(Go: >> BACK << -|- >> HOME <<)

Jump to content

ការបោះឆ្នោតនៅកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
កម្ពុជា

អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី
នយោបាយ និង រដ្ឋាភិបាល
កម្ពុជា



ប្រទេសដទៃទៀត · សៀវភៅផែនទី
តោរណៈនយោបាយ

ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវដ៍សំខាន់របស់ប្រជាពលរដ្ឋ គ្រប់រូប។

ប្រជាពលរដ្ឋអនុវត្តន៍សិទិ្ធនៃការគ្រប់គ្រងអំណាចដោយខ្លួនឯងតាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។

ការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងសហករមូលដ្ឋាន ឬអ្នកដឹកនាំនៅកម្ពុជា ការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈជាសកលផង និងមានលក្ខណៈអសកលផង។

១. ការបោះឆ្នោត

អេលីសូយ់

ការបោះឆ្នោត គឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែងឆន្ទៈរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត អោយធ្វើជាអ្នកតំណាងរបស់ខ្លួនដោយគិតទៅលើសមត្ថភាពការងារ ទស្សនវិជា្ជក្នុងការដោះស្រាយបញ្ហា និងការបេជ្ញាចិត្តបម្រើសុខសុមាភាពរបស់ប្រជាជន ការខិតខំកសាងប្រទេសជាតិ។

ការបោះឆ្នោត ផ្តល់ឱកាសអោយប្រជាពលរដ្ឋជ្រើសរើសអ្នកតំណាងរបស់ខ្លួន ឬគណបក្សណាមួយក្នុងចំណោមគណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែងគ្នា ធ្វើជាអ្នកដឹកនាំគ្រប់គ្រងប្រទេសជាតិ។

អ្នកបោះឆ្នោតអាចបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលគេបោះឆ្នោតអោយពីអាណត្តិមុនទៀត ប៉ុន្តែប្រសិនបើអ្នកបោះឆ្នោតមិនពេញចិត្តនឹងការងាររបស់អ្នកដឹកនាំក្នុងអាណត្តិមុន គេអាចបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មីទៀតបាន។ សំឡេងឆ្នោតមួយសន្លឹករបស់អ្នកបោះឆ្នោតមានសារៈសំខាន់បំផុតណាស់ សម្រាប់បេក្ខជនម្នាក់ក៍ដូចជាសំឡេងឆ្នោតសម្រាប់ជួយគណបក្សរបស់បេក្ខជននោះផងដែរ ។

២. សិទ្ធិបោះឆ្នោត

សិទ្ធិបោះឆ្នោត ជាសិទិ្ធមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ការអនុវត្តន៍សិទ្ធិបោះឆ្នោតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការពង្រឹងគុណភាពនៃការដឹកនាំគ្រប់លំដាប់ថ្នាក់។ តាមរយៈការបោះឆ្នោតប្រជាពលរដ្ឋមានសិទ្ធិ និងឱកាសបញ្ចេញគំនិតរបស់ខ្លួនដោយសម្ងាត់លើសន្លឹកឆ្នោត ដើម្បីជ្រើសរើសតំណាងដែលមានជាទីទុកចិត្តរបស់ខ្លួនជាអ្នកថ្មី ឬគាំទ្រអ្នកតំណាងចាស់ដែលដឹកនាំល្អអោយបន្តការដឹកនាំជាបន្តទៀត។

អ្នកបោះឆ្នោតមានសិទ្ធិទទួលបានព័ត៌មានអំពីដំណើរការបោះឆ្នោតដោយតម្លាភាព ចូលរួមប្រជុំ និងបញ្ចេញមតិយោបល់ដោយសេរី ដើម្បីពិភាក្សាអំពីបេក្ខជន ឬបេក្ខនារី និងគណបក្សនយោបាយឈរឈ្មោះប្រកួតប្រជែងបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន ដោយគ្មានការគំរាមកំហែង គ្មានការបង្ខិតបង្ខំ គ្មានការភ័យខ្លាច គ្មានអំពើហិង្សា និងគ្មានការទិញសន្លឹកឆ្នោត។ ដើម្បីមានសិទ្ធិបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតត្រូវទៅចុះឈ្មោះ និងពិនិត្យមើលឈ្មោះក្នុងបញ្ជីពោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់។

មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ១៩៩៣ បានចែងថា ៖

" ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះអោយគេបោះឆ្នោត " ។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ៖

"១៨ ឆ្នាំមានសិទិ្ធបោះឆ្នោត។ ២៥ ឆ្នាំអាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត ក្រុមប្រឹក្សារាធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ ៤០ ឆ្នាំអាចឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ "

ប៉ុន្តែ ជាទូទៅ ការបោះឆ្នោតអសកល គឺជាការបោះឆ្នោតដោយប្រតិភូតំណាង។ មានតែក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងសមាជិកសភា(តំណាងរាស្រ្ត) ទើបមានសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងរើសសមាជិកព្រឹទ្ធសភា។ ហើយក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវបានផ្តល់សិទ្ធិជាប្រតិភូតំណាងក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ផងដែរ។

៣. ការឈរឈ្មោះអោយគេបោះឆ្នោត

លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត និងជ្រើសតាំងជាសមាជិកមានលក្ខណៈខុសពីលក្ខព្រឹទ្ធសភានៃការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ បេក្ខជនដែលឈរឈ្មោះអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្តមានលក្ខខណ្ឌស្ទើរតែដូចគ្នានឹងការឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាដែរ ប៉ុន្តែខុសគ្នាតែកម្រិតអាយុប៉ុណ្ណោះ។

បេក្ខជនឈរឈ្មោះអោយគេបោះឆ្នោតជាជ្រើសតាំងជាតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាត្រូវមាន ៖សញ្ជាតិខ្មែរពីកំណើតអាយុ ២៥ ឆ្នាំចំពោះបេក្ខជនតំណាងរាស្រ្ត ហើយអាយុ ៤០ឆ្នាំចំពោះបេក្ខជនសមាជិកព្រឹទ្ធសភា ដោយគិតដល់ថ្ងៃបោះឆ្នោតសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​​ ទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។

រីឯបេក្ខជនដែលត្រូវឈរឈ្មោះអោយគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានលក្ខខណ្ឌដូចខាងក្រាម។

៣.១. ក្រុមប្រឹក្សាឃុំ សង្កាត់

បេក្ខជនដែលឈរឈ្មោះអោយគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ ៖​

  • មានសញ្ជាតិខែ្មរពីកំណើត​
  • មានអាយុយ៉ាងតិច ២៥ ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
  • ចេះអាន និងសរសេរអក្សរខ្មែរ
  • មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ​
  • បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ​ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។​

៣.២. ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

  • បេក្ខជនដែលឈរឈ្មោះអោយគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ ៖​
  • មានសញ្ជាតិខែ្មរពីកំណើត
  • មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត​មានសិទ្ធិបោះឆ្នោត
  • មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ
  • ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជី ត្រឹមត្រូវ តាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។​

៤. ការចុះឈ្មោះបោះឆ្នោត

ការចុះឈ្មោះអ្នកបោះឆ្នោត ជាភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ គណៈកម្មាធិការនេះរៀបចំចាត់ចែងការងារផ្សេងៗសម្រាប់ចុះឈ្មោះអ្នកបោះឆ្នោត រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងរៀបចំដំណើរការទូទៅនៃការបោះឆ្នោត។

ដើម្បីមានសិទិ្ធបោះឆ្នោតបាន ប្រជាពលរដ្ឋទាំងពីរភេទត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងមានប័ណ្ណបោះឆ្នោត ឬវិញ្ញបនបត្រជំនួសប័ណ្ណបោះឆ្នោត។ ដូចនេះ ប្រជាពលរដ្ឋគ្រប់ៗរូបត្រូវទៅចុះឈ្មោះ និងតាមដានពិនិត្យឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតអោយបានទៀងទាត់នៅរៀងរាល់មុនពេលបោះឆ្នោតម្តងៗ។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទិ្ធអាចចុះឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតអោយ និងអាចទទួលបានប័ណ្ណបោះឆ្នោតបាន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖​

