួមមានជាអាទិ : - ដី ទីធ្លា ឧទ្យាន និង សួនច្បារ ផ្លូវ ច្រកចេញចូល - ជញ្ជាំង សសរទ្រទ្រង់សំខាន់ៗ នៃអគារ ឧបករណ៍រួមរាប់បញ្ចូលចំណែក នៃបណ្ដាញទឹក ភ្លើង បណ្ដាញឧស្ម័ន ដែលអាចឆ្លងកាត់ចំណែកឯកជន - ទូរួម បំពង់ និង ក្បាលបំពង់ផ្សែង - ទីកន្លែង នៃសេវារួម ។ សិទ្ធិបន្ទាប់បន្សំខាងក្រោមនេះក៏ត្រូវទុកជាកម្មសិទ្ធិរួមដែរ : - សិទ្ធិជីករុករកវត្ថុធាតុ ដែលមានក្នុងដី - សិទ្ធិស្ថាបនាអគារថ្មីក្នុងទីធ្លា ឧទ្យាន ឬ សួនច្បារ ដែលជាចំណែករួម - សិទ្ធិជីករុករកក្នុងទីធ្លា ឧទ្យាន ឬ សួនច្បារទាំងនោះ - សិទ្ធិ នៃអឌ្ឍសិទ្ធិភាព ដែលជាប់ទៅនឹងចំណែករួមទាំងឡាយ - សិទ្ធិលើកបន្តឱ្យខ្ពស់នូវអគារសម្រាប់ប្រើប្រាស់រួម ឬ ដែលមានកន្លែងច្រើនបង្កើតបានជាចំណែកឯកជនផ្សេងគ្នា ។ គ្មានករណីណាមួយ ដែលកម្មសិទ្ធិករ នៃអគារសហកម្មសិទ្ធិជាន់លើបំផុតអាចលើកបន្តសម្រាប់តែខ្លួនឯងផ្ទាល់ ឬ លក់សិទ្ធិ នៃការលើកបន្តនេះឡើយ ។ - បទប្បញ្ញត្តិនេះមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ ។
មាត្រា ១៨០.
សហកម្មសិទ្ធិករ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណែករួម នៃអគារ ឬ ដីដោយបានកែប្រែដើម្បីការប្រើប្រាស់ជាឯកជន ឬ សម្រាប់លក់នឹងត្រូវបង្ខំឱ្យរៀបចំដូចសភាពដើមវិញ ។ សហកម្មសិទ្ធិករនោះត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា ២៥៧ នៃច្បាប់នេះ ។ ជនក្រៅសហកម្មសិទ្ធិករ ដែលដណ្ដើមយកចំណែករួមសម្រាប់ជាទីលំនៅឯកជនរបស់ខ្លួននឹងត្រូវបង្ខំឱ្យសងកន្លែង ដែលកាន់កាប់ខុសច្បាប់ ហើយត្រូវធ្វើឱ្យមានសភាពដូចដើមវិញ ។ ក្នុងករណីណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមិនអាចចេញប័ណ្ណសំគាល់សិទ្ធិឱ្យបុគ្គលនោះបានឡើយ ពុំនោះទេនឹងចាត់ទុកអ្នកសមគំនិត និង ត្រូវទទួលខុសត្រូវរួមជាមួយដែរ ។ អាជ្ញាធរមានភារកិច្ចបង្ខំឱ្យអ្នកកាន់កាប់ដោយខុសច្បាប់រុះរើចេញ ។ បញ្ញត្តិទាំងនេះក៏មានគោលដៅដាក់ទោសអ្នកមិនទទួលស្គាល់កម្មសិទ្ធិ និង លក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈ និង ជាសារវ័ន្ត ហើយត្រូវអនុវត្តចំពោះការប៉ះពាល់ ដែលមានកន្លងមកមុនការប្រកាសឱ្យប្រើច្បាប់នេះ ។
មាត្រា ១៨១.
ចំណែករួមគឺជាកម្មសិទ្ធិអវិភាគរបស់សហកម្មសិទ្ធិករ ។ សហកម្មសិទ្ធិករត្រូវបានធានាការថែទាំចំណែករួម ។ បន្ទុក នៃការថែទាំនេះត្រូវចែកគ្នាតាមសមាមាត្រទៅនឹងតម្លៃ នៃឡូត៍នីមួយៗ ។
មាត្រា ១៨២.
ជញ្ជាំង ដែលខ័ណ្ឌចំណែកឯកជនត្រូវចាត់ទុកជាជញ្ជាំងអឌ្ឍសិទ្ធិដូចមានចែងក្នុងជំពូកទី១១ នៃច្បាប់នេះ ។
មាត្រា ១៨៣.
ចំណែករួម និង សិទ្ធិបន្ទាប់បន្សំទាំងឡាយមិនអាចជាកម្មវត្ថុ នៃការបែងចែក ឬ បង្ខំឱ្យលក់ដាច់ដោយឡែកពីចំណែកឯកជនបានឡើយ ។
មាត្រា ១៨៤.
សហកម្មសិទ្ធិករអាចបង្កើតអង្គការគ្រប់គ្រង ដែលអាចជាក្រុមប្រឹក្សាភិបាល ឬ / និង គណៈកម្មការគ្រប់គ្រងដើម្បីទទួលបន្ទុកកិច្ចការសហកម្មសិទ្ធិ ។ អង្គការគ្រប់គ្រងនេះត្រូវជ្រើសរើស ដោយមហាសន្និបាត ដែលមានការចូលរួមពីសហកម្មសិទ្ធិករទាំងអស់ដោយគិតតាមសមាមាត្រ នៃសារៈសំខាន់ នៃឡូត៍រៀងៗខ្លួន ។ អង្គការគ្រប់គ្រងធ្វើការសម្រេចចិត្តទាក់ទងទៅនឹងការថែទាំសហកម្មសិទ្ធិតាមមតិភាគច្រើន ។ សហកម្មសិទ្ធិករត្រូវគោរពតាមសេចក្ដីសំរេច ដែលបានដាក់ចេញដោយមហាសន្និបាតជាពិសេសទាក់ទងទៅនឹងការថែទាំ និង ការធ្វើឱ្យស្របទៅនឹងលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈ នៃចំណែករួម ។ សហកម្មសិទ្ធិករណាម្នាក់ ដែលមិនព្រមគោរពតាមការសម្រេចរបស់មហាសន្និបាត និង ដោះខ្លួនពីចំណែក នៃបន្ទុក ដែលធ្លាក់មកលើខ្លួន អាចនឹងត្រូវបានប្ដឹងទៅតុលាការដើម្បីបង្ខំឱ្យបង់បន្ទុក ដែលត្រូវបង់ ។ ក្នុងករណីគ្មានការបង្កើតអង្គការគ្រប់គ្រង ការគ្រប់គ្រងសហកម្មសិទ្ធិករត្រូវរ៉ាប់រងផ្ទាល់ដោយសហកម្មសិទ្ធិករទាំងអស់ ដែលធ្វើការសម្រេចជាឯកច្ឆន្ទ ។ បើសិនគ្មានការ យល់ព្រមណាមួយអាចកើតឡើងរវាងសហកម្មសិទ្ធិករទេ ដែលជាហេតុនាំឱ្យការថែទាំមិនល្អ ឬ ថយតម្លៃ នៃសហកម្មសិទ្ធិ សហកម្មសិទ្ធិករទាំងអស់ក្រោយពីមានការព្រមព្រៀងគ្នាអាចប្ដឹងទៅតុលាការឱ្យចាត់អ្នកគ្រប់គ្រងសហកម្មសិទ្ធិម្នាក់ ។ ប្រាក់ឈ្នួលសម្រាប់អ្នកគ្រប់គ្រងជាបន្ទុក នៃសហកម្មសិទ្ធិករទាំងអស់ ។
មាត្រា ១៨៥.
អាជ្ញាធរមានសមត្ថកិច្ចអាចដាក់វិធានការឱ្យសហកម្មសិទ្ធិករ រ៉ាប់រងការថែទាំឱ្យល្អលើចំណែករួម ។ សោហ៊ុយ នៃការថែទាំជាបន្ទុក នៃសហកម្មសិទ្ធិករ ដោយគិតតាមសមាមាត្រទៅនឹងតម្លៃ នៃចំណែករៀងៗខ្លួន ។ សហកម្មសិទ្ធិករ ដែលមិនព្រមចូលរួមទទួលបន្ទុកនេះ ឬ មិនគោរពតាមលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា ២៥៨ នៃច្បាប់ នេះ ។

ជំពូកទី ១១ : អំពីអឌ្ឍសិទ្ធិភាព

មាត្រា ១៨៦.
អឌ្ឍសិទ្ធិភាពគឺជាទម្រង់មួយ នៃកម្មសិទ្ធិរួមអនុវត្តទៅលើជញ្ជាំង និង កំពែង ដែលនៅត្រង់ព្រំខ័ណ្ឌចែកកម្មសិទ្ធិពីរជាប់គ្នា ។ កំពែងក្នុងន័យ នៃច្បាប់នេះគឺសំដៅទៅលើស្នាមភ្លោះ របង និង ភ្លឺ ។