  • មានសញ្ជាតិខ្មែរ
  • មានអាយុ ១៨ ឡើងទៅគិតមកទល់ថ្ងៃបោះឆ្នោត
  • មានទីលំនៅនៅក្នុងឃុំ សង្កាត់ដែលសាម៉ីខ្លួនកំពុងសុំចុះឈ្មោះ
  • ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់
  • មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ
  • ពុំមែនជាជនវិកលចរិត ឬជនដែលស្ថិតក្រោមអាណាព្យាបាលដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថានប័នមានសមត្ថកិច្ច។

អ្នកគ្រប់អាយុបោះឆ្នោតត្រូវទៅសុំចុះឈ្មោះបោះឆ្នោត ហើយដើម្បីចុះឈ្មោះបាន គេត្រូវបង្ហាញឯកសារមួយចំនួនដូចជា សំបុត្រកំណើតដែលមានបញ្ជាក់ពីសញ្ជតិខ្មែរ ឬអត្តសញ្ញប័ណ្ណ ឬឯកសារផ្សេងៗទៀត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ពេលអ្នកចុះឈ្មោះបោះឆ្នោតរួចហើយ គេនឹងបញ្ចូលឈ្មោះរបស់អ្នកទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅថ្ងៃបោះឆ្នោតមន្រ្តីរៀបចំការិយាល័យបោះឆ្នោតនឹងប្រើបញ្ជីឈ្មោះនោះ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកបោះឆ្នោតមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតទេ នោះគេមិនអាចមានសិទ្ធិបោះឆ្នោតបានឡើយ។ ដូចនេះ ប្រជាពលរដ្ឋគ្រប់ៗរូបដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតត្រូវតែទៅការិយាល័យរៀបចំការបោះឆ្នោតនៅក្នុងភូមិ ឬឃុំ ឬទីកន្លែងដែលគេកំណត់សម្រាប់តំបន់នោះ ដើម្បីចុះឈ្មោះបោះឆ្នោត។

៥. ដំណើរការបោះឆ្នោត

ដើម្បីអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សអោយបានជោគជ័យនោះ ការរៀបចំដំណើរការបោះឆ្នោត ត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៏ តម្លាភាព គា្មនការបំភិតបំភ័យ គ្មានការគំរាមគំហេង គ្មានការទិញទឹកចិត្ត និងប្រព្រឹត្តទៅដោយទៀតទាត់ពេលវេលា។ ដើម្បីធានាដល់ការដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមត្ថកិច្ចគ្រប់គ្រងរាល់ការបោះឆ្នោត បានអនុម័តគោលការណ៍មួយចំនួនដែលស្របតាមច្បាប់បោះឆ្នោត សម្រាប់ណែនាំដល់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះអោយគេបោះឆ្នោត និងអ្នកបោះឆ្នោតអោយប្រតិបត្តិតាម និងគួរចៀសវាងអ្វីខ្លះដែលផ្ទុយនឹងច្បាប់បានកំណត់។ មធ្យោបាយមួយទៀតដែលអាចធានាអោយការបោះឆ្នោតប្រព្រឹត្តទៅបានដោយត្រឹមត្រូវ យុត្តិធម៏ និងតម្លាភាព គឺត្រូវមានអ្នកសង្កេតការណ៍អព្យាក្រឹត្យមិនលំអៀង និងមិនជ្រៀតជ្រែកទៅក្នុងការដឹកនាំ និងការរៀបចំការបោះឆ្នោតដោយប្រការណាមួយោឡើយ។

ជាធម្មតា ការិយាល័យបោះឆ្នោតនីមួយៗបានត្រូវរៀបចំឡើងនៅតាមកន្លែងផ្សេងៗដែលមានកំណត់នៅក្នុងច្បាប់ដូចជា នៅតាមសាលារៀន ឬអគារសាធារណៈផ្សេងៗ។ អ្នកបោះឆ្នោតម្នាក់ៗ ត្រូវទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដែលគេកំណត់ទុកនៅតាមទីកន្លែងដែលគេរស់នៅ។