ផ្នែកទី ១ : អំពីជញ្ជាំងអឌ្ឍសិទ្ធិ

មាត្រា ១៨៧.
ការជួសជុល និង ការសាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ជាបន្ទុក នៃអ្នក ដែលមានសិទ្ធិលើទ្រព្យនោះតាមសមាមាត្រទៅនឹងសិទ្ធិ នៃកម្មសិទ្ធិករម្នាក់ៗ ។ រាល់កម្មសិទ្ធិករ ដែលពាក់ព័ន្ធអាចឱ្យរួចពីការចេញថ្លៃជួសជុល ឬ សាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ដោយលះបង់សិទ្ធិ នៃអឌ្ឍសិទ្ធិរបស់ខ្លួនលើកលែងតែជញ្ជាំងអឌ្ឍសិទ្ធិទល់ទ្រអគារ ដែលជារបស់ខ្លួនប៉ុណ្ណោះ ។
មាត្រា ១៨៨.
កម្មសិទ្ធិករណាម្នាក់ នៃជញ្ជាំងអឌ្ឍសិទ្ធិមិនអាចចោះចូលជ្រៅទៅក្នុងជញ្ជាំងអឌ្ឍសិទ្ធិ ឬ ធ្វើការ្យអ្វី ដែលអាចបណ្ដាលឱ្យខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិ ដោយគ្មានការព្រមព្រៀងពីកម្មសិទ្ធិករម្ខាងទៀតឡើយ ។ ក្នុងករណីគ្មានការព្រមព្រៀងគ្នា តម្រូវឱ្យអាជ្ញាកណ្ដាលជាអ្នកជំនាញ ដែលនឹងកំណត់មធ្យោបាយចាំបាច់សម្រាប់ការ្យថ្មី ដែលមិនរំខានដល់សិទ្ធិរបស់កម្មសិទ្ធិករណាម្នាក់ ។
មាត្រា ១៨៩.
កម្មសិទ្ធិករម្នាក់ៗអាចសង់ជាប់នឹងជញ្ជាំងអឌ្ឍសិទ្ធិ និង ដាក់ធ្នឹម និង រនូត ចូលក្នុងជញ្ជាំងអឌ្ឍសិទ្ធិដោយទុកឱ្យដល់ប្រាំសង្ទីម៉ែត្រ តែការងារនេះមិនត្រូវធ្វើឱ្យខូចដល់សិទ្ធិរបស់អ្នកម្ខាងទៀតឡើយ ។ ប្រសិនបើកម្មសិទ្ធិករម្ខាងទៀតនោះមានបំណងសង់ពីម្ខាងត្រង់កន្លែងនោះមកវិញដែរ កម្មសិទ្ធិករនោះអាចមានសិទ្ធិទាមទារឱ្យបន្ថយធ្នឹម និង រនូតនោះមកត្រឹមពាក់កណ្ដាល នៃកំរាស់ជញ្ជាំងវិញ ។
មាត្រា ១៩០.
កម្មសិទ្ធិករ នៃអចលនវត្ថុ ដែលនៅជាប់ជញ្ជាំងណាមួយរបស់កម្មសិទ្ធិករដទៃ មានសិទ្ធិធ្វើជញ្ជាំងនោះឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិទាំងស្រុង ឬ មួយចំណែកដោយសងទៅកម្មសិទ្ធិករ នៃជញ្ជាំងនោះនូវតម្លៃពាក់កណ្ដាល នៃចំណែក ដែលខ្លួនចង់ធ្វើឱ្យទៅជាអឌ្ឍសិទ្ធិ បូកនឹងពាក់កណ្ដាលតម្លៃដី ដែលសង់ជញ្ជាំងពីលើនោះ ។
មាត្រា ១៩១.
កម្មសិទ្ធិករម្នាក់ៗអាចសង់បន្តជញ្ជាំងអឌ្ឍសិទ្ធិឱ្យខ្ពស់ជាងមុនបាន ប៉ុន្តែត្រូវចេញសោហ៊ុយក្នុងការសង់ ការជួសជុលថែទាំជញ្ជាំង ដែលខ្ពស់ហួសកំណត់ដើមនោះតែម្នាក់ឯង ។ ក្រៅពីនេះ កម្មសិទ្ធិករនោះត្រូវចេញសោហ៊ុយសម្រាប់បន្ទុក ដែលកើតមកពីការលើកកំពស់ហួសទៅលើនោះឱ្យសមតាមតម្លៃផង ។
មាត្រា ១៩២.
ប្រសិនបើជញ្ជាំងអឌ្ឍសិទ្ធិមិនមាំមិនអាចទ្រទ្រង់កំពស់ ដែលលើកទៅលើនោះបានអ្នក ដែលចង់លើកឱ្យខ្ពស់នោះអាចរុះរើធ្វើជាថ្មីទាំងអស់ឡើងវិញដោយសោហ៊ុយផ្ទាល់ខ្លួន ។ ឯកំរាស់ជញ្ជាំង ដែលត្រូវធ្វើលើសពីកំរាស់ដើមត្រូវសង់ដាក់ខាងលើដីរបស់ខ្លួន ។
មាត្រា ១៩៣.
កម្មសិទ្ធិករម្ខាងទៀត ដែលមិនបានជួយក្នុងការសង់ឱ្យឡើងខ្ពស់ បើត្រូវការយកសំណង់នោះទុកជារបស់អឌ្ឍសិទ្ធិ នៃខ្លួនដែរ ត្រូវចេញថ្លៃសំណង់ ដែលលើកឱ្យខ្ពស់ពាក់កណ្ដាលបូកនឹងពាក់កណ្ដាល នៃថ្លៃដី ដែលសង់ជញ្ជាំងលើសពីកំរាស់ដើមនោះ ។

ផ្នែកទី ២ : អំពីស្នាមភ្លោះ របង ភ្លឺអឌ្ឍសិទ្ធិ

មាត្រា ១៩៤.
កំពែងអឌ្ឍសិទ្ធិ ដែលបានបង្កើតដោយស្នាមភ្លោះក្ដី ដោយរបងក្ដី ដោយភ្លឺក្ដី ត្រូវតែថែទាំដោយសោហ៊ុយរួម ។ តែបើកម្មសិទ្ធិករណាម្នាក់ចង់ដកខ្លួនចេញពីកាតព្វកិច្ចនេះកម្មសិទ្ធិករនោះអាចធ្វើបានដោយគ្រាន់តែលះបង់អឌ្ឍសិទ្ធិភាពរបស់ខ្លួនចោលប៉ុណ្ណោះ ។ ប៉ុន្តែបើស្នាមភ្លោះ ឬ ភ្លឺនោះ ជាកន្លែងសម្រាប់បង្ហូរទឹកជាធម្មតា សហកម្មសិទ្ធិករមិនអាចលះបង់អឌ្ឍសិទ្ធិរបស់ខ្លួនបានឡើយ ។
មាត្រា ១៩៥.
កម្មសិទ្ធិករ ដែលមានដីជាប់នឹងស្នាមភ្លោះ របង ឬ ភ្លឺណាមួយ ដែលមិនមែនជារបស់អឌ្ឍសិទ្ធិទេ មិនអាចតម្រូវឱ្យម្ចាស់ស្នាមភ្លោះ ម្ចាស់របង ម្ចាស់ភ្លឺនោះដាក់ស្នាមភ្លោះ របង ឬ ភ្លឺនោះជារបស់អឌ្ឍសិទ្ធិឱ្យខ្លួនបានឡើយ ។
មាត្រា ១៩៦.
កម្មសិទ្ធិករ នៃរបងអឌ្ឍសិទ្ធិអាចជួសជុល កែលំអឫរុះរើរបងនោះរហូតដល់ព្រំប្រទល់កម្មសិទ្ធិរបស់ខ្លួនបាន តែត្រូវធ្វើរបងត្រឹមដីរបស់ខ្លួនឡើងវិញ ។ សិទ្ធិនេះអាចប្រើបានក្នុងករណីបើស្នាមភ្លោះ ឬ ភ្លឺអឌ្ឍសិទ្ធិនោះ គ្រាន់តែប្រើប្រាស់ជារបងប៉ុណ្ណោះ ។

មាតិកាទី ៥ : អំពីប្រាតិភោគអចលនវត្ថុ

មាត្រា ១៩៧.
ទ្រព្យជាអចលនវត្ថុអាចបង្កើតជាប្រាតិភោគសម្រាប់ដាក់ធានាការសងបំណុលដោយកម្មសិទ្ធិករ នៃទ្រព្យនោះតាមរយៈហ៊ីប៉ូតែក ឬ ការបញ្ចាំ ឬ ការដាក់ធានា ។

ជំពូកទី ១២ : អំពីហ៊ីប៉ូតែក

មាត្រា ១៩៨.
ហ៊ីប៉ូតែកគឺជាប្រាតិភោគភណ្ឌិក ដែលបើកឱ្យម្ចាស់បំណុលប្ដឹងសុំឱ្យលក់អចលនវត្ថុនោះនៅពេលដល់កំណត់សង ទោះជាអចលនវត្ថុនោះនៅលើដៃជនណាក៏ដោយ ដើម្បីយកប្រាក់មកសងខ្លួន និង ម្ចាស់បំណុលដទៃទៀត ដែលជាអ្នកមានបុព្វសិទ្ធិ និង បុរិមាដោយមិនដកអចលនវត្ថុនោះពីកម្មសិទ្ធិករទេ ។
មាត្រា ១៩៩.
មានតែអចលនវត្ថុ ដែលបានចុះបញ្ជីសុរិយោដីទេ ទើបអាចជាកម្មវត្ថុ នៃហ៊ីប៉ូតែកបាន ។
មាត្រា ២០០.
ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករ នៃទ្រព្យ ដែលបានដាក់ហ៊ីប៉ូតែកជំនួសការសងបំណុលបានឡើយ ។
មាត្រា ២០១.
កិច្ចសន្យាហ៊ីប៉ូតែកត្រូវរៀបចំតាមរូបមន្តយថាភូត ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ឬ អ្នកច្បាប់ណាម្នាក់ ដែលមាននីតិសម្បទាក្នុងរឿងនេះ ។ កិច្ចសន្យាត្រូវតែចុះបញ្ជីនៅអង្គភាពសុរិយោដី ។ អាជ្ញាធរមានសមត្ថកិច្ចក្នុងការតាក់តែងកិច្ចសន្យាហ៊ីប៉ូតែក និង ទម្រង់ នៃការចុះបញ្ជីនឹងកំណត់ដោយអនុក្រឹត្យ ។
មាត្រា ២០២.
កិច្ចសន្យាហ៊ីប៉ូតែកត្រូវសរសេរបញ្ជាក់ឱ្យច្បាស់ពីស្ថានភាព និង ប្រភេទ នៃទ្រព្យសេវភាព ឬ បន្ទុក ដែលកំណត់ដោយបទបញ្ជាទាំងឡាយ និង តម្លៃ នៃទ្រព្យនោះ ។
មាត្រា ២០៣.
ហ៊ីប៉ូតែកច្រើនបន្តបន្ទាប់គ្នាអាចត្រូវបានបង្កើតនៅលើទ្រព្យតែមួយ ។ ម្ចាស់បំណុលម្នាក់ៗប្រើសិទ្ធិតាមលំដាប់អាទិភាព នៃការចុះលេខាចារិកហ៊ីប៉ូតែករបស់ខ្លួន ។
មាត្រា ២០៤.
ប្រសិនបើកសិទ្ធិករ នៃទ្រព្យដាក់ហ៊ីប៉ូតែកមិនសងបំណុលពេលដល់កំណត់ត្រូវសងម្ចាស់បំណុលម្នាក់អាចប្ដឹងសុំឱ្យលក់ទ្រព្យនោះបានដោយមិនគិតពីលំដាប់ នៃហ៊ីប៉ូតែករបស់គេឡើយ ។ ម្ចាស់បំណុលហ៊ីប៉ូតែកនានានឹងត្រូវទទួលសំណងនៅពេលនោះដែរ តាមលំដាប់ នៃហ៊ីប៉ូតែកនីមួយៗ ។
មាត្រា ២០៥ .
ទ្រព្យ ដែលកំពុងដាក់បញ្ចាំមិនអាចដាក់ហ៊ីប៉ូតែកបានឡើយ ។

ជំពូកទី ១៣ : អំពីការបញ្ចាំអចលនវត្ថុ

មាត្រា ២០៦ .
ការបញ្ចាំអចលនវត្ថុគឺជាកិច្ចសន្យា ដែលតាមកិច្ចសន្យានោះ កូនបំណុលប្រគល់ឱ្យម្ចាស់បំណុលរបស់ខ្លួននូវទ្រព្យមួយដើម្បីធានាការសងបំណុល ។ ម្ចាស់បំណុលមានសិទ្ធិសុំឱ្យលក់ទ្រព្យនោះដើម្បីសងបំណុលតាមបុព្វសិទ្ធិ និង បុរិមា ដែលខ្លួនមានជាងម្ចាស់ បំណុលដទៃទៀត ។ ការប្រើប្រាស់ទ្រព្យដាក់បញ្ចាំដោយម្ចាស់បំណុលអាចជំនួសការសងបំណុលនេះជាការប្រាក់តែមួយមុខ ឬ ជាប្រាក់ដើម និង ការប្រាក់ផងក៏បាន បើសិនមានចែងក្នុងកិច្ចសន្យាបញ្ចាំ ។
មាត្រា ២០៧ .
កិច្ចសន្យាបញ្ចាំអចលនវត្ថុត្រូវធ្វើជាលាយលក្ខណ៍អក្សរតាមរូបមន្តលិខិតយថាភូតដោយអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី ។
មាត្រា ២០៨ .
ការបញ្ចាំអចលនវត្ថុចាត់ទុកជាបានការ ហើយតតិយជនមិនអាចជំទាស់បាន លុះត្រាតែកិច្ចសន្យាបញ្ចាំនោះបានធ្វើតាមបញ្ញត្តិដូចមានចែងក្នុងមាត្រា ២០៧ នៃច្បាប់នេះ ។ ការមិនបានចុះបញ្ជីនៅអង្គភាពសុរិយោដីនូវកិច្ចសន្យាបញ្ចាំបណ្ដាលឱ្យថ្លោះសិទ្ធិប្រាតិភោគភណ្ឌិក ហើយម្ចាស់បំណុលមានសិទ្ធិត្រឹមប្ដឹងទារសំណងតាមច្បាប់ជាធរមានប៉ុណ្ណោះ ។
មាត្រា ២០៩ .
ទ្រព្យជាប់កិច្ចសន្យាបញ្ចាំអចលនវត្ថុនឹងត្រូវសងមកកូនបំណុលវិញជាចាំបាច់ចាប់ពីពេល ដែលកូនបំណុលបានសងទាំងស្រុងរួចហើយ ។ ចំពោះកិច្ចសន្យា ដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទផុតកំណត់សងក្នុងរយៈពេល ១០ (ដប់) ឆ្នាំគិតពីថ្ងៃ ដែលបានចុះកិច្ចសន្យាបញ្ចាំមក បើម្ចាស់បំណុលមិនបានដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារឱ្យសងបំណុលទេ ម្ចាស់បំណុលនោះត្រូវបាត់បង់ការធានា នៃការដាក់បញ្ចាំ ។ ចំពោះកិច្ចសន្យា ដែលបានបញ្ជាក់ថ្ងៃកំណត់ឱ្យសងក្នុងរយៈពេល ១០ (ដប់) ឆ្នាំ គិតពីថ្ងៃផុតរយៈពេលសងបំណុល បើម្ចាស់បំណុលមិនបានដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារឱ្យសងបំណុលទេ ម្ចាស់បំណុលនោះត្រូវបាត់បង់ការធានា នៃការដាក់បញ្ចាំ ។ ការបាត់បង់ការធានា នៃការដាក់បញ្ចាំនេះតម្រូវឱ្យម្ចាស់បំណុលប្រគល់អចលនវត្ថុ និង ប័ណ្ណឱ្យកូនបំណុលវិញ តែកូនបំណុលពុំបានរួចពីការសងបំណុលឡើយ ហើយម្ចាស់បំណុលមានសិទ្ធិត្រឹមប្ដឹងទារសំណងតាមច្បាប់ជាធរមានប៉ុណ្ណោះ ។ ការលើកលែងបញ្ចាំ ឬ ការលុបបន្ទុកបញ្ចាំត្រូវធ្វើលេខាចារិកក្នុងបញ្ជីសុរិយោដីតាមការស្នើសុំរបស់កូនបំណុល ឬ ដោយឯកឯង ។
មាត្រា ២១០ .
ក្នុងករណីណាក៏ដោយ ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករ នៃទ្រព្យជាប់កិច្ចសន្យាបញ្ចាំបានឡើយ ។ ខសន្យាណា ដែលផ្ទុយនឹងបទប្បញ្ញត្តិនេះត្រូវទុកជាមោឃៈ ។
មាត្រា ២១១ .
កិច្ចសន្យាបញ្ចាំអចលនវត្ថុអនុញ្ញាតឱ្យម្ចាស់បំណុលមានសិទ្ធិត្រឹមតែប្ដឹងទៅតុលាការឱ្យដាក់លក់អចលនវត្ថុដោយបង្ខំប៉ុណ្ណោះ ដើម្បីសងខ្លួនជាអាទិភាព ដោយបុរិមា និង បុព្វសិទ្ធិមុនម្ចាស់បំណុលដទៃទៀត ។ បើសិនជាក្នុងរយៈពេល នៃកិច្ចសន្យាបញ្ចាំ ម្ចាស់បំណុល ដែលទទួលបញ្ចាំទិញអចលនវត្ថុ ដែលដាក់បញ្ចាំ កិច្ចសន្យាទិញនេះត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី ពុំនោះទេនឹងត្រូវចាត់ទុកជាមោឃៈ ។
មាត្រា ២១២ .
ម្ចាស់បំណុល ដែលបានកាន់កាប់ទ្រព្យដាក់បញ្ចាំ អាចមានសិទ្ធិអាស្រ័យផលពីទ្រព្យនោះដូចជាផលុបភោគីដែរ លុះត្រាតែមានចែងក្នុងកិច្ចសន្យាដាក់បញ្ចាំ ។ ម្ចាស់បំណុលមានកាតព្វកិច្ចថែទាំរក្សាទុកទ្រព្យនោះឱ្យដូចជាទ្រព្យរបស់ខ្លួន ។ បើទ្រព្យនោះខូចខាតដោយអំពើ ឬ កំហុសណាមួយរបស់ខ្លួន ខ្លួនត្រូវសងតម្លៃខូចខាតនោះដោយកាត់ប្រាក់ក្នុងបំណុលបាន ។
មាត្រា ២១៣ .
នៅពេលផុតរយៈពេល នៃកិច្ចសន្យាបញ្ចាំ ដោយកូនបំណុលបានសងប្រាក់អស់វិញក្ដី ឬ ដោយផុតរយៈពេលប្ដឹងដូចមានក្នុងមាត្រា ២០៩ ក្ដី ម្ចាស់បំណុលត្រូវសងមកកូនបំណុលវិញនូវទ្រព្យ ឬ តម្លៃ នៃទ្រព្យ ប្រសិនបើទ្រព្យនេះត្រូវបានវិនាសដោយអំពើ ឬ កំហុសណាមួយរបស់ម្ចាស់បំណុល ។
មាត្រា ២១៤ .
នៅថ្ងៃចប់កិច្ចសន្យាបញ្ចាំ ហើយកូនបំណុលមកសុំលោះទ្រព្យវិញតែម្ចាស់បំណុលមិនព្រមឱ្យលោះ ម្ចាស់បំណុលត្រូវជំពាក់កូនបំណុលវិញនូវផល ឬ ផលទុន ដែលបានមកពីទ្រព្យដាក់បញ្ចាំដោយគិតចាប់តាំងពីថ្ងៃ ដែលកូនបំណុលសុំលោះមក ។
មាត្រា ២១៥ .
បើទ្រព្យជាដី ហើយកិច្ចសន្យាបញ្ចាំមិនបានចែងឱ្យច្បាស់លាស់ពីថ្ងៃកំណត់សងទេ ម្ចាស់បំណុលនៅតែមានសិទ្ធិយកផល ឬ ផលទុន ដែលជាផលកើតមកពីការយកចិត្តទុកដាក់របស់ខ្លួនពីការងាររបស់ខ្លួន និង ពីទុនរបស់ខ្លួន ក្នុងរដូវ ដែលកូនបំណុលសុំលោះ ។ ប៉ុន្តែបើទ្រព្យជាផ្ទះ ហើយកិច្ចសន្យាបញ្ចាំមិនបានចែងឱ្យច្បាស់លាស់ពីថ្ងៃកំណត់សងទេម្ចាស់បំណុលត្រូវប្រគល់ទ្រព្យដាក់បញ្ចាំនោះឱ្យកូនបំណុលគិតពីថ្ងៃ ដែលកូនបំណុលបានសងបំណុល ។
មាត្រា ២១៦ .
ការប្រាក់ត្រូវបានបញ្ចប់ចាប់ពីថ្ងៃ ដែលកូនបំណុលបានសងបំណុលរួច មុនការបញ្ចប់កិច្ចសន្យា ។ ការស្នើសងបំណុលត្រូវបង្ហាញពីចំនួន និង ត្រូវកត់ត្រាក្នុងលិខិត ដែលមានចុះហត្ថលេខាដោយមេឃុំ ឬ ចៅសង្កាត់ជាមួយនឹងហត្ថលេខាកូនបំណុល និង សាក្សីពីរនាក់ ។
មាត្រា ២១៧ .
ការបង់ពន្ធដារនៅតែជាបន្ទុក នៃកូនបំណុល លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះរវាងម្ចាស់បំណុល និង កូនបំណុល ។
មាត្រា ២១៨.
បើកូនបំណុលបានសងបំណុលគ្រប់ចំនួនហើយ ម្ចាស់បំណុលមិនអាចរក្សាទុកទ្រព្យ ដែលបានដាក់បញ្ចាំ ដោយយកលេសថាកូនបំណុលនៅជំពាក់បំណុលមួយផ្សេងទៀតបានទេ ទោះជាបំណុលក្រោយនេះដល់កំណត់ទារហើយក៏ដោយ លើកលែងតែមានកិច្ចសន្យាបញ្ចាំថ្មីមួយទៀតលើទ្រព្យដ ដែលនេះ ហើយបានរៀបចំតាមទម្រង់ នៃច្បាប់ទៀតផង ។ កូនបំណុលអាចប្រើសិទ្ធិខាងលើនេះ លើទាយាទ ឬ លើសិទ្ធិវន្ដ នៃម្ចាស់បំណុលបាន ។

ជំពូកទី ១៤ : អំពីការដាក់ធានា

មាត្រា ២១៩ .
ការដាក់ធានាគឺជាកិច្ចសន្យាមួយ ដែលបានសម្រេចឡើងដើម្បីធានាការសងបំណុល ដែលក្នុងនោះកូនបំណុលប្រគល់ទៅឱ្យម្ចាស់បំណុលរបស់ខ្លួន មិនមែនជាទ្រព្យទេតែជាប័ណ្ណកម្មសិទ្ធិ នៃទ្រព្យនោះ ដែលបានចុះនិទ្ទេសក្នុងបញ្ជីសុរិយោដី ។
មាត្រា ២២០ .
កិច្ចសន្យាដាក់ធានាត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមរូបមន្តយថាភូត និង ត្រូវចុះលេខាចារិកក្នុងបញ្ជីសុរិយោដី ។
មាត្រា ២២១ .
ក្នុងករណីណាក៏ដោយ ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករ នៃទ្រព្យជាប់កិច្ចសន្យាដាក់ធានាបានឡើយ ។ ខសន្យាណា ដែលផ្ទុយនឹងបទប្បញ្ញត្តិត្រូវទុកជាមោឃៈ ។ កិច្ចសន្យាដាក់ធានាអនុញ្ញាតឱ្យម្ចាស់បំណុលមានសិទ្ធិត្រឹមតែប្ដឹងទៅតុលាការឱ្យដាក់លក់អចលនវត្ថុដោយបង្ខំតែប៉ុណ្ណោះ ដើម្បីសងខ្លួនជាអាទិភាពដោយបុរិមា និង បុព្វសិទ្ធិមុនម្ចាស់បំណុលដទៃទៀត ។
មាត្រា ២២២ .
បើកូនបំណុលបានសងបំណុល និង ការប្រាក់រួចហើយតាមពេលកំណត់ ឬ មុនពេលកំណត់ម្ចាស់បំណុលត្រូវបង្វិលប័ណ្ណកម្មសិទ្ធិមកកូនបំណុលវិញដោយធ្វើលេខាចារិកលើកលែងបន្ទុកក្នុងបញ្ជីសុរិយោដី ។
មាត្រា ២២៣ .
កូនបំណុលត្រូវរក្សាទុក គ្រប់គ្រង និង ប្រើប្រាស់ទ្រព្យរបស់ខ្លួន ប៉ុន្តែមិនអាចធ្វើអ្វី ដែលនាំឱ្យបន្ថយតម្លៃទ្រព្យនោះបានជាដាច់ខាត ។
មាត្រា ២២៤. សិទ្ធិវន្ត នៃកូនបំណុល និង សិទ្ធិវន្ត នៃម្ចាស់បំណុលមានកាតព្វកិច្ច និង សិទ្ធិដូចគ្នានឹងកូនបំណុល ឬ ម្ចាស់បំណុលរបស់ខ្លួនដែរ ។
មាត្រា ២២៥ .
ទាយាទ ឬ ប្រតិសិទ្ធិ នៃកូនបំណុលព្រមទាំងសមាជិកទាំងឡាយ នៃគ្រួសារ ដែលអាចប្រកាសថាជាសហកម្មសិទ្ធិករ នៃទ្រព្យដាក់ធានា មានកាតព្វកិច្ច និង សិទ្ធិដូចគ្នានឹងកូនបំណុលដែរ ។