នៅថ្ងៃបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោតនៅទូទៅប្រទេស ត្រូវបានគេបើកទ្វារចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ៣ ល្ងាច។ ពេលចូលមកដល់ការិយាល័យបោះឆ្នោត អ្នកបោះឆ្នោតត្រូវបង្ហាញប័ណ្ណបោះឆ្នោតរបស់ខ្លួនដល់មន្រ្តីការិយាល័យរៀបចំការបោះឆ្នោត ដើម្បីអោយគេផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនជាមួយនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ បន្ទាប់ពីបានពិនិត្យឃើញត្រឹមត្រូវហើយ អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតពីមន្រ្តីការិយាល័យរៀបចំការបោះឆ្នោត រួចដើរទៅបន្ទប់សម្ងាត់តែម្នាក់ឯង ដែលពេលនោះអ្នកអាចជ្រើសរើសយកគណបក្សណាមួយដែលខ្លួនពេញចិត្តដោយគូស  ឬ  នៅពីមុខឈ្មោះគណបក្សដែលមាននៅក្នុងសន្លឹកឆ្នោត បន្ទាប់មក គេយកសន្លឹកឆ្នោតដែលគូសដោយសម្ងាត់រួចហើយនោះទៅដាក់ក្នុងហិបឆ្នោត។

ក្រោយពីបានបញ្ចាប់ការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនីមួយៗ មន្រ្តីការិយាល័យរៀបចំការបោះឆ្នោតទាំងអស់ រៀបចំរាប់សន្លឹកឆ្នោតនិងធ្វើកំណត់ហេតុនៃការបោះឆ្នោត រួចហើយបញ្ចូនទៅគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោត។ គណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតនេះដឹកជញ្ជូនសន្លឹកឆ្នោត និងធ្វើកំណត់ហេតុដែលបានមកពីការិយាល័យបោះឆ្នោតនីមួយៗ បន្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបូកសរុបលទ្ធផលដែលគេបានផ្ញើរមកពីការិយាល័យបោះឆ្នោតផ្សេងៗនៅទូទាំងប្រទេស។ ក្រោយពីបានពិនិត្យលទ្ធផល កំណត់ហេតុ និងដោះស្រាយបណ្តឹងតវ៉ាពីគណបក្សនានាចប់សព្វគ្រប់រួចហើយ ទើបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំការប្រកាលទ្ធផលនៃការបោះឆ្នោតនោះជាផ្លូវការ។

6. ការបោះឆ្នោតជាសកល និងអសកល

តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឱ្យព្រះរាជណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជាសកលដោយសេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះបង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។ ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី ថ្ងៃទី ២៣ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយ បាននិមិត្តឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី តាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញមួយដែលត្រូវបានសភាអនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមានការបោះឆ្នោត ៤ ប្រភេទ ៖

ចាប់តាំងពីឆ្នាំ ១៩៩៣ មកព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានរៀបចំឡើងជាការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ និងថ្នាក់មូលដ្ឋានជាបន្តបន្ទាប់រហូតមក។ ដើម្បីផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួនអោយបំពេញការងារ ចាត់ ចែងដឹកនាំការអភិវឌ្ឍសង្គមជាតិ និងបំពេញការងារចាត់ចែងការងារដឹកនាំនៅតាមមូលដ្ឋាន ។ ក្នុងដំណើរការនៃការបោះឆ្នោតកន្លងមកនេះ ការបោះឆ្នោតខ្លះប្រព្រឹត្តទៅតាមលក្ខណៈសកល និងការបោះឆ្នោតខ្លះទៀតប្រព្រឹត្តទៅតាមលក្ខណៈអសកលដូចដែលបានកំណត់នៅក្នុងច្បាប់បោះឆ្នោត។