មាតិកាទី ៦ : អំពីសុរិយោដី

ជំពូកទី ១៥ : អំពីរដ្ឋបាលសុរិយោដី

មាត្រា ២២៦ .
កម្មសិទ្ធិលើអចលនវត្ថុត្រូវបានធានាដោយរដ្ឋ ។ តាមគោលដៅនេះ រដ្ឋបាលសុរិយោដីក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់មានសមត្ថកិច្ចធ្វើអត្តសញ្ញាណកម្មទ្រព្យ កសាងប្លង់សុរិយោដី ចេញប័ណ្ណកម្មសិទ្ធិ ចុះបញ្ជីដី និង ផ្ដល់ពត៌មានដល់ជនទាំងឡាយអំពីស្ថានភាពក្បាលដីទាក់ទងនឹងប្រភេទ ទំហំ កម្មសិទ្ធិករ និង បន្ទុកផ្សេងៗ ដែលអាចមានលើក្បាលដីនោះ ។
មាត្រា ២២៧ .
ក្បាលដី ឬ ឯកតាសុរិយោដី គឺជាផ្ទៃដីមួយជាក់លាក់ស្ថិតនៅក្នុងឃុំ ឬ សង្កាត់តែមួយមិនពុះបំបែកដោយព្រំជាប់មិនដាច់ជារបស់ជនម្នាក់ ឬ ច្រើននាក់ក្នុងករណីអវិភាគកម្មហើយប្រើប្រាស់ក្នុងរូបភាពតែមួយ ។ ចាត់ទុកជាព្រំជាប់មិនដាច់ ដែលនាំឱ្យបំបែកក្បាលដីជាច្រើនក្បាលនោះគឺរបងផ្លូវសាធារណៈ ប្រឡាយ និង ផ្លូវទឹក ដែលមានទទឹងយ៉ាងតិចពីរម៉ែត្រ ។
មាត្រា ២២៨ .
ការរៀបចំ និង ការប្រព្រឹត្តទៅ នៃរដ្ឋបាលសុរិយោដី ត្រូវកំណត់ដោយអនុក្រឹត្យស្របតាមបទប្បញ្ញត្តិ នៃច្បាប់នេះ ។
មាត្រា ២២៩ .
រដ្ឋបាលសុរិយោដីមានភារកិច្ចដូចតទៅ : - ធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធតាមបញ្ញត្តិ នៃអនុក្រឹត្យស្ដីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី - ធ្វើការពង្រឹងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ តាមនីតិវិធី ដែលនឹងបញ្ញត្តិដោយអនុក្រឹត្យ - អនុវត្តការអង្កេតវាស់វែងសុរិយោដី នៃក្បាលដីរួមមាន ការកំណត់ព្រំដីការបំបែកក្បាលដី ការបង្រួមក្បាលដី និង ការកឺតម្រូវព្រំប្រទល់ នៃក្បាលដី និង ជាទូទៅរាល់ការប្រែប្រួលអំពីទំហំ ដែលបណ្ដាលមកពីធម្មជាតិ ឬ ដោយស្ម័គ្រចិត្ត - កសាងសៀវភៅគោលបញ្ជីដីហើយធ្វើលេខាចារិកឈ្មោះកម្មសិទ្ធិករ និង រាល់ទិន្នន័យប្រមូលបានទាក់ទងទៅនឹងលក្ខណៈរូប ទំហំ និង អត្តសញ្ញាណ នៃអចលនវត្ថុ ទាំងនោះ - ធ្វើចរន្តការនូវរាល់ការផ្លាស់ប្ដូរប្រែប្រួលទាក់ទងទៅនឹងសិទ្ធិ ដែលកើតឡើងដោយកិច្ចសន្យាផ្ទេរដូចជា ការលក់ ការឱ្យ ការដូរ សន្តតិកម្ម ឬ ពាក់ព័ន្ធនឹងការដូរ ប្រភេទ ឬ ស្ថានភាព នៃដីដូចជា ការសាងសង់ ការចាក់បំពេញដី ការជីកកកាយយកដីជាដើម - អភិរក្សនូវរាល់ឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី បញ្ជីឈ្មោះកម្មសិទ្ធិករ សៀវភៅគោលបញ្ជីដី និង រាល់ឯកសារគតិយុត្តិទាក់ទងទៅនឹងក្បាលដីនីមួយៗ - ចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុជូនកម្មសិទ្ធិករ និង លិខិតបញ្ជាក់ផ្សេងៗទៀតទាក់ទងទៅនឹងក្បាលដី - មានកាតព្វកិច្ចប្រគល់ជូនជន ដែលបានដាក់ពាក្យស្នើសុំប្លង់ថតចម្លង និង ឯកសារពត៌មានទាក់ទងទៅនឹងទីតាំង អត្តសញ្ញាណ ព្រំដី និង សិទ្ធិ ដែលទាក់ទងទៅនឹងក្បាលដី - ធ្វើលេខាចារិកនូវរាល់ហ៊ីប៉ូតែក ការបញ្ចាំ ការដាក់ធានា ការជួលរយៈពេលវែង ឬ សេវភាព ដែលបានបង្កើតឡើងលើទ្រព្យជាអចលនវត្ថុ ហើយផ្ដល់ពត៌មានទៅគ្រប់ជន ដែលសាកសួរមករដ្ឋបាលសុរិយោដី អំពីស្ថានភាព នៃកម្មសិទ្ធិ ដែលជាកម្មវត្ថុ នៃការដាក់ហ៊ីប៉ូតែកដាក់បញ្ចាំ ដាក់ធានា ការជួលរយៈពេលវែង ឬ សេវភាពនោះ ។
មាត្រា ២៣០ .
សោហ៊ុយសេវាផ្សេងៗ ដែលទាក់ទងទៅនឹងការបំពេញភារកិច្ចខាងលើត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
មាត្រា ២៣១ .
រដ្ឋបាលសុរិយោដីថ្នាក់កណ្ដាលជាអគ្គនាយកដ្ឋានសុរិយោដី និង ភូមិសាស្ត្រទទួលបន្ទុករៀបចំសម្របសម្រួល និង ត្រួតពិនិត្យប្រតិបត្តិការទាំងឡាយ នៃការវាស់វែងសុរិយោដី ដែលធ្វើឡើងលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា និង រាល់ប្រតិបត្តិការកសាងប្លង់សុរិយោដី កសាងបញ្ជីឈ្មោះកម្មសិទ្ធិករ កសាងសៀវភៅគោលបញ្ជី និង ចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ។ ក្រៅពីនេះអគ្គនាយកដ្ឋានសុរិយោដី និង ភូមិសាស្ត្រត្រូវកំណត់វិធី និង ស្តង់ដាទាក់ទងនឹងឯកសារ ។
មាត្រា ២៣២ .
រដ្ឋបាលសុរិយោដីខេត្ត -ក្រុង ឬ ស្រុក-ខ័ណ្ឌនីមួយៗត្រូវប្រតិបត្តិរាល់ការណែនាំពីរដ្ឋបាលសុរិយោដីថ្នាក់កណ្ដាល ។ រដ្ឋបាលសុរិយោដីខេត្ត-ក្រុង ឬ ស្រុក-ខ័ណ្ឌ ទទួលធ្វើសម្រង់សុរិយោដីដោយសហការជាមួយអាជ្ញាធរមូលដ្ឋានដទៃទៀត កាន់កាប់សៀវភៅគោលបញ្ជីដីធ្លី ធ្វើចរន្តការជាប្រចាំក្រោមការត្រួតពិនិត្យពីរដ្ឋបាលសុរិយោដីថ្នាក់កណ្ដាលរក្សាទុកឯកសារ និង ផ្ដល់ពត៌មានដល់អ្នកស្នើសុំ ។
មាត្រា ២៣៣ .
រដ្ឋបាលសុរិយោដីស្រុក-ខ័ណ្ឌ ត្រូវផ្ញើច្បាប់ចម្លង នៃសម្រង់ឯកសារសុរិយោដីដល់ឃុំ ឬ សង្កាត់ ដែលពាក់ព័ន្ធ ។ មេឃុំ ឬ ចៅសង្កាត់ត្រូវអនុញ្ញាតឱ្យជនគ្រប់រូបពិគ្រោះយោបល់ហើយត្រូវរាយការណ៍ទៅរដ្ឋបាលសុរិយោដីស្រុក-ខ័ណ្ឌនូវរាល់ការផ្លាស់ប្ដូរ ដែលទាក់ទងទៅនឹងស្ថានភាព នៃកម្មសិទ្ធិករក្នុងមូលដ្ឋានរបស់ខ្លួន ។

ជំពូកទី ១៦ : អំពីសម្រង់សុរិយោដី

មាត្រា ២៣៤ .
សម្រង់សុរិយោដីត្រូវធ្វើតាមបច្ចេកទេស និង វិធីសាស្ត្រកំណត់ដោយអនុក្រឹត្យ ។
មាត្រា ២៣៥ .
ក្នុងករណីចាំបាច់រដ្ឋបាលសុរិយោដីអាចស្នើសុំទៅអាជ្ញាធរដែនដី ឬ អង្គភាពយោធា ឬ នគរបាលឱ្យជួយជ្រោមជ្រែងដល់កិច្ចប្រតិបត្តិការធ្វើសម្រង់សុរិយោដីនៅនឹងកន្លែង ។ គ្មានសមត្ថកិច្ចណាក្រៅពីរដ្ឋបាលសុរិយោដី មានសិទ្ធិកំណត់កម្មសិទ្ធិករ នៃក្បាលដី ប្រភេទដី ឬ ទំហំដីបានឡើយ ។
មាត្រា ២៣៦ .
ជនទាំងឡាយ ជាពិសេសកម្មសិទ្ធិករ និង ជន ដែលពាក់ព័ន្ធមានកាតព្វកិច្ចចូលរួម និង សហការក្នុងការធ្វើសម្រង់សុរិយោដី ។ ជនទាំងនោះត្រូវជួយសម្រួលដល់កិច្ចប្រតិបត្តិការវាស់វែងសុរិយោដី និង ធ្វើអត្តសញ្ញាណកម្មកម្មសិទ្ធិករ ហើយត្រូវរាយការណ៍ពីការផ្លាស់ប្ដូរទាំងអស់ ដែលកើតមានទាក់ទងនឹងក្បាលដីរបស់ខ្លួន និង ស្ថានភាព នៃទីតាំង និង រាល់ការផ្ទេរសិទ្ធិ នៃកម្មសិទ្ធិ ។
មាត្រា ២៣៧ .
ក្នុងករណីមានវិវាទកម្មអំពីទំហំ នៃក្បាលដី ឬ ឈ្មោះ នៃកម្មសិទ្ធិករកើតឡើងក្នុងពេលប្រតិបត្តិការធ្វើសម្រង់សុរិយោដី អ្នកទទួលខុសត្រូវ នៃរដ្ឋបាលសុរិយោដី ត្រូវអញ្ជើញសាមីខ្លួនមកសម្រុះសម្រួល ។ ចំពោះវិវាទកម្ម ដែលកើតក្នុងតំបន់កំពុងធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ គណៈកម្មការរដ្ឋបាលមានភារៈសម្រុះសម្រួលវិវាទកម្មនេះ ។ បើការព្រមព្រៀងមិនអាចប្រព្រឹត្តទៅបាន អ្នកទទួលខុសត្រូវត្រូវបន្តធ្វើអង្កេតវាស់វែងសុរិយោដី ហើយកសាងកំណត់ហេតុ នៃវិវាទនោះ តែមិនមានសិទ្ធិអារកាត់ទេ ។ កាលបើវិវាទកម្មកើតមាននៅពេលប្រគល់ប័ណ្ណ រដ្ឋបាលសុរិយោដីត្រូវប្រកាន់យកតែឈ្មោះកម្មសិទ្ធិករ ដែលបានចុះក្នុងបញ្ជីរបស់ខ្លួនប៉ុណ្ណោះ ។ គ្មានករណីណា ដែលរដ្ឋបាលសុរិយោដីអាចកែប្រែ ឬ ប្រគល់ប័ណ្ណឱ្យបុគ្គលផ្សេងទៀតបានឡើយ ។

ជំពូកទី ១៧ : អំពីបញ្ជីឯកសារសុរិយោដី

មាត្រា ២៣៨ .
រដ្ឋបាលសុរិយោដីមានកាតព្វកិច្ចកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី ។ ប្លង់សុរិយោដីគ្របដណ្ដប់តំបន់ ដែលបានធ្វើការវិនិច្ឆ័យ ដោយមានកំណត់ព្រំប្រទល់កម្មសិទ្ធិសាធារណៈ ឬ / និង កម្មសិទ្ធិឯកជនទាំងអស់ ហើយមានបញ្ជាក់អំពីប្រភេទដីដូចជា ដីដាំដុះ ដីព្រៃ ដីលិចទឹក ដីសរាប់សំណង់ឧស្សាហកម្មជាដើម ។ ការកសាងប្លង់សុរិយោដីត្រូវអនុវត្តតាមនីតិវិធី ដែលត្រូវចែងក្នុងអនុក្រឹត្យស្ដីពីនីតិវិធី នៃការសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី ។ ក្បាលដីកម្មសិទ្ធិនីមួយៗត្រូវមានលេខរបស់វា ។ សៀវភៅគោលបញ្ជីដីបង្ហាញចំពោះលេខក្បាលដីកម្មសិទ្ធិនីមួយៗនូវឈ្មោះកម្មសិទ្ធិករ និង មធ្យោបាយ នៃការធ្វើអត្តសញ្ញាណកម្មក្បាលដី ការពិពណ៌នាអំពីកម្មសិទ្ធិ ទំហំ ក្បាលដី សេវភាព និង បន្ទុកផ្សេងៗលើក្បាលដី ។ រាល់ការកែប្រែទិន្នន័យទាំងឡាយត្រូវតែបានចុះបញ្ជីនៅពេល ដែលរដ្ឋបាលសុរិយោដីបានទទួលដំណឹងនេះ ។ បញ្ជីនេះ ត្រូវបានកាន់កាប់ជា ៣ (បី) ច្បាប់ ដែលមួយច្បាប់ត្រូវបានរក្សាទុកនៅរដ្ឋបាលសុរិយោដីថ្នាក់កណ្ដាល និង ពីរច្បាប់ទៀតរក្សាទុកនៅរដ្ឋបាលសុរិយោដីខេត្ត- ក្រុង និង ស្រុក-ខ័ណ្ឌ ។ សៀវភៅគោលបញ្ជីដីបង្ហាញចំពោះលេខប័ណ្ណកម្មសិទ្ធិនូវហ៊ីប៉ូតែក ការបញ្ចាំ ការដាក់ ធានា និង ការជួលរយៈពេលវែង ដែលអាចដាក់បន្ទុកលើកម្មសិទ្ធិនោះ ។
មាត្រា ២៣៩ .
ប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីមានតម្លៃត្រឹមត្រូវតាមច្បាប់ និង មានអានុភាពច្បាស់លាស់ ។ ប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីមិនត្រូវមានការឆូតលុប ការសរសេរត្រួត ការកែ លើកលែងតែមានការបញ្ជាក់ច្បាស់លាស់ ។ រដ្ឋបាលសុរិយោដីគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការកាន់កាប់នូវបញ្ជីដី និង ភាពជាក់លាក់ នៃប្រតិបត្តិការសម្រង់សុរិយោដី និង កិច្ចការអភិរក្សឯកសារ ។
មាត្រា ២៤០ .
ការសាកសួរពត៌មានសុរិយោដីមិនអាចត្រូវបានប្រកែកចំពោះជន ដែលមានការទាក់ទងឡើយ ។ ពត៌មាន ដែលបានចុះក្នុងសៀវភៅគោលបញ្ជីដីជាកម្មវត្ថុ នៃការប្រគល់ ច្បាប់ចម្លងដោយត្រូវបង់ប្រាក់ ដែលបានកំណត់ក្នុងមាត្រា ២៣០ នៃច្បាប់នេះ ។

ជំពូកទី ១៨ : អំពីប័ណ្ណពត៌មានសុរិយោដី

មាត្រា ២៤១ .
រដ្ឋបាលសុរិយោដីអាចចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនប័ត្របញ្ជាក់ហ៊ីប៉ូតែក សលាកប័ត្រពត៌មាន និង លិខិតបញ្ជាក់សុរិយោដីអំពីប្រភេទ ស្ថានភាពគតិយុត្តិ លក្ខណៈរូប និង បន្ទុក នៃក្បាលដី ដោយផ្អែកលើឯកសារ និង សៀវភៅគោលបញ្ជីដី ។
មាត្រា ២៤២.
វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុត្រូវចេញឱ្យចំពោះតែកម្មសិទ្ធិករ ឬ អ្នកមានសិទ្ធិស្របច្បាប់លើអចលនវត្ថុនោះតែប៉ុណ្ណោះ ។
មាត្រា ២៤៣ .
សលាកប័ត្រពត៌មានសុរិយោដីអាចត្រូវបានផ្ដល់ឱ្យជន ដែលបានស្នើសុំ ។ ភ្នាក់ងារ ដែលបានផ្ដល់ពត៌មាននេះត្រូវទទួលខុសត្រូវចំពោះការផ្ដល់ពត៌មានមិនត្រឹមត្រូវដល់អ្នកស្នើសុំ ។ ពត៌មាន ដែលផ្ដល់ឱ្យមិននាំឱ្យជាប់ការទទួលខុសត្រូវដល់រដ្ឋបាលសុរិយោដីទេ ។
មាត្រា ២៤៤ .
លិខិតបញ្ជាក់សុរិយោដីគឺជាមូលដ្ឋាន នៃការអះអាងជាផ្លូវការមួយ នៃលិខិតគតិយុត្តិ ។ កម្មសិទ្ធិអចលនវត្ថុកើតឡើងដោយលិខិតលក់ អោយ ដូរ ឬ ជំរះមរតក ដែលត្រូវបានធ្វើឡើងដោយបុគ្គល ដែលមាននីតិសម្បទាដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់នេះ ។ លិខិតទាំងនោះត្រូវតែតំកល់ទុកនៅរដ្ឋបាលសុរិយោដី ។
មាត្រា ២៤៥ .
លិខិតលក់ អោយ ដូរ ឬ ជំរះមរតកធ្វើឡើងជាឯកជនមិនអាចចុះបញ្ជីបានឡើយ ។ តតិយជនមិនអាចជំទាស់បាន លុះត្រាតែលិខិតនោះធ្វើឡើងតាមបែបបទ ដែលបានកំណត់ក្នុងមាត្រា ២៤៤ នៃច្បាប់នេះ ។
មាត្រា ២៤៦ .
ប្រសិនបើលិខិតលក់ អោយ ដូរ ឬ ជំរះមរតក បានធ្វើឡើងតាមរូបមន្តយថាភូតដោយ បុគ្គល ដែលមាននីតិសម្បទា ប៉ុន្តែមិនបានចុះបញ្ជីនៅសុរិយោដីទេ លិខិតនោះនៅតែតតិយជនអាចជំទាស់បាន ហើយកម្មសិទ្ធិករ និង សិទ្ធិវន្តត្រូវទទួលខុសត្រូវដោយខ្លួនឯង ក្នុងការខកខានចុះបញ្ជីនេះ ។

មាតិកាទី ៧ : អំពីទោសប្បញ្ញត្តិ

ជំពូកទី ១៩ : អំពីការប៉ះពាល់កម្មសិទ្ធិ

មាត្រា ២៤៧ .
រាល់ការប៉ះពាល់កម្មសិទ្ធិ និង សិទ្ធិច្បាប់ផ្សេងៗទៀតលើអចលនវត្ថុអាចជាបទល្មើសព្រហ្មទណ្ឌអនុលោមតាមបញ្ញត្តិ នៃច្បាប់នេះ ហើយការខូចខាតទាំងឡាយ ដែលបណ្ដាលមកពីអំពើនេះត្រូវដោះស្រាយដោយសំណងរដ្ឋប្បវេណី ។
មាត្រា ២៤៨ .
ត្រូវចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និង សិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុជាបទល្មើសព្រហ្មទ័ណ្ឌក្នុងន័យច្បាប់នេះមាន : - រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី - រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រារាំងអ្នកកាន់កាប់ដោយសន្តិភាព ឬ ភោគី នៃទ្រព្យមួយនៅក្នុងតំបន់មិនទាន់មានប្លង់សុរិយោដី ដែលរបបកម្មសិទ្ធិមិនទានបានពង្រឹងជាស្ថាពរតាមបញ្ញត្តិ នៃច្បាប់នេះ - រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬ មិនប្រក្រតីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមិនស្របតាមមាត្រា ១៧មាត្រា ១៨ និងមាត្រា ១៩ នៃច្បាប់នេះ - រាល់ការបំប្លែងពីសម្បទានមកជាកម្មសិទ្ធិ លើកលែងសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ។
មាត្រា ២៤៩ .
ការប៉ះពាល់កម្មសិទ្ធិក្នុងន័យ នៃមាត្រាខាងលើអាចជាទង្វើរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ ជាទង្វើរបស់សាមញ្ញជន ដែលធ្វើដោយម្នាក់ឯង ឬ ដោយផ្សំគំនិតជាមួយភ្នាក់ងាររបស់អាជ្ញាធរ ។
មាត្រា ២៥០ .
មន្ត្រី ឬ អាជ្ញាធរមានសមត្ថកិច្ច ដែលបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់លើអចលនវត្ថុត្រូវទទួលទោសរដ្ឋបាលបន្ថែមលើទោសព្រហ្មទណ្ឌ និង សំណងរដ្ឋប្បវេណី ។

ផ្នែកទី ១ : អំពីការប៉ះពាល់កម្មសិទ្ធិសាធារណៈ ឬ ឯកជនដោយសាមញ្ញជន

អត្ថបទកូនចំណងជើង

អនុផ្នែកទី ១ : អំពីការប៉ះពាល់កម្មសិទ្ធិឯកជន

មាត្រា ២៥១ .
ជនណា ដែលបានក្លែងប័ណ្ណក្នុងគោលបំណងយកទៅប្រើប្រាស់ជាផ្លូវការ ទោះជាក្នុងរូបភាពអ្វីក៏ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។
មាត្រា ២៥២ .
ជនណា ដែលបានបំភាន់មន្ត្រីសុរិយោដីក្នុងការបំពេញបេសកកម្ម ឬ បំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដីត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ប្រាំសែន) រៀល ដល់ ៣.០០០.០០០ (បីលាន) រៀល ឬ / និង ដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ ។
មាត្រា ២៥៣ .
ជនណា ដែលប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ទោះជាមិនទាន់បានធ្វើប័ណ្ណ ឬ កំពុងមានទំនាស់ក៏ដោយ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ / និង ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ដោយពុំទាន់គិតបញ្ចូលនូវទោសប្រព្រឹត្តអំពើហិង្សាប្រឆាំងមនុស្ស ។ បន្ថែមលើទោសខាងលើ អ្នកប្រព្រឹត្តអំពើហិង្សាត្រូវទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ដែលបណ្ដាលមកពីអំពើហិង្សារបស់ខ្លួន ។ បើអំពើហិង្សាខាងលើត្រូវបានបញ្ជាពីជនដទៃទៀតក្រៅពីអ្នកបង្ក ហើយជននោះមិនបានចូលរួមផ្ទាល់ក្ដី អ្នកបញ្ជានេះក៏ត្រូវទទួលការផ្ដន្ទាទោសដូចអ្នកប្រព្រឹត្តអំពើហិង្សាផ្ទាល់ដែរ ។
មាត្រា ២៥៤ .
គ្មានករណីណាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងឯកជន ដើម្បីធានាចំពោះការគោរពប័ណ្ណកម្មសិទ្ធិ ឬ ចំពោះការប្រតិបត្តិសេចក្ដីសំរេចរបស់តុលាការក្នុងការបណ្ដេញចេញ ឬ ក្នុងការបង្គាប់ឱ្យចាកចេញបានឡើយ ។ ជនណា ដែលប្រើកម្លាំងឯកជនក្នុងហេតុផលនេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣.០០០.០០០ (បីលាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ។
មាត្រា ២៥៥ .
ជនណា ដែលបានលួចលក់ ឬ លួចបញ្ចាំអចលនវត្ថុ ដែលមិនមែនជារបស់ខ្លួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ៣ (បី) ឆ្នាំ ដោយមិនគិតដល់ព្យសនកម្ម ដែលបណ្ដាលមកពីអំពើរបស់ខ្លួន ។
មាត្រា ២៥៦ .
កម្មសិទ្ធិករណា ដែលបានធ្វើការដាំដុះលើដីរបស់ខ្លួន ឬ ប្រគល់ដី ឬ ជួលដីឱ្យតតិយជនដាំដុះដោយចេតនានូវមុខដំណាំ ដែលច្បាប់ ឬ បទបញ្ជាហាមឃាត់ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដល់ ៤៥.០០០.០០០ (សែសិប ប្រាំលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន ។
មាត្រា ២៥៧ .
សហកម្មសិទ្ធិករអវិភាគ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណែករួម ដូចមានចែងក្នុងមាត្រា ១៨០ នៃច្បាប់នេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀលដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល ។ ក្នុងករណីមិនរាងចាលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ទ្វេដង ។
មាត្រា ២៥៨ .
សហកម្មសិទ្ធិករ ដែលមិនព្រមចូលរួមទទួលបន្ទុកថែទាំចំណែករួម នៃសហកម្មសិទ្ធិខ្លួន ឬ មិនគោរពតាមលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈដូចមានចែងក្នុងមាត្រា ១៨៥ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០០.០០០ (ប្រាំសែន) រៀល ដល់៣.០០០.០០០ (បីលាន) រៀល ។