៦.១. ការបោះឆ្នោតជាសកល

ការបោះឆ្នោតត្រូវបានរៀបចំតាមបែបជាសកល និងជាអសកល។ ដោយឡែកសម្រាប់ ការបោះឆ្នោតជាសកល គឺជាដំណើរការនៃការបោះឆ្នោតមួយដែលប្រជាពលរដ្ឋគ្រប់ៗរូប និងអ្នកមានសិទ្ធិបោះឆ្នោត គឺសំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយមិនប្រកាន់មុខងារ តួនាី ឋានៈអ្វីឡើយ នឹងលើកលែងតែមានហេតុផលមួយចំនួនដែលច្បាប់បានកំណត់ដូចជា ករណីជនវិកលចរិតជាដើម។ផ្អែកតាមច្បាប់បោះឆ្នោត ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាការបោះឆ្នោតជាសកលដោយមានការចូលរួចផ្ទាល់ពីប្រជាពលរដ្ឋទូទៅ។

៦.១.១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ ឆ្នាំ មុនថ្ងៃបោះឆ្នោត)។ តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅតាមបែបសកល សម្ងាត់ សេរី ពហុបក្ស។ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ៣ ល្ងាច។ ចំនួនអាសនៈ ១២៥ នឹងត្រូវធ្វើការបែងចែកទៅតាមប្រព័ន្ធ ​សមាមាត្រដោយយករាជធានី និងខេត្តជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។

យុទ្ធនាការនៃការឃោសនាបោះឆ្នោត ការឃោសនាបោះឆ្នោតនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមានរយៈពេល ៣០ ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោសនាបោះឆ្នោតជាសាធារណៈទេ។

៦.១.២ . ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ រាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត ប្រកាន់យកយន្តការសកល សម្ងាត់ ហើយបែងចែកអាសនៈតាមប្រព័ន្ធ សមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល (មណ្ឌលបែងចែកអាសនៈមាន ១.៦២១ មណ្ឌល ឬឃុំ សង្កាត់) ។ ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។ ការិយាល័យបោះឆ្នោតត្រូវបើកនៅម៉ោង ៧:០០ នាទី រហូតដល់ ម៉ោង ៣:០០ នាទី។

យុទ្ធនានៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ការឃោសនាបោះឆ្នោតនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ មានរយៈពេល ១៥ ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។

បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន ៖

  • សញ្ជាតិខែ្មរពីកំណើត
  • អាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត
  • ចេះអាន និងសរសេរអក្សរខ្មែរ
  • មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
  • បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។​

៦.២. ការបោះឆ្នោតជាអសកល

ការបោះឆ្នោតអសកល អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ និងសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាងណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្នគ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។ ការបោះឆ្នោតជាអសកល គឺជាដំណើរការនៃការបោះឆ្នោតមួយដែលមានលក្ខណៈខុសពីការបោះឆ្នោតជាសកលពីព្រោះប្រជាពលរដ្ឋជាទូទៅមិនមានសិទ្ធិទៅបោះឆ្នោតបាននោះទេ។ដំណើរការនៃការបោះឆ្នោតនេះ អាចចូលរួមបានតែតំណាងរបស់ប្រជាពលរដ្ឋមួយចំនួនដែលគេបានកំណត់ទុលជាស្រេចដូចមានចែងនៅក្នុងគ្រប់ច្បាប់បោះឆ្នោត។ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាគឺជាការបោះឆ្នោតអសកល។ អ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា គឺមានតំណាងរាស្រ្តចំនួន ១២៣ រូបក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រីឯអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងតែប៉ុណ្ណោះ។​

៦.២.១. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រកាន់យកលក្ខណៈសកល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើងដោយការបោះឆ្នោតអសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយនីមួយ កំណត់ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុមប្រឹក្សា ដូចជា ៖

  • ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់មិនលើសពី ២១ រូប
  • ក្រុមប្រឹក្សាខេត្ត មានចំនួន ពី ៩ រូប ដល់ ២១ រូប
  • ក្រុមប្រឹក្សាក្រុង មានចំនួន ៧ រូប ទៅ ១៥ រូប
  • ក្រុមប្រឹក្សាស្រុក និងខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាចាប់ផ្តើមពី ៧ នាទីព្រឹក រហូតដល់ម៉ោង ៣ល្ងាច។
  • យុទ្ធនានៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • ការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។

បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន ៖

  • មានសញ្ជាតិខែ្មរពីកំណើត
  • មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
  • មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ
  • ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជី ត្រឹមត្រូវ តាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ អ្នកដែលមានសិទ្ធិទៅបោះឆ្នោត គឺជាសមាជិកប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។​