អនុផ្នែកទី ២ : អពីការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ

មាត្រា ២៥៩ .
ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។ ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។ ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្ម ឬ ការរៀបចំ ដែលបានធ្វើលើទ្រព្យនោះឡើយ ។ ក្នុងករណី ដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ មុនច្បាប់នេះចូលជាធរមានហើយមានឯកសារសំអាង និង បញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និង ដើម្បីជាប្រយោជន៍របស់ខ្លួន ដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ ។
មាត្រា ២៦០ .
ជនណា ដែលបានលើកចេញ ឬ រំកិលចេញ ឬ បំផ្លាញចោលនូវបង្គោលស៊ីម៉ងត៍ដៅចំណុចឋានលេខា និង ទីតាំងផ្លាកសញ្ញាសុរិយោដី ត្រូវទទួលការព្រមានពីអាជ្ញាធរមានសមត្ថកិច្ច ។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ប្រាំសែន) រៀល ដល់ ៣.០០០.០០០ (បីលាន) ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ ដោយមិនគិតដល់ព្យសនកម្ម ដែលបណ្ដាលមកពី អំពើរបស់ខ្លួន ។

ផ្នែកទី ២ : អំពីការប៉ះពាល់កម្មសិទ្ធិសាធារណៈ ឬ ឯកជនដោយអាជ្ញាធររដ្ឋបាល

មាត្រា ២៦១ .
មន្ត្រី ឬ អាជ្ញាធរ ដែលបានប្រើអំណាចដោយរំលោភ ទោះមានបញ្ជាក្ដី ឬ គ្មានបញ្ជាក្ដី ដើម្បីដកហូតអចលនវត្ថុពីអ្នកកាន់កាប់ដោយសន្តិភាព ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។ ចាត់ទុកជាការរំលោភមាន ការក្លែងបន្លំ ការកសាងប័ណ្ណដោយបំពាន ការកៀបសង្កត់ ឬ វិធានការសម្ភារៈ ដើម្បីបណ្ដេញចេញធ្វើឡើងចំពោះអ្នកកាន់កាប់អចលនវត្ថុ ។ បើការដកហូតអចលនវត្ថុបានប្រព្រឹត្តទៅដោយអំពើហិង្សា ចារីត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ថែមទៀត ។ អ្នកបញ្ជាដោយរំលោភត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផ្ទាល់ដែរ ។
មាត្រា ២៦២ .
អាជ្ញាធរមានសមត្ថកិច្ច ឬ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរំលោភយកទ្រព្យជាអចលនវត្ថុក្នុងមណ្ឌល ដែលខ្លួនមានភារកិច្ចការពារសណ្ដាប់ធ្នាប់សាធារណៈ និង សន្តិសុខមកធ្វើជារបស់ខ្លួន ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣.០០០.០០០ (បីលាន) រៀល ដល់ ៣០.០០០.០០០ (សាមសិបលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
មាត្រា ២៦៣ .
អាជ្ញាធរមានសមត្ថកិច្ច ដែលព្រងើយកន្តើយ ឬ បណ្ដោយឱ្យសាមញ្ញជនប្រព្រឹត្តដោយរំលោភសិទ្ធិរបស់កម្មសិទ្ធិករ របស់ភោគី ឬ របស់អ្នកកាន់កាប់ដោយសន្តិភាពត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
មាត្រា ២៦៤ .
ការរំលោភធ្វើឡើងដោយមន្ត្រីសុរិយោដីត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ៥.០០០.០០០ (ប្រាំលាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។ រាប់ចូលជាការរំលោភ ការផ្ដល់ទិន្នន័យជាផ្លូវការខុស ការចេញប័ណ្ណកម្មសិទ្ធិខុស ការបិទបាំងហ៊ីប៉ូតែក ឬ បន្ទុកផ្សេងៗ ការបោះគោលព្រំដីខុសដោយចេតនា និង រាល់ការធ្វេសប្រហែសក្នុងការធ្វើលេខាចារិកលើឯកសារសុរិយោដី ។
មាត្រា ២៦៥ .
រាល់ការប៉ះពាល់ធ្វើឡើង ដោយប្រឆាំងនឹងសិទ្ធិលើដីរបស់សហគមន៍ជនជាតិដើមភាគតិចដោយអាជ្ញាធរ ដែលទទួលខុសត្រូវគ្រប់គ្រងតំបន់ ដែលអចលនវត្ថុនោះតាំងនៅ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត ។
មាត្រា ២៦៦ .
ការប៉ះពាល់អចលនវត្ថុរបស់វត្ត ដោយបុគ្គល ដែលទទួលបន្ទុកគ្រប់គ្រងត្រូវបង្ខំឱ្យសងទ្រព្យនោះវិញ និង ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀលដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល ។

មាតិកាទី ៨ : អវសានប្បញ្ញត្តិ

មាត្រា ២៦៧ .
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។
មាត្រា ២៦៨ .
ច្បាប់នេះត្រូវបានប្រកាសជាប្រញាប់ ។

សទ្ទានុក្រម

LEXIQUE

ក . ខ . គ. ឃ . ង

កម្មសិទ្ធិ (propriété) : សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ។ សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និង សិទ្ធិចាត់ចែងលើទ្រព្យ ។
កម្មសិទ្ធិករ (Propriétaire) : ម្ចាស់កម្មសិទ្ធិលើទ្រព្យ និង មានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផល និង សិទ្ធិចាត់ចែងលើទ្រព្យ ដែលជារបស់ខ្លួន ។
កតិកាភេទ (Rescision) : កិរិយាបដិសេធកិច្ចសន្យាណាមួយដោយមកពីកិច្ចសន្យានោះមានវិការៈដល់ឫសគល់ នៃការព្រមព្រៀងគ្នា ។ ក្នុងទីនោះកតិកាភេទ បានន័យថាបដិសេធកិច្ចសន្យាលក់ចោល ដោយមកពីលក់អចលនវត្ថុមានវិការៈអាថ៌កំបាំង ។
កាតព្វកិច្ច (Obligation) : ចំណង នៃសិទ្ធិ ដែលបង្ខំជនម្នាក់ឱ្យផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិណាមួយឱ្យបំពេញនូវកិច្ចការណាមួយ ឬ ឱ្យឈប់បំពេញនូវកិច្ចការណាមួយដល់ជនម្នាក់ទៀត ។
ការជំរះមរតក (Règlement des successions) : កិរិយាធ្វើបញ្ជីទ្រព្យសម្បត្តិរបស់ខ្មោច អោយដឹងថានៅសល់ប៉ុន្មាន បាត់ប៉ុន្មាន ដើម្បីនឹងចែកគ្នារវាងទាយាទ និង ទាយាទ ។
ការ្យ (Ouvrage) : ផលអ្វីទាំងពួង ដែលកើតមកពីស្នាដៃជាង ឬ ស្នាដៃសិល្បករ ។ ឧទាហរណ៍ : តុ ទូ ជាការ្យរបស់ជាង ឯប្រលោមលោកជាការ្យរបស់អ្នកនិពន្ធ ។
កើយ (Balcon) : រានហាលតូចគ្មានសរសរទ្រពីក្រោមទេតែមានបង្កាន់ដៃព័ទ្ធជុំវិញ ។
កូនបំណុល (Debiteur) : ជនជំពាក់ប្រាក់ ឬ ជំពាក់កាតព្វកិច្ចគេ ។
កំពែង (Cloture) : ស្នាមភ្លោះ របង ភ្លឺ ។

ច . ឆ . ជ . ឈ. ញ

ចរន្តការ (Mise a jour) : ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួល ឬ ការផ្លាស់ប្ដូរដោយយោងតាមឯកសារគតិយុត្ដ ។
ចារី (Auteur) : អ្នកប្រព្រឹត្ត អ្នកដៃដល់ ។
ច្បាប់ (Loi) : លិខិតបទដ្ឋានគតិយុត្ត ដែលអនុម័តដោយអង្គការនីតិបញ្ញត្តិ (សភា) និង ចូលជាធរមានតាមរយៈព្រះរាជក្រមប្រកាសអោយប្រើ ។
ឆន្ទានិសិទ្ធិ (Pouvoir discretionnaire) : អំណាច ដែលប្រគល់ដល់អាជ្ញាធរអោយរើសយកមធ្យោបាយណាមួយតាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ ។
ជនជាតិដើមភាគតិច (Indigène) : ជនជាតិខ្មែរដើម ។

ដ . ឋ . ឌ . ឍ. ណ

ត . ថ . ទ . ធ . ន

តតិយជន (Tiers, tièrce) : ជនទីបី ឬ ភាគីទីបីក្នុងរឿង ។ អ្នកដទៃ ឬ អ្នកក្រៅ ។ ឧទាហរណ៍ : អ្នកលក់ និង អ្នកទិញ ជាភាគីទី១ និង ទី២ ។ អ្នកផ្សេងទៀតក្រៅពីអ្នកលក់ និង អ្នកទិញ ហៅថាតតិយជន ។
តីរឋាន (Quai) : ការ្យ ដែលបានកសាងនៅក្នុងកំពង់ផែ ឬ លើច្រាំងទន្លេសម្រាប់នាវាចូលចត សម្រាប់អ្នកដំណើរឡើងចុះនាវា និង សម្រាប់ផ្ទុកទំនិញ និង ដាក់ទំនិញចុះ ។
តែងតាំង (Nommer) : អោយមុខការ អោយគុណភាព ផ្ដល់ឋានៈនាទី ។ ឧទាហរណ៍ : ឈ្មោះ "ក" បានតែងតាំងឈ្មោះ "ខ" ជាទាយាទរបស់ខ្លួន ។
ថ្លោះសិទ្ធិ (Decheance du droit) : ប្រាស់ចាកសិទ្ធិ បាត់បង់សិទ្ធិដោយហេតុទណ្ឌកម្ម ឬ ដោយហេតុមិនបានបំពេញលក្ខខណ្ឌ ដែលច្បាប់ ឬ កិច្ចសន្យាតម្រូវអោយបំពេញក្នុងរយៈពេលមានកំណត់ ។
ទាយាទ (Heritier) : អ្នក ដែលច្បាប់តម្រូវអោយទទួលមរតកពីជនណាម្នាក់ ។ ឧទាហរណ៍ : កូនជាទាយាទរបស់ឪពុក ម្ដាយ ចៅជាទាយាទរបស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស ។
ទ្រព្យសម្បត្តិសាធារណៈ (Domaine public) : ទ្រព្យ ដែលត្រូវរក្សាអោយគង់រូបតាមធម្មជាតិជារបស់វាដើម្បីទុកអោយអ្នករួមសង្គមប្រើប្រាស់ជាអង្វែងទៅដូចជា : ស្ពាន ថ្នល់ ... ។ ល ។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ ដូរ និង គ្មានកំណត់អាជ្ញាកាលទេ ។
ទ្រព្យសម្បត្តិឯកជន (Domaine privé) : ទ្រព្យរបស់សង្គម ដែលមិនសម្រាប់ឱ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិ ដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន ។
ធនលាភ (Rente) : ផល ដែលផ្ដល់អោយមករាល់ឆ្នាំ ដូចជាការប្រាក់ ឈ្នួលដីឈ្នួលផ្ទះជាដើម ។
ធម្មានុរូប (Legitime) : ដែលមានគុណភាពជាអ្វីមួយតាមច្បាប់ ។ ឧទាហរណ៍ : ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប ។ កូន ដែលកើតពីឪពុក-ម្ដាយ ដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬ កូនមានខាន់ស្លា ។
និទាយាទភាព (Desherence) : ភាពឥតអ្នកត្រូវទទួលមរតក ។
និទ្ទេស (Mention) : សេចក្ដី ដែលចុះដោយសង្ខេបនៅលើរឹមទំព័រ ឬ នៅខាងចុងទំព័រ នៃលិខិតណាមួយ ។
និរាករណ៏ (Abrogation) : ការលុបចោលលែងអោយប្រើច្បាប់នោះតទៅទៀត ។
នីត្យានុកូល (Légal) : ដែលកើតមកពីច្បាប់ ដែលច្បាប់តាក់តែងមក ។
នីតិបុគ្គល (Personne morale) : ក្រុមមនុស្ស ដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរតែដទៃពីសមាជិក នៃខ្លួន ។ ឧទាហរណ៍ : ពុទ្ធិកសមាគមជានីតិបុគ្គល ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែរ ។
នីតិបុគ្គល នៃនីតិសាធារណៈ (Personne morale du droit privé) : ក្រុមរាជការសាធារណៈ ។ ឧទាហរណ៍ : រដ្ឋ ខេត្ត ឃុំ ឬ គ្រឹះស្ថានសាធារណៈ ដូចជាសកលវិទ្យាល័យជាដើម ។
នីតិបុគ្គល នៃនីតិឯកជន (Personne morale du droit privé) : សមាគម ក្រុមហ៊ុន ក្រុមមូលនិធិ ។
នីតិវិធី (Procédure) : វិធី ដែលតុលាការប្រើប្រាស់ ដើម្បីចាត់ចែងរឿងក្ដីតាំងពីដើមរហូតដល់ចប់ ។
នីតិសម្បទា (Habilité) : សមត្ថភាព ដែលច្បាប់បើកអោយជនម្នាក់ៗមានយ៉ាងគ្រប់គ្រាន់ដើម្បីធ្វើការអ្វីមួយ ។

ប . ផ . ព . ភ . ម


បទបញ្ជា (Règlement) : លិខិតបទដ្ឋាន ដែលចេញដោយអង្គការ ឬ អាជ្ញាធរមានសមត្ថកិច្ច ។ បទ
ប្បញ្ញត្តិ (Disposition) : សេចក្ដីបញ្ញត្តិរបស់ច្បាប់ ឬ របស់មាត្រាណាមួយ នៃច្បាប់ខសំខាន់របស់លិខិតក្នុងតុលាការ ។
បដិគាហក (Donataire) : អ្នកទទួលអំណោយ
បដិប្បញ្ញត្តិ (Derogation) : ការតាំងបញ្ញត្តិផ្ទុយ ឬ មិនស្រប ។
ប័ណ្ណ (Titre) : លិខិត ដែលមានរូបមន្តយថាភូត ( ដែលមានរូបភាព និង ទម្រង់ត្រឹមត្រូវតាមច្បាប់) សម្រាប់បញ្ជាក់សិទ្ធិណាមួយ ។
ប្លង់សុរិយោដីផែនទីសុរិយោដីប្លង់ក្បាលដី (Plan cadastral) : ប្លង់រួម នៃដីតំបន់ណាមួយ ដែលមន្ត្រីជំនាញសុរិយោដីបានវាស់វែង គួរបំពេញយ៉ាងត្រឹមត្រូវ និង គ្រប់គ្រាន់តាមបទដ្ឋានបច្ចេកទេស ហើយដាក់លេខក្បាលដី ឬ ដីឡូត៍យ៉ាងច្បាស់លាស់ ។
បន្ទុក / ភារៈ / ធុរៈ (Charges) : មុខការ / មុខងារ / អាណត្តិ / ប្រតិកម្ម ដែលជនណាម្នាក់ធ្វើ ឬ បំពេញ ។
បាលិត (Pupille) : កូនកំព្រាជាអនីតិជន ដែលស្ថិតនៅក្រោមអាណាព្យាបាល នៃជនណាម្នាក់ ។
បុព្វសិទ្ធិ (Prerogative) : សិទ្ធិជាពិសេស ដែលឱ្យដាច់ទៅលើមុខងារ ឬ ទៅលើក្រុមនីមួយៗ លើសពីអ្នកដទៃ ។
បុរិមា (Préference) : សិទ្ធិ ដែលបើកអោយជនណាម្នាក់បានអ្វីមួយមុនជនឯទៀត ។
បេតិកភណ្ឌ (Patrimoine) : ទ្រព្យ ដែលជនម្នាក់ៗមាន និង បំណុល ដែលជនម្នាក់ៗជំពាក់គេ ។ ទាំងទ្រព្យ ទាំងបំណុលរបស់ជនម្នាក់ៗហៅថា "បេតិកភណ្ឌ" ។
ប្រតិសិទ្ធិ (Ayant cause) : អ្នកទទួលសិទ្ធិបន្តពីគេដើម្បីប្រកបការរបស់ខ្លួនផង និង ជំនួសគេផង ប្រធាន
សក្កិ (Force majeure) : ព្រឹត្តិការណ៍ ដែលកើតឡើងដោយមិនដឹងជាមុនមិនអាចប៉ាន់ស្មានជាមុនបាន និង មិនអាចជំនះបាន ។
ប្រទានកម្ម (Donation) : ការអោយ-អំណោយ ។
ប្រាតិភោគភណ្ឌិក (Sureté réelle) : ការយកទ្រព្យទៅធានាបំណុល ។ ឧទា: ការបញ្ចាំស្រែជាប្រាតិភោគភណ្ឌិកអចលនវត្ថុ ។ ការបញ្ចាំខ្សែមាសជា ប្រាតិភោគភណ្ឌិកចលនវត្ថុ ។ (ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស) ។
ផលទុន (Revenu) : ផល ឬ ចំណេញ ដែលកើតមកពីប្រាក់ទុន ឬ ពីមូលនិធិ ដែលគេយកទៅប្រកបមុខរបរណាមួយ ។
ផលធម្មជាតិ (Fruit naturel) : ផលិតផល ដែលកើតអំពីដីធ្លី ឬ កូនសត្វស្រុក ដែលកើតពីមេបាវា ។
ផលស៊ីវិល (Fruit civil) : ប្រាក់ ដែលបានមកពីវត្ថុ ឬ ពីប្រាក់ដូចជាការប្រាក់ ឬ ឈ្នួលផ្ទះជាដើម ។
ផលុបភោគ (Usufruit) : សិទ្ធិបរិភោគ និង ប្រើប្រាស់ផល និង ផលទុន ដែលកើតមកពីទ្រព្យជាកម្មសិទ្ធិរបស់អ្នកដទៃ ។
ផលុបភោគី (Usufruitier) : អ្នកបាននូវផលុបភោគ អ្នកស៊ីផល ។
ព្យសនកម្ម (Préjudice) : ការខូចខាត ឬ សេចក្ដីវិនាសអន្តរាយដល់រូបកាយក្ដី ដល់សំភារៈក្ដី ដល់ទឹកចិត្តក្ដី ដែលបណ្ដាលមកពីអំពើរបស់អ្នកដទៃ ។
ព្រឹត្តិការណ៍ (Evenement) : អ្វីៗ ដែលកើតមានឡើង ឬ ដែលប្រព្រឹត្តទៅ ។
ភតិសន្យាបតី (Bailleur) : ម្ចាស់អចលនវត្ថុ ដែលដាក់អចលនវត្ថុជួលអោយអ្នកដទៃ ។
ភាគី (Partie) : គូក្ដី គូសញ្ញា ជនម្ខាងៗ នៃកិច្ចសន្យា ។
ភោគៈ (Possession) : សិទ្ធិ ដែលជនម្នាក់ៗមានលើទ្រព្យណាមួយជាបណ្ដោះអាសន្ន មិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ ។ "ភោគៈ" ជាពាក្យផ្ទុយនឹងកម្មសិទ្ធិ ដែលជាសិទ្ធិពេញបរិបូរណ៍របស់ជនម្នាក់ៗលើទ្រព្យណាមួយ ។ ឧទា: ដីមានប្លង់សុរិយោដី ជាដីកម្មសិទ្ធិ ឯដីមិនទាន់មានប្លង់សុរិយោដី គឺភោគៈ ។
ភោគី (Possesseur) : អ្នកទទួលភោគៈ ។
មធ្យោបាយ (Moyen) : អ្វី ដែលជាគ្រឿងសម្រាប់យកទៅដោះស្រាយកិច្ចការ ឬ បញ្ហាណាមួយ ។
មាតិកា (Titre) : មេសេចក្ដី ដើមសេចក្ដី ចំណែកធំៗ នៃច្បាប់ ។ អត្ថបទច្បាប់ចែកចេញជាគន្ថី គន្ថីចែកចេញជាមាតិកា ។ មាតិកាចែកចេញជាជំពូក ជំពូកនិមួយៗចែកចេញជាផ្នែក ។

យ . រ . ល . វ


យថាហេតុ (Eventualité) : ហេតុ ដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះក៏ត្រូវធ្វើយ៉ាងនោះដែរ ។
យ៉ (Saillie) : ចំណែកផ្ទះ ដែលចេញពីជញ្ជាំងទៅខាងមុខ ។
រូបមន្ត (Formule) : ការងារ ដែលត្រូវបំពេញអោយមានរូបតាមច្បាប់កំណត់ ។
រូបវន្តបុគ្គល (Personne physique) : បុគ្គល ដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គល ដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់ ។
លេខាចារឹក (Inscription) : ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬ បញ្ជីតាមរូបមន្ត ដែលបានកំណត់ដើម្បីគ្រប់គ្រងអចលនវត្ថុអោយបានត្រឹមត្រូវតាមច្បាប់ ។
លក្ខខណ្ឌ (Condition) : គុណភាព ដែលត្រូវមាន ឬ ខ ដែលត្រូវបំពេញអោយគ្រប់ចំនួន ដើម្បីអោយបានសម្រេចបំណងណាមួយ ។
លក្ខណៈ (Caractère) : ភិនភាគ ឬ កពារ កិរិយា បែបបទ ។
លទ្ធកម្ម (Acquisition) : ការបានឡើងជាភោគី ឬ ជាកម្មសិទ្ធិករ នៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្ដី ដោយទិញក្ដី ដោយដូរក្ដី ដោយសន្តតិកម្មក្ដី ។
លិខិតយថាភូត (Acte authentique) : លិខិតធ្វើតាមរូបមន្ត នៃច្បាប់ ដូចជាលិខិតបញ្ជាក់ជាដើម ។
វិធាន (Regle) : មូលសាស្ត្រ ច្បាប់ បន្ទាត់ ។
វិធានការ (Mesure) : មធ្យោបាយ សេចក្ដីប្រយ័ត្ន របៀបចាត់ចែងឡើងដើម្បីបង្ការ ឬ ទប់ទល់នឹងអ្វីមួយ ។
វិការៈអាថ៌កំបាំង (Vice cache) : គុណវិបត្តិ ឬ ការខូចខាត នៃវត្ថុអ្វីមួយ ដែលបានលក់ ហើយ ដែលគេពិនិត្យមើលលើកដំបូងទៅគ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ ។

ស . ហ . ឡ

សន្តតិកម្ម (Succession) : ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់អោយទៅអ្នករស់ ។ មតិក ឬ ទ្រព្យរបស់ខ្មោច ដែលត្រូវបានទៅទាយាន (អ្នកបន្តមតិក) ។

សន្តតិជន (Successor) ជន​ដែល​ទទួល​បន្ត​នូវ​សិទ្ធិ​និង​ករណីយកិច្ច​របស់​មរតកជន​តាម​រយៈ​សន្តតិកម្ម (ជន​ដែល​ទទួល​ទ្រព្យ​សម្បត្តិ​ពី​អ្នក​ស្លាប់) ។
សៀវភៅគោលបញ្ជីដី (Régistre foncier) : បញ្ជីគោលសម្រាប់កត់ត្រានូវខ្លឹមសារ នៃទិន្នន័យ ដែលបង្កើតជាស្ថានភាព នៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ ។ ទាក់ទង នឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់ និង ធ្វើចរន្តការតាមលំដាប់ពេលវេលា ។
សំរង់សុរិយោដី (Relevé cadastral) : សេចក្ដីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និង គតិយុត្តក្នុងវិស័យសុរិយោដី ពីស្ថានភាពជាក់ស្ដែងលើដីយកមកកសាងជាឯកសារសុរិយោដីដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ ។
សម្បទាន (Concession) : អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្ដល់អោយរូបវន្តបុគ្គល ឬ នីតិបុគ្គល សម្រាប់សង់លំនៅឋាន ឬ / និង បង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬ សម្រាប់ធ្វើការដាំដុះធ្វើអាជីវកម្មកសិឧស្សាហកម្មក្នុងទំហំដីធំទូលាយ ពិសេសសម្រាប់អ្នកវិនិយោគទុន (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈកិច្ចសន្យាផ្ដល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ ។
សម្បទានិក (concessionnaire) : អ្នកទទួលបានសម្បទាន ។
សមាមាត្រ (Proportion) : ការ ឬ របស់អ្វីមួយ ដែលសម ដែលល្មមនឹងការ ឬ នឹងរបស់មួយទៀត ។ ឧទា: ទណ្ឌកម្ម ដែលតុលាការបានផ្ដន្ទានេះមានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយគឺថាសមរម្យនឹងអំពើនោះហើយ ។
សមូហភាព (Collectivité) : ជនទាំងឡាយ ដែលមករួមគ្នាជាក្រុម ឬ ជាសម្ព័ន្ធមួយ ។ មនុស្សទាំងអស់ក្នុងឃុំ ឬ ក្នុងស្រុក ឬ ក្នុងក្រុងណាមួយហៅថាសមូហភាព ។
សហកម្មសិទ្ធិ (Co-propriété) : កម្មសិទ្ធិតែមួយជារបស់ប្រជាជនច្រើននាក់ ។ ឧទា: ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ ។ រថយន្តនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយ ដែលទិញនោះ ។
សហកម្មសិទ្ធិករ (Co-propriétaire) : អ្នក ដែលមានសហកម្មសិទ្ធិ ។
សហគមន៍ (Communauté) : អ្វីៗ ដែលជនទាំងឡាយយកមករួមគ្នា ។ ទ្រព្យសហគមន៍គឺទ្រព្យ ដែលប្ដី-ប្រពន្ធរកបានជាមួយគ្នា ។
សហទាយាទ (Co-heritier) : អ្នក ដែលត្រូវចូលរួមក្នុងការចែកមតិកណាមួយ ។
សហព័ទ្ធ (Conjoint) : ប្ដី ឬ ប្រពន្ធ ឬ ទាំងប្ដីទាំងប្រពន្ធ ។
ស្ថាពរ (Definitif) : មាំមួន ជាប់រហូត ។ ឧទា: សាលក្រមជាស្ថាពរគឺសាលក្រម ដែលកាត់សេចក្ដីជាស្រេចដាច់ខាតមិនត្រូវរុះរើទៀតទេ គីថា គូក្ដីមិនអាចប្ដឹងឧទ្ធរណ៍ ប្ដឹងសារទុក្ខបានឡើយ ។
សិទ្ធិវន្ត (Ayant-droit) : អ្នកមានសិទ្ធិលើវត្ថុណាមួយ ។
សិល្បៈការ្យការ្យសិល្បៈ (Ouvrage d'art) : សំណង់ធំៗមានសារៈសំខាន់ ធ្វើអំពីដែក ឬ / និង ស៊ីម៉ងត៍ដូចជា ស្ពាន អង់តែនវិទ្យុ-ទូរទស្សន៍ ផ្លូវរូងក្នុងដី ឬ ភ្នំ ។
សេវភាព (Servitude) : បន្ទុក ដែលផ្ទុកលើអចលនវត្ថុមួយ (ដីបំរើ ឬ ដីក្រោម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយទៀត (ដីប្រើ ឬ ដីលើ) ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត ។ ឧទា: ស្រែក្រោមមានសេវភាពខាងទទួលទឹកពីស្រែលើ ។ ស្រែក្រោមហៅថាស្រែបំរើ ហើយស្រែលើហៅថាស្រែប្រើ ។
ហិតូបត្ថម្ភកៈ (Curateur) : ជន ដែលច្បាប់ចាត់អោយឃុំគ្រងទ្រព្យរបស់អនីតិជន ឬ ទ្រព្យរបស់ ជនល្ងីល្ងើជាដើម ។
ហ៊ីប៉ូតែក (Hypotheque) : [មើល​ពាក្យ​ អ៊ីប៉ូតែក ឬ និក្ខេប]

អច្ឆយទាន (Legs) : សំបុត្របណ្ដាំ ដែលផ្ដាំអោយចែកទ្រព្យមតិកណាមួយអោយទៅជនណាម្នាក់ ឬ ច្រើននាក់ ។
អឌ្ឍសិទ្ធិ (Mitoyen) : ដែលមានសិទ្ធិពាក់កណ្ដាលម្នាក់ ដែលជារបស់ជនពីរនាក់ និង ជាព្រំ នៃកម្មសិទ្ធិ នៃជនទាំងពីរនាក់នោះផង ។ ឧទា: ជញ្ជាំងអឌ្ឍសិទ្ធិគឺជញ្ជាំងរបស់ជនពីរនាក់ ដែលមានផ្ទះជាប់គ្នា ។
អឌ្ឍសិទ្ធិភាព (Mitoyenneté) : ភាព ដែលជាអឌ្ឍសិទ្ធិ ។
អត្តសញ្ញាណ (Identité) : សញ្ញាទាំងអស់ នៃជនម្នាក់ៗ ដែលជាគ្រឿងសំគាល់កុំអោយភាន់ច្រឡំ និង ជនម្នាក់ទៀត ។
អត្តាធិនភាព (Emancipation) : ការបើកអោយក្មេង ដែលនៅក្នុងអនីតិភាពនៅឡើយគ្រប់គ្រងខ្លួន និង ទ្រព្យសម្បត្តិខ្លួនដោយខ្លួនឯង ។
អត្ថគាហក (Beneficiaire) : អ្នក ដែលបានចំណេញ ឬ បានកំរៃពីវត្ថុណាមួយ ពីគុណប្រយោជន៍អ្វីមួយ ឬ ពីឯកសិទ្ធិណាមួយ ។
អនុបយោគ (Desaffectation) : ការលែងប្រើតាមការចាត់ការលុបនូវគម្យស្ថាន នៃអគារសាធារណៈ ។ នៅទីនេះច្បាប់អនុបយោគ ជាច្បាប់ ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយទៅប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈមកជាសម្បត្តិឯកជនរបស់រដ្ឋជាដើម ។
អវយវភេទ (Demembrement) : ការបាក់បែកអវយវៈ ។ ក្នុងច្បាប់ អវយវភេទបានន័យថា ការផ្ទេរសិទ្ធិរបស់ខ្លះរបស់ខ្លួនលើកម្មសិទ្ធិណាមួយអោយទៅអ្នកដទៃ ។
អវិភាគកម្ម (Indivision) : ភាព ដែលចែកគ្នាមិនបាន ។ ឧទា: ផ្ទះមួយជាមរតករបស់កូន ៥នាក់ ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្តរាយជាមិនខាន ។ ដូច្នេះនេះជាមរតកអវិភាគ ។
អសារកម្មសិទ្ធិ (Nue-propriété) : កម្មសិទ្ធិ ដែលឥតអោយផលដល់ម្ចាស់កម្មសិទ្ធិទេ ដោយហេតុថា ម្ចាស់កម្មសិទ្ធិនោះអោយសិទ្ធិខ្លួនទៅអ្នកដទៃស៊ីផល នៃកម្មសិទ្ធិនេះទាំងអស់ ។
អាណាព្យាបាល (Tuteur) : បុគ្គល ដែលមានភារកិច្ចតំណាងអោយអនីតិជន ។
អាជ្ញាធរ (Autorité) : អ្នកទ្រទ្រង់អំណាច អ្នករាជការ ដែលកាន់អំណាច ។
អាជ្ញាយុកាល (Prescription) : មធ្យោបាយម្យ៉ាងសម្រាប់ដោះខ្លួនអោយរួចផុតពីកាតព្វកិច្ចណាមួយ កាលណាបើម្ចាស់កាតព្វកិច្ចនោះបណ្ដែតបណ្ដោយអោយជំពាក់យូរ ពេកមិនទារ ។
អ៊ីប៉ូតែក, ហ៊ីប៉ូតែក,​ និក្ខេប : (En: Mortgage, Fr: Hypothèque) មនុស្ស​ម្នាក់ដែល​ដាក់បញ្ចាំដីឬ អាគារ​នានា(ឬនៅក្នុង​​ករណី​និក្ខេប ចលនវត្ថុ​គឺ​ចលនទ្រព្យ) ដើម្បី​ប្ដូរ យកប្រាក់​​ខ្ចី ។ តាមធម្មតា​និក្ខេប​ មាន​​ជា​ទម្រង់​ណាមួយ​ក្នុងចំណោម ទាំងបីនេះ ៖ ១. កម្មសិទ្ធិ​លើទ្រព្យ សម្បត្តិ​ផ្ទេរដោយ​ជាក់ស្ដែងទាំង មូលឬមួយភាគទៅអោយអ្នកអោយ ខ្ចីប្រាក់ ។​ ២. កម្មសិទ្ធិ​គ្មានផ្លាស់ប្ដូរ អ្វីទាំងអស់​ ហើយនិក្ខេប​មាន​ផល​ ដូចគ្នា​នឹងសិទ្ធិ​ឃាត់ទុក​ដែរ ។ ៣. ទ្រព្យសម្បត្តិ​ត្រូវគេ​ដាក់ទៅក្នុង​ អាណត្តិ​ព្យាបាលភាពជាមួយ មនុស្សឯករាជ្យមួយរហូតទាល់តែ បំណុលបានសងរួចរាល់ ។

ឧបាគមន៍ (Accession) : អំពើ ដែលឈានទៅដល់ ការឈានទៅទទួលបាន (ក្រមរដ្ឋប្បវេណី ចាស់ប្រើ សិទ្ធិដំណុះ) ។