៦.២.២. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា

ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាត្រូវបោះឆ្នោតតាមបែបអសកល មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល លើកលែងករណីសង្រ្គាម ឬកាលៈទេសៈពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវ បែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតត្រូវរៀបចំជា ភូមិភាគ ៖

  • ភូមិភាគទី១ ក្រុងភ្នំពេញ មាន ៦ អាសនៈ
  • ភូមិភាគទី២ ខេត្តកំពង់ចាម មាន ៨ អាសនៈ
  • ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ
  • ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ
  • ភូមិភាគទី៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ
  • ភូមិភាគទី៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ
  • ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងព្រះសីហនុ មាន៨អាសនៈ
  • ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី មាន ៦ អាសនៈ។

សមាជិកព្រឹទ្ធសភាមានយ៉ាងច្រើន ស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល (ក្នុងនោះសមាជិក ២ រូប តែងតាំងដោយព្រះមហាក្សត្រ សមាជិក ២ រូប ត្រូវរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន សមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល) ការបោះឆ្នោតប្រព្រឹត្តិទៅចាប់ពីម៉ោង ៧:០០ នាទី រហូតដល់ម៉ោង ៣:០០ នាទី (អ្នកមានសិទ្ធិបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចអនុញ្ញាតឱ្យបោះឆ្នោត ក្រោយម៉ោង ៣:០០ នាទីបាន) ផ្ទុយទៅវិញ ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតបានបោះឆ្នោតគ្រប់គ្នាហើយ គណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង ៣ នាទី បាន។

យុទ្ធនានៃការឃោសនាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា

សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។

បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត លក្ខខណ្ឌនៃការឈរឈ្មោះបោះឆ្នោតអោយគេបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន ៖

  • សញ្ជាតិខែ្មរពីកំណើត
  • អាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត
  • មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
  • មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត
  • នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

៦.២.៣. អ្នកដែលមានសិទ្ធិបោះឆ្នោត ឬហៅថា អង្គបោះឆ្នោត ឬប្រតិភូតំណាង

ជាទូទៅ ការបោះឆ្នោតអសកល គឺជាការបោះឆ្នោតដោយប្រតិភូតំណាង។ ក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងសមាជិកសភា(តំណាងរាស្រ្ត) ទើបមានសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងរើសសមាជិកព្រឹទ្ធសភា។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវបានផ្តល់សិទ្ធិជាប្រតិភូតំណាងក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ផងដែរ។

៧. សារៈប្រយោជន៍នៃការបោះឆ្នោត

អំណាចនយោបាយដឹកនាំប្រទេសតាមបែបក្របខ័ណ្ឌប្រជាធិបតេយ្យ សេរីពហុ-បក្ស នៅក្នុងប្រទេសនីមួយៗស្តែងឡើងតាមរយៈការបោះឆ្នោតប្រកបទៅដោយសេរី យុត្តិធម៏ តម្លាភាព និងស្មើភាព។ល។ សន្លឹកឆ្នោតមួយសន្លឹករបស់ម្ចាស់ឆ្នោត គឺជាការកំណត់ជោគវាសនារបស់ប្រទេសជាតិ និងមានសារៈប្រយោជន៍ដល់ជាតិ និងសារៈប្រយោជន៍ដល់ខ្លួនឯងផង។

  • ប្រទេស និងជាមា្ចស់សិទ្ធិអំណាច គឺមានសារៈប្រយោជន៍សម្រាប់ ៖
  • ជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន
  • ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី គ្មានការប្រើអំពើហិង្សា
  • ធ្វើអោយអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្
  • ធ្វើអោយតំណាងរបស់ប្រជាពលរដ្ឋថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានការទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្
  • លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរ
  • អនុវត្តន៍សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ
  • ធានាការពារការប្រតិបត្តិសិទ្ធិសេរីទាំងអស់របស់បុគ្គលគ្រប់ៗរូបអភិវឌ្ឍសេដ្ឋកិច្ចជាតិ
  • កំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